បង្ហោះផ្សាយ

ខ្មែរ

Project Inspire

· 2021-03-20

តើយើងគួរចំណាយពេលវេលាបែបណាខ្លះនៅក្នុងពេលយុវវ័យ?

#យុវវ័យ# #ចំណេះដឹង# #ខ្លួនឯង# #កំហុស# #អប់រំ និងការងារ#

17903

ជាទូទៅ យុវវ័យជាវ័យមួយដែលពិបាកជាងគេសម្រាប់បុគ្គលម្នាក់ៗ។ វាជាវ័យដែលបុគ្គលនីមួួយៗមិនទាន់ស្គាល់ពីខ្លួនឯងច្បាស់លាស់ ជួនមានអារម្មណ៍វង្វេង ជួនខ្លះទៀតមានអារម្មណ៍ថាតែលតោលដូចដើរនៅលើផ្លូវមួយតែឯង មិនដឹងថាគួរដើរផ្លូវណាទើបត្រឹមត្រូវ ហើយពេលខ្លះទៀតតែងងើងឆ្ងល់និងសួរខ្លួនឯងជារឿយៗថា តើផ្លូវដែលយើងកំពុងដើរនេះពិតជាត្រឹមត្រូវឬនៅ។ វាក៏ជាពេលវេលាដ៏ស្មុគស្មាញចំពោះបុគ្គល ដោយហេតុថាមានគំនិតច្រើនផុសចេញពេញនៅក្នុងខួរក្បាល ក៏ប៉ុន្តែមិនច្បាស់គួរចាប់ផ្តើមពីចំណុចណាមួយមកវិញជាដើម។ ដោយផ្តោតទៅលើបញ្ហាដែលបានរៀបរាប់ខាងលើ អត្ថបទខាងក្រោមនេះនឹងបង្ហាញអំពីចំណុចខ្លះៗដែលយុវជនអាចយកមកធ្វើជាគំនិតនិងសាកអនុវត្តផងដែរ។

១. ស្វែងយល់ពីខ្លួនឯង

ចាប់ផ្តើមដំបូងឡើយ គឺការរៀនស្វែងយល់ពីខ្លួនឯងតាមរយៈការសាកល្បងអ្វីថ្មីៗ ប្រឈមមុខជាមួយនឹងកាលៈទេសៈឬបញ្ហាផ្សេងៗ ដូចជាការប្រឈមមុខនឹងអ្វីដែលខ្លួនភ័យខ្លាចជាងគេ។ ឧទាហរណ៍ថា អ្នកខ្លាចការនិយាយជាសាធារណៈជុំវិញរង្វង់ដែលមានចំនួនមនុស្សច្រើន អញ្ចឹងនៅពេលដែលអ្នកដឹងពីចំណុចខ្សោយរបស់ខ្លួន អ្នកអាចចាប់ផ្តើមប្រឈមមុខនិងអនុវត្តវាតាមជំហានតូចៗបាន ដូចជាសាកនិយាយបញ្ចេញមតិយោបល់រវាងក្រុមការងារចំនួនតូច។ រហូតដល់អ្នកមានទំនុកចិត្តលើខ្លួនឯងបន្តិចហើយ អ្នកក៏អាចចាប់ផ្តើមសាកល្បងនិយាយចំពោះមុខមនុស្សច្រើនបាន។ ការធ្វើបែបនេះ គឺអាចធ្វើបុគ្គលម្នាក់អាចយល់ដឹងពីសមត្ថភាពដែលខ្លួនអាចធ្វើបាន ព្រមទាំងបានរៀននិងទទួលចំណេះដឹងថ្មីផងដែរ។ 

២. រៀនពីកំហុស 

ជាធម្មតា នរណាៗក៏តែងមានកំហុសដែរ មិនថាជាកំហុសតូចតាច អចេតនា ឬជាកត្តាយ៉ាងណាឡើយ។ ការមានកំហុសប្រៀបបានដូចជាបទពិសោធន៍ឬមេរៀនមួយអញ្ចឹង។ វាជាអ្វីមួយដែលជួយឲ្យបុគ្គលអាចវិវត្តខ្លួនឲ្យទៅជាមនុស្សម្នាក់ដែលប្រសើរជាងមុនបាន ប្រសិនបើបុគ្គលនោះចេះចាប់យកឱកាសដែលមានចំពោះមុខខ្លួន។ ដោយហេតុនេះ បុគ្គលនីមួយៗ ជាពិសេសយុវជនមិនគួរខ្លាចនឹងការធ្វើខុសនោះទេ។ ផ្ទុយទៅវិញ ពួកគេគួរទទួលស្គាល់ពីកំហុសដែលខ្លួនបានធ្វើ រៀនពីវា ចាត់ទុកជាបទពិសោធន៍ និងជៀសវាងមិនឲ្យកើតមាននៅថ្ងៃខាងមុខទៀត។ 

