
TNAOT News
· 06-12
សម្តេចធិបតី លើកឡើង៤ចំណុចពីបញ្ហាព្រំដែនកម្ពុជា-ថៃ នៅចំពោះមុខប្រធានាធិបតីបារាំង
#សម្តេចធិបតី ហ៊ុន ម៉ាណែត# #NEW NEWS# #ព្រំដែនកម្ពុជា-ថៃ# #សង្គម# #តុលាការកំពូល# #ប្រទេសបារាំង# #ព័ត៌មានសង្គម#
2301
គោលជំហររបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺដោយសន្តិវិធី យុត្តិធម៌ និងជាដំណោះស្រាយជាស្ថាពរ។ នេះបើតាម ឯកឧត្តម ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ក្រោយជំនួបទ្វេភាគីរវាងឯកឧត្តមប្រធានាធិបតីបារាំង Emmanuel Macron សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានពិភាក្សាអំពីបច្ចុប្បន្នភាពនៃរឿងរ៉ាវវិវាទព្រំដែនជាមួយថៃ។ ជាក់ស្តែង ទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ឯកឧត្តមប្រធានាធិបតីបារាំង បានជម្រាបជូនសម្តេចធិបតី ថានឹងសម្របសម្រួលផ្តល់ឯកសារសម្រាប់ប្រទេសទាំងពីរ ខណៈឡើងក្តីក្តាំនៅតុលាការក្រុងឡាអេ បើសិនជាចាំបាច់។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានលើកឡើងពីបញ្ហាព្រំដែនកម្ពុជា-ថៃ នៅចំពោះមុខប្រធានាធិបតីបារាំង ដើម្បីបញ្ជាក់ពីគោលជំហរ របស់កម្ពុជាតែប៉ុណ្ណោះ គ្មានឡើយគោលដៅផ្សេង ហើយគោលជំហររបស់កម្ពុជាគឺ៖ ទី១ កម្ពុជានៅតែបន្តរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយថៃ។, ទី២ កម្ពុជាច្បាស់ណាស់យកករណីតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ។, ទី៣ កម្ពុជានឹងបន្តសហការជាមួយភាគីថៃ ដើម្បីជំរុញការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនដែលនៅសេសសល់ ក្រៅពីតំបន់ទាំងបួនខាងលើ ដោយប្រើប្រាស់យន្តការដែលមានស្រាប់ ដូចជាគណៈកម្មការចម្រុះកិច្ចការព្រំដែន (JBC)។ និងទី៤ បន្តទំនាក់ទំនងកម្ពុជា-ថៃ តាមរយៈគ្រប់យន្តការដែលមានស្រាប់ សម្រាប់ជាឧត្តមប្រយោជន៍នៃប្រជាជនទាំងពីរ និងប្រទេសទាំងពីរ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៥ ខែមិថុនា កន្លងទៅ នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra បញ្ជាក់ថា ប្រទេសថៃមិនទទួលយកយុត្តាធិការរបស់តុលាការ ICJ តាំងពីឆ្នាំ១៩៦០ មកម្ល៉េះ។ ខណៈសកម្មជនជ្រុលនិយមថៃ បន្តទាមទារឲ្យលុបចោលMOU ឆ្នាំ២០០០, កែប្រែពាក្យតំបន់ស ទៅជាតំបន់ដែនដីថៃ, ប្រកាសប្រាប់អន្តរជាតិថាប្រាសាទទាំងបី និងតំបន់មុំបីជារបស់ថៃផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)