
Project Inspire
· 2020-11-14
តើអ្វីទៅជា SMART goals (គោលដៅឆ្លាតវៃ)?
#ចំណេះដឹង# #Peter Drucker# #SMART# #អប់រំ និងការងារ# #goals#
16211
តើពេលខ្លះអ្នកដែលមានអារម្មណ៍ថាអ្នកខិតខំប្រឹងប្រែងដែរ ប៉ុន្តែការងារមិនបានសម្រេចដូចការរំពឹងទុកទេ? តើពេលខ្លះអ្នកដែលមានអារម្មណ៍ថាសមត្ថភាពជំនាញរបស់អ្នកនៅមានកម្រិតហើយការអភិវឌ្ឍទៀតសោតមិនសូវមានលទ្ធផលអ្វីឡើយ? តើពេលខ្លះអ្នកដែលពិបាកក្នុងការនឹកស្រម៉ៃថារយៈពេល៥ឆ្នាំទៀត ជីវិតអ្នកនឹងប្រែក្លាយទៅជាយ៉ាងណាទេ? ប្រសិនបើអ្នកកំពុងតែជួបប្រទះបញ្ហាទាំងអស់នេះ មានន័យថាអ្នកមិនទាន់បានរៀបចំបង្កើតគោលដៅឆ្លាតវៃឬភាសាអង់គ្លេសហៅថា SMART goals នៅឡើយទេ។ អត្ថបទនេះនឹងពន្យល់ប្រាប់អ្នកថាអ្វីទៅជា SMART goals ហើយត្រូវប្រើប្រាស់ SMART goals យ៉ាងដូចម្តេចដើម្បីអោយមានប្រសិទ្ធិភាព?
១. អ្វីទៅជា“SMART goals”?
និយមន័យទូទៅរបស់ SMART goals គឺសំដៅលើការមានផែនការគោលដៅច្បាស់លាស់ មានការផ្តោតសំខាន់ខ្ពស់លើការខិតខំប្រឹងប្រែងដើម្បីអោយសម្រេចបានគោលដៅ ធ្វើអោយមានផលិតភាពលើការប្រើប្រាស់ពេលវេលានិងធនធានសក្តានុពលដែលខ្លួនឯងមាន និងបង្កើនឱកាសដើម្បីអោយសម្រេចជោគជ័យលើគោលដៅដែលបានកំណត់។
លក្ខណៈភស្តុតាងវិនិច្ឆ័យដំបូងលើសក្តានុពលភាពនៃ SMART goals នេះត្រូវបានសន្មត់ឡើងដោយលោក Peter Drucker តាមបរិបទនៃការគ្រប់គ្រងដោយមានទិសដៅឬយន្តការ (Management by Objectives Concept)។ វត្តមាននៃការប្រើប្រាស់SMART goals ដំបូងត្រូវបានកើតមានឡើងនៅឆ្នាំ1981ដោយការចេញសម្រង់បូកសរុបលទ្ធផលការងារ Management review របស់លោក George T. Doran។ ចាប់តាំងពីពេលនោះមក សាស្ត្រចារ្យនៅសកលវិទ្យាល័យ Saint Louis លោក Robert S. Rubin បានសរសេរអត្ថបទអំពី SMART goals សំរាប់អង្គភាពជំនាញ SIOP (Society for Industrial and Organizational Psychology) ដែលគាំទ្រលើវិទ្យាសាស្រ្ត ការអនុវត្ត និងបង្រៀនស្តីពី I/O Psychology (ចិត្តសាស្រ្តក្នុងការប្រតិបត្តិលើវិស័យឧស្សាហកម្មនិងការងារ) ដោយលោកបានបកស្រាយនិយមន័យនៃពាក្យ SMART កាន់តែស៊ីជម្រៅថែមទៀត។ ដើម្បីអោយអ្នកទាំងអស់គ្នាយល់ពីអត្ថន័យនៃ SMART goals កាន់តែច្បាស់នាងខ្ញុំនឹងបង្ហាញពីអត្ថន័យគោលនៃពាក្យកាត់ក្នុងពាក្យថា SMART។
- ពាក្យពេញរបស់ S គឺ Specific សំដៅលើភាពប្រាកដប្រជា
- ពាក្យពេញរបស់ M គឺ Measurable មានន័យថាការអាចវាស់វែងបាន
- ពាក្យពេញរបស់ A គឺ Attainable បានន័យថាការដែលអាចសម្រេចបាន
- ពាក្យពេញរបស់ R គឺ Relevant សំដៅលើភាពជាប់ពាក់ព័ន្ធ
