បង្ហោះផ្សាយ

ខ្មែរ

ថ្មីៗ-ThmeyThmey

· 2021-09-22

ប្រមុខ UN និងនាយករដ្ឋមន្រ្តីអង់គ្លេស ទទូចឱ្យប្រទេសអ្នកមានផ្ដល់លុយដើម្បីទប់ទល់ការប្រែ​ប្រួល​អាកាសធាតុ

#បូរីស ចនសុន# #ចក្រភពអង់គ្លេស# #អង្គការសហប្រជាជាតិ# #សង្គម# #នយោបាយជាតិ#

7977

នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន ក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំតុមូល។ រូបថត Xinhua

ដោយ: ជា ពេជ្រដាឡែន

នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បូរីស ចនសុន និងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) អាន់តូនីញ៉ូ ហ្គូតេរ៉េស បាន​ជំរុញឱ្យមេដឹកនាំប្រទេសមានសេដ្ឋកិច្ចធំៗរាប់ទាំងអាម៉េរិកផង ឱ្យផ្ដល់ប្រាក់​១០០ពាន់លានដុល្លារ​ក្នុងមួយតាម​ការសន្យាកន្លងមកដើម្បីទប់ទល់នឹងការ​ប្រែប្រួល​អាកាសធាតុ។ មន្រ្តីកំពូលទាំងពីររូបជឿថា ប្រទេសអ្នកមានទាំងនោះបានឃ្លាតឆ្ងាយពីអ្វីដែល​ពួកគេបាន​ប្ដេជ្ញាចិត្ត​កន្លងមក។

នៅថ្ងៃទី២០ ខែកញ្ញា នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បូរីស ចនសុន និងអគ្គលេខាធិការ UN អាន់តូនីញ៉ូ ហ្គូតេរ៉េស បានដឹកនាំកិច្ចប្រជុំតុមូលជាមួយមេដឹកនាំពិភពលោកដើម្បីដោះស្រាយ​ចន្លោះ​ប្រហោងផ្សេងៗក្នុងការទប់ស្កាត់បម្រែបម្រួលអាកាសធាតុដូចជា​គោលដៅ​កាត់បន្ថយការ​បំភាយ​ឧស្ម័ន និងការកៀរគរមូលនិធិសម្រាប់ជួយប្រទេសក្រីក្រក្នុងការដោះស្រាតបញ្ហាសាកលមួយនេះ។ 

កិច្ចប្រជុំដែលធ្វើឡើងស្របគ្នានឹងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ មានការ​ចូលរួមពីមេដឹកនាំ និងអ្នកតំណាងមកពី​ប្រទេសមួយ​ចំនួន​ដែល​តំណាង​ឱ្យ​ប្រទេសឧស្សាហកម្ម ប្រទេសសេដ្ឋកិច្ចកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍ​ដែលងាយរងគ្រោះ​ដោយសារការប្រែប្រួល​អាកាសធាតុ។

«ប្រទេសសេដ្ឋកិច្ចធំៗមានច្រើនណាស់។ ខ្លះមានវត្តមាននៅថ្ងៃនេះ ខ្លះអវត្តមាន ហើយខ្លះ កំពុង​ដើរ​ថយក្រោយ។ ខ្ញុំនឹងសង្កត់ធ្ងន់លើរឿងនេះម្តងទៀត។ ដើម្បីទទួលបាន​ជោគជ័យ​យើងត្រូវការ​ប្រទេស​អភិវឌ្ឍដើម្បីសម្រេចបានប្រាក់១០០ពាន់លានដុល្លារនេះ»។ លោក ចនសុន បានបញ្ជាក់បែបនេះ​ចំពោះមុខមេដឹកនាំ និងតំណាងមកពីអាម៉េរិក ចិន ឥណ្ឌា និងបណ្ដាប្រទេសសហភាពអឺរ៉ុបជាដើម។

នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ ប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំថា លោកសង្ឃឹមអាម៉េរិកអាចធ្វើ​តាមការសន្យា ដោយបង្កើនវិភាគទានរបស់ខ្លួនដើម្បីសម្រេចគោលដៅមូលនិធិ១០០ពាន់លាន​ដុល្លារ​ប្រចាំឆ្នាំ។ លោកក៏បន្ថែមថា អាម៉េរិកមានតួនាទីសំខាន់ណាស់សម្រាប់ការសម្រេចគោលដៅនេះ។

ចំពោះការស្នើនេះ ប្រេសិតអាកាសធាតុរបស់អាម៉េរិក ចន ឃែរី បានអះអាងក្នុងកិច្ចប្រជុំខាងលើថា ទីក្រុងវ៉ាស៊ីនតោននឹងផ្តល់ជំនួយបន្ថែមទៀតមុនការចាប់ផ្ដើមសន្និសីទស្ដីពីការប្រែប្រួលអាកាសធាតុ (COP26) ចាប់ពីថ្ងៃទី៣១ ខែតុលាដល់ថ្ងៃទី៣១ ខែវិច្ឆិកាខាងមុខ។

ជាមួយគ្នានេះ លោក ហ្គូតេរ៉េស បានជំរុញឱ្យប្រទេសម្ចាស់ជំនួយ និងធនាគារអភិវឌ្ឍនានាបង្កើនការប្ដេជ្ញាចិត្តរបស់ពួកគេឆ្ពោះទៅរកគោលដៅបន្ថែមវិភាគទានក្នុងមូលនិធិខាងលើដែលនឹងជួយ​ប្រទេស​លើពិភពលោកក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។

កិច្ចប្រជុំខាងលើនេះ ជាការដាស់តឿនមេដឹកនាំប្រទេសសេដ្ឋកិច្ចធំៗដែលបានឃ្លាតឆ្ងាយ​ពី​ការ​ប្ដេជ្ញា​ចិត្តក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនិច និងការផ្ដល់វិភាគទានទៅក្នុងមូលនិធិ​ទប់ទល់​នឹង​ការ​ប្រែប្រួលអាកាសធាតុ។ របាយការណ៍របស់អង្គការ Oxfam ចេញផ្សាយកន្លងទៅបង្ហាញថា ប្រទេស​អ្នកមានមិនអាចឈានដល់គោលដៅ​១០០ពាន់លានដុល្លារឡើយ ហើយ​ក្នុង​ឆ្នាំ២០២៥ ប្រទេស​ទាំង​នោះនឹងសម្រេចបានត្រឹមតែ៩៣ពាន់លាន ដុល្លារទៅ៩៥ពាន់លានដុល្លារ​ក្នុង​មួយឆ្នាំ​តែ​ប៉ុណ្ណោះ៕

ប្រភព៖ ប្រមុខ UN និងនាយករដ្ឋមន្រ្តីអង់គ្លេស ទទូចឱ្យប្រទេសអ្នកមានផ្ដល់លុយដើម្បីទប់ទល់ការប្រែ​ប្រួល​អាកាសធាតុ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស