បង្ហោះផ្សាយ

ខ្មែរ

ថ្មីៗ-ThmeyThmey

· 2022-02-14

រដ្ឋបញ្ចេញថវិកា១០០លានដុល្លារ ដើម្បីជួយវិស័យកសិកម្ម និង SMEs

#ថវិកា# #កសិកម្ម# #អាជីវកម្ម# #សង្គម# #វិស័យ#

10222

ដោយ: ធឿន បញ្ញាឬទិ្ធ

ភ្នំពេញ៖ រដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចេញថវិកា១០០លានដុល្លារ ឱ្យទៅធនាគារ២ ដើម្បីជួយលើកកម្ពស់វិស័យកសិកម្ម និងវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ការបញ្ចេញថវិកា តាមរយៈកម្មវិធីហិរញ្ញប្បទានពិសេសនេះ នឹងជួយឱ្យសហគ្រាសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានលទ្ធភាពពង្រឹងអាជីវកម្មកាន់តែប្រសើរឡើង។ ជាពិសេសពង្រឹកខ្សែច្រវាក់ផលិតកម្ម ក្នុងគោលដៅពង្រឹងភាពប្រកួតប្រជែង, រក្សាសន្តិសុខស្បៀងអាហារ និង ជំរុញការនាំចេញនៅក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩។

ថ្លែងក្នុងពិធីផ្សព្វផ្សាយស្ដីពីការបន្ថែមមូលនិធិសម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី១៤ កម្ភៈ លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា៖«ថ្ងៃនេះថវិកា១០០លានដុល្លារ នឹងត្រូវប្រើប្រាស់ ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម និងវិស័យសហគ្រាស ធុនតូច និង មធ្យម ដែលជាវិស័យពីរដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ, ទាំងក្នុងការបង្កើតការងារ, កែលម្អជីវភាពរស់នៅរបស់ប្រជាជន និងកំណើនសេដ្ឋកិច្ចជាតិ»។

រដ្ឋាភិបាល ចាត់ទុកការលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ពិសេសសហគ្រាស ដែលស្ថិតក្នុងវិស័យសំខាន់ៗ ដូចជា កសិកម្ម, កសិ-ឧស្សាហកម្ម, ការកែច្នៃម្ហូបអាហារ, កម្មន្តសាល, គ្រឿងបង្គុំ និងទេសចរណ៍ជាដើម គឺជាអាទិភាពគោលនយោបាយមួយដ៏សំខាន់។

មិនត្រឹមតែចូលរួមគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា និងបង្កើតការងារប៉ុណ្ណោះទេ សហគ្រាសធុនតូច និងមធ្យម ក៏ដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនភាពធន់របស់សេដ្ឋកិច្ចជាតិទៅនឹងវិបត្តិផងដែរ។ បើតាមរដ្ឋមន្រ្តីសេដ្ឋកិច្ចរូបនេះ សហគ្រាសធុនតូច និង មធ្យមមានប្រមាណ៩៨ភាគរយ នៃអាជីវកម្មទាំងអស់ បានចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប ៥៨ភាគរយ ព្រមទាំងផ្តល់ការងារប្រមាណ ៧៣ភាគរយ នៃកម្លាំងពលកម្មសរុប។

ចំពោះថវិកា១០០លានដុល្លារនេះ ត្រូវផ្តល់ជូនដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចំនួន៥០លានដុល្លារ សម្រាប់ផ្តល់កម្ចីដល់វិស័យកសិកម្ម និងធនាគារសហគ្រាសធុនតូច និងធម្យម (SME Bank) សម្រាប់ផ្តល់កម្ចីសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជាមួយនឹងអត្រាការប្រាក់ទាប។

ដើម្បីលើកស្ទួយសហគ្រាសធុនតូច និងមធ្យម ជាពិសេសសហគ្រាសក្នុងវិស័យអាទិភាព រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការជាច្រើនដូចជា៖ ១, ការដាក់ជាបន្ទុករបស់រដ្ឋនូវពន្ធនាំចូលឧបករណ៍, គ្រឿងម៉ាស៊ីន និង គ្រឿងចក្រ ជាដើម។ ២, ការបង្កើតឲ្យមានមូលនិធិអភិវឌ្ឍន៍ជំនាញ, មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព និង សហគ្រិនខ្មែរ ។ ៣, ការបង្កើតធនាគារសហគ្រាសធុនតូច និង មធ្យមកម្ពុជា (SME Bank) ។ ៤, ការអនុវត្តកម្មវិធីសហហិរញ្ញប្បទាន តាមរយៈធនាគារសហគ្រាសធុនតូច និង មធ្យមកម្ពុជា (SME Bank) និងកម្មវិធីហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ឥណទានក្នុងអត្រាការប្រាក់សម្បទាន សម្រាប់ វិស័យកសិកម្ម និង កសិ-ឧស្សាហកម្ម តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម (ARDB)។

៥, ការបង្កើតសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក្នុងការផ្តល់ការធានាឥណទាន ទៅសហគ្រាសដែលជួបនូវកង្វះខាតទ្រព្យបញ្ចាំ។

រដ្ឋាភិបាល តាមរយៈធនាគារសហគ្រាសធុនតូច និង មធ្យមកម្ពុជា (SME Bank) បានសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុឯកជន កាលពីឆ្នាំ២០២២ អនុវត្តគម្រោង សហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និង មធ្យម ក្នុងទំហំទឹកប្រាក់១០០លានដុល្លារនេះ។ ចំណែកទឹកប្រាក់១០០លានដុល្លារ នៅឆ្នាំនេះ គឺជាការបន្តអនុវត្តគម្រោងដំណាក់កាលទី២៕

ប្រភព៖ រដ្ឋបញ្ចេញថវិកា១០០លានដុល្លារ ