បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-12

ការជួសជុលស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលានឹងបញ្ចប់នៅដើមកក្កដាខាងមុខនេះ

#ប្រាសាទបេងមាលា# #ស្ពានហាលខាងកើត# #NEW NEWS# #សង្គម# #អភិរក្សជួសជុល# #ព័ត៌មានសង្គម#

2572

យោងតាមអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា រហូតមកដល់ពេលនេះដំណើរការជួសជុសស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលាបានសម្រេចលទ្ធផលប្រមាណ ៩០ភាគរយហើយ។

បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា អ្នកស្រី បឿត សុប៉ាក បានឱ្យដឹងថា រយៈពេលជាង១៤ខែមកនេះ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានជួយសង្គ្រោះរចនាសម្ពន្ធជាច្រើនកន្លែងរបស់ស្ពានហាលខាងកើតនៃប្រាសាទបេងមាលាដែលធ្លាប់តែទ្រុឌទ្រោមខ្លាំង ឱ្យរឹងមាំឡើងវិញ។ ជាមួយគ្នានេះ ក្រុមការងារបានពង្រឹងគ្រឹះរួចរាល់នៅផ្នែកខាងជើង និងខាងត្បូង រៀបកម្រាលដេញពីលិចទៅកើត ដំឡើងបង្កាន់ដៃនាគ តួខ្លួននាគ ក្បាលនាគចំនួន៣ ជើងទម្រនាគ ធ្នឹម និងសសរសងខាងស្ពាននៅផ្នែកខាងជើង និងត្បូងជិតរួចរាល់ដែរ។

អ្នកស្រី បឿត សុប៉ាក បញ្ជាក់ទៀតថា បច្ចុប្បន្នការជួសជុលនៅផ្នែកខាងជើងរបស់ស្ពានហាលខាងកើតនៃប្រាសាទបេងមាលាសម្រេចបានប្រមាណជាង៩០ភាគរយ ដែលនៅសេសសល់ តែការងារខ្លះ ដូចជា ពង្រឹងគ្រឹះនៅផ្នែកខាងកើត ដំឡើងក្បាលនាគ១ទៀត និងកម្រាលនៅផ្នែកគល់ស្ពានខាងកើតប៉ុណ្ណោះ។

កាលពីមិនទាន់ជួសជុល ស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលា មានស្ថានភាពទ្រុឌទ្រោមខ្លាំង ដោយខ្លួននាគបានរលុះធ្លាក់អស់ ផ្នែកខ្លះនៃគ្រឹះស្ពានបានស្រុត និងមានឬសឈើដុះចាក់ចូលបង្កឱ្យរងការខូចខាត។ បន្ថែមលើនេះ ដោយសារតែកត្តាអាយុកាលនៃសំណង់ ព្រមទាំងកត្តាធម្មជាតិបានធ្វើឱ្យរចនាសម្ពន្ធស្ពានហាលនេះមានសភាពទ្រុឌទ្រោមខ្លាំង។

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមដំណើរការជួសជុលស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលា ក្រោមមូលនិធិពិសេសរបស់គម្រោងមេគង្គ-ឡានឆាង តាំងពីពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់នៅដើមខែកក្កដា ឆ្នាំ២០២៥ខាងមុខ។

ក្រុមអ្នកជួសជុលរំពឹងថា ក្រោយពីបញ្ចប់ការជួសជុលស្ពានហាលនេះ នឹងមានសភាពរឹងមាំសម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយ។ បច្ចុប្បន្នស្ពានហាលនេះ មានភ្ញៀវទេសចរបានទៅទស្សនាបណ្តើរៗ ហើយនឹងបើកឱ្យទេសចរឆ្លងកាត់ផង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

អូនតា លេខកូដ63230368

· 06-13

👍👍👍

សហ្វីយ៉ា កំពូលស្នេហ៍

· 06-13

😯😯😯😯

  • 1
ទៅកាន់