៣. បង្កើតទំនាក់ទំនងមិត្តភាពជុំវិញខ្លួន

ការផ្តោតសំខាន់ទៅលើខ្លួនឯង ខិតខំស្វ័យសិក្សាទាំងមុខវិជ្ជាក្នុងសាលានិងក្រៅសាលាពិតជាមានសារៈសំខាន់។ ក៏ប៉ុន្តែ នៅក្នុងកំឡុងពេលនេះដែរ យុវជនក៏គួរបែងចែកពេលវេលាទៅលើការប្រាស្រ័យទាក់ទងរវាងមនុស្សជុំវិញខ្លួនផងដែរ។ ព្រោះ ការរស់នៅក្នុងសង្គម មានន័យថាយើងរស់នៅជាសហគមន៍ជាមួយគ្នា មានគេ មានយើង មិនមែនមានតែខ្លួនយើងឬតែគ្រួសារសាច់ញាតិយើងនោះទេ។ តួយ៉ាង យុវជនអាចបង្កើតមិត្តភាពថ្មី ពង្រីកការប្រាស្រ័យទាក់ទងរបស់ខ្លួនបានតាមរយៈការចូលរួមធ្វើកិច្ចការសង្គម ចូលរួមស្តាប់សិក្ខាសាលា ឬកម្មវិធីផ្សេងៗទៅតាមចំណង់ចំណូលចិត្តបាន ក្នុងន័យដែលកាលៈទេសៈនោះប្រកបដោយភាពសុចរិត។

៤. បង្កើតផែនការសម្រាប់អនាគត 

ការបង្កើតផែនការឬគម្រោងសម្រាប់ថ្ងៃអនាគតដើម្បីជាផលប្រយោជន៍ផ្ទាល់ខ្លួននិងសង្គមមិនមែនមានន័យចាំបាច់ទាល់តែខ្លួនមានទ្រព្យសម្បត្តិ ចំណូល ឬ ចាំអាយុ៣០ អីនោះទេ។ ការមានគម្រោងសម្រាប់ខ្លួនឯងអាចចាប់ផ្តើមពេលណាក៏បាន។ ប្រសិនបើអ្នកបានកំណត់គោលដៅសម្រាប់ខ្លួនឯងចាប់តាំងពីយុវវ័យ វាប្រាកដជាមានអត្ថប្រយោជន៍សម្រាប់អ្នកជាក់ជាមិនខាន។ ការមានផែនការរៀបចំទុកជាមុន វាជួយឲ្យយើងយល់ដឹងពីខ្លួនឯងថាតើយើងចង់បានអ្វី ហើយវាក៏ជាកត្តាមួយដែលជម្រុញអ្នកឲ្យបំពេញកិច្ចការប្រចាំថ្ងៃបានល្អជាងមុនដែរ។ ឧទាហរណ៍ថា អ្នកបានកំណត់គោលដៅនិងបានរៀបចំផែនការសម្រាប់១០ឆ្នាំខាងមុន។ ដូចនេះ វានឹងជួយឲ្យអ្នកមើលឃើញពីតម្លៃនិងអត្ថប្រយោជន៍នៃកិច្ចការតូចៗ សាមញ្ញៗ ប្រចាំថ្ងៃដែលអ្នកកំពុងធ្វើ ហើយមិនមានអារម្មណ៍ធុញទ្រាន់នឹងធ្វើវា។ 


ប្រសិនបើអ្នកមានបំណងចង់ចូលរួមសិក្ខាសាលាឬវគ្គសិក្សាដើម្បីបង្កើនសក្តានុពល សូមតាមដានទំព័រផ្លូវការហ្វេសបុកផេករបស់ Project Inspire ដែលមានតំណភ្ជាប់នៅខាងក្រោមនេះដើម្បីទទួលបានព័ត៌មានថ្មីៗនិងលំអិត៖

https://www.facebook.com/pg/projectinspirecambodia/



សរសេរដោយសមាជិក Project Inspire ហុង សុខម៉ូនីតា


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)