- ពាក្យពេញរបស់ T គឺ TimeBound សំដៅលើការកំណត់ពេលវេលាជាក់លាក់
ចំណុចបន្ទាប់នៃអត្ថបទនេះនឹងប្រាប់អ្នកទាំងអស់គ្នានូវខ្លឹមសារលំអិតទាក់ទងនឹង SMART goals និងវិធីសាស្ត្រក្នុងការប្រើប្រាស់វាប្រកបដោយប្រសិទ្ធិភាព។
២ . វិធីសាស្ត្រក្នុងការប្រើប្រាស់ SMART goals ដើម្បីទទួលបានប្រសិទ្ធិភាពខ្ពស់
Paul J. Meyer ជាអ្នកធុរកិច្ចដ៍ជោគជ័យម្នាក់ហើយក៏ជាអ្នកនិពន្ធសៀវភៅនិងជាស្ថាបនិកនៃគេហទំព័រ Success Motivation International បានពិពណ៍នាយ៉ាងលំអិតលើន័យនិងលក្ខណៈសម្បត្តិនៃពាក្យ SMART goals នៅក្នុងសៀវភៅ "Attitude Is Everything" របស់លោកនាឆ្នាំ2003។
ដូច្នេះនាងខ្ញុំនឹងសង្ខេបន័យនៅក្នុងសៀវភៅរបស់លោក ដើម្បីអោយអ្នកទាំងអស់គ្នាកាន់តែជ្រាបច្បាស់បន្ថែមលើ SMART goals។
1. ភាពប្រាកដប្រជា Specific
អ្នកត្រូវតែកំណត់គោលដៅរបស់អ្នកអោយច្បាស់និងប្រាកដប្រជា បើមិនដូច្នេះទេអ្នកនឹងមិនអាចផ្តោតសំខាន់លើការងារឬមានឆន្ទៈក្នុងការសម្រេចគោលដៅនោះឡើយ។ នៅពេលព្រៀងរៀបចំគោលដៅ អ្នកគួរគិតនិងវិភាគលើសំណួរ 5Ws។
សំណួរ 5Ws នោះរួមមាន៖
- What do I want to accomplish? (តើអ្វីដែលខ្ញុំចង់សម្រេច?)
- Why is this goal important? (ហេតុអ្វីបានជាគោលដៅនេះមានសារៈសំខាន់?)
- Who is involved? (តើអ្នកណាខ្លះដែលពាក់ព័ន្ធ?)
- Where is it located? (តើត្រូវធ្វើវាឡើងនៅកន្លែងណា?)
- Which resources or limits are involved? (តើធនធានឬកម្រិតសមត្ថភាពអ្វីខ្លះដែលត្រូវមានដើម្បីសម្រេចគោលដៅនេះ?)
ឧទាហរណ៍៖ អ្នកជាអ្នកប្រតិបត្តិនៃផ្នែកទីផ្សារហើយអ្នកមានគោលបំណងចង់ក្លាយជានាយកផ្នែកទីផ្សារ នោះអ្នកត្រូវមានផែនការនៃការអភិវឌ្ឍការងារ (Career Development) ដោយស្របទៅតាម SMART goals ដែលអាចជា ការហ្វឹកហាត់ឬរៀនបន្ថែមជំនាញ និងបទពិសោធន៍ដែលចាំបាច់ដើម្បីក្លាយជានាយកទីផ្សារដែលធ្វើអោយអ្នកអាចដឹកនាំក្រុមនិងកសាងការងារ។
តាមរយៈឧទាហរណ៍ខាងលើនេះ យើងអាចដឹងពីចម្លើយរបស់5Wsមាន
1.តើអ្វីដែលខ្ញុំចង់សម្រេច?
ចម្លើយ: ចង់ប្រែក្លាយខ្លួនពីអ្នកប្រតិបត្តិទីផ្សារទៅជាប្រធានផ្នែកទីផ្សារ។
2.ហេតុអ្វីបានជាគោលដៅនេះមានសារៈសំខាន់?
ចម្លើយ: ដើម្បីដឹកនាំក្រុមអោយសម្រេចជោគជ័យទៅតាមទិសដៅរបស់អង្គភាពនិងដើម្បីកសាងវិថីការងាររបស់ខ្លួន។
3.តើអ្នកណាខ្លះដែលពាក់ពន្ធ័?
ចម្លើយ: អាចជាប្រធានផ្នែកបច្ចុប្បន្ន ក្រុមការងារ។ល។
4.តើត្រូវធ្វើវាឡើងនៅកន្លែងណា?
ចម្លើយ: នៅក្នុងអង្គភាពស្ថាប័នកំពុងធ្វើការ។
5.តើធនធានឬកម្រិតសមត្ថភាពអ្វីខ្លះដែលត្រូវមានដើម្បីសម្រេចគោលដៅ?
ចម្លើយ: ការមានជំនាញនិងបទពិសោធន៍បន្ថែម។
2. ការវាស់វែងបាន Measurable
វាពិតជាមានសារៈសំខាន់ណាស់ដែលអ្នកគួរតែមានគោលដៅមួយដែលអាចវាស់វែងបាន ដោយវាជួយអ្នកតាមដានសកម្មភាព រក្សាឆន្ទៈក្នុងការសម្រេចកិច្ចការ បំពេញកិច្ចការតាមកាលកំណត់ និងមានភាពរីករាយនៅពេលដែលអ្នកជិតសម្រេចការងារឬគោលដៅដែលបានកំណត់។
គោលដៅដែលអាចវាស់វែងត្រូវមានសំណួរដូចជា?
- តម្លៃប៉ុន្មាន? How much?
- មានប៉ុន្មាន? How many?
- តើខ្ញុំដឹងថាវាបញ្ចប់នៅពេលណា? How will I know when it is accomplished?
ឧទាហរណ៍៖ ដើម្បីក្លាយជាប្រធានផ្នែកទីផ្សារអ្នកត្រូវចំណាយលើការចូលរួមវគ្គសិក្សានិងត្រូវមានបទពិសោធន៍ពាក់ពន្ធ័នឹងផ្នែកទីផ្សារបន្ថែមក្នុងរយៈពេល5ឆ្នាំ។
3. ការដែលអាចសម្រេចបាន Achieveable
គោលដៅក៏ត្រូវតែមានភាពពិតប្រាកដនិងអាចសម្រេចបានដែរ ឬក្នុងន័យម្យ៉ាងទៀតវាអាចលើសពីសមត្ថភាពរបស់អ្នក តែវានៅតែអាចកើតឡើងបាននៅពេលអ្នកពត់តម្រង់សមត្ថភាពរបស់អ្នកដើម្បីឈានទៅសម្រេចគោលដៅនោះ។
ការដែលកំណត់គោលដៅដែលអាចសម្រេចបានជួយអោយអ្នកមើលឃើញនូវធនធានឬឱកាសដែលនាំអ្នកទៅរកភាពជោគជ័យ។
សំណួរដែលច្រើនសួរនៅពេលកំណត់គោលដៅដែលអាចសម្រេចបាន(Achievable goals)មាន៖
- How can I accomplish this goal? តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីសម្រេចបានគោលដៅដែលខ្ងុំចង់បាន?
- How realistic is this goal, base on other constraint? តើអាចទេដែលគោលដៅនេះអាចសម្រេចបានប្រសិនបើមានឧបសគ្គមករារាំង?
4. ភាពជាប់ពាក់ពន្ធ័ (Relevant)
ជំហាននេះគឺប្រាកដថាគោលដៅរបស់អ្នកជាប់ទាក់ទងជាមួយអ្នកនិងស្របតាមគោលដៅពាក់ព័ន្ធផ្សេងៗទៀត។ ម៉្យាងវិញទៀត យើងពិតជាត្រូវការការគាំទ្រនិងការជួយជ្រោមជ្រែងពីសំណាក់អ្នកដទៃទៀត។ ដូច្នេះដើម្បីសម្រេចបានជោគជ័យ អ្នកត្រូវប្រាកដថាគោលដៅរបស់អ្នកនឹងដឹកនាំអ្នកផ្សេងទៀតឈានទៅមុខជាមួយគ្នាស្របពេលដែលអ្នកអាចសម្រេចគោលដៅរបស់អ្នកបាន។
5. ការកំណត់ពេលវេលា (TimeBound)
ការកំណត់ពេលវេលាអោយបានច្បាស់លាស់ក្នុងការបញ្ចប់គម្រោងនិងផែនការរបស់អ្នក នឹងជួយអ្នកអោយដឹងពីដំណើរការសកម្មភាព និងធ្វើអោយអ្នកព្យាករណ៍ដឹងពីបញ្ហាប្រឈមឬដឹងពីថេរវេលាដែលអ្នកអាចសម្រេចជោគជ័យ ជាហេតុធ្វើអោយមានអ្នកមានកម្លាំងចិត្តក្នុងការបន្តការងាររបស់អ្នកទៅមុខ ។
ប្រសិនបើអ្នកមានបំណងចង់ចូលរួមសិក្ខាសាលាឬវគ្គសិក្សាដើម្បីបង្កើនសក្តានុពល សូមតាមដានទំព័រផ្លូវការហ្វេសបុកផេករបស់ Project Inspire ដែលមានតំណភ្ជាប់នៅខាងក្រោមនេះដើម្បីទទួលបានព័ត៌មានថ្មីៗនិងលំអិត៖ https://www.facebook.com/pg/projectinspirecambodia/
សរសេរដោយសមាជិក Project Inspire ហេង សុផារ៉ានី
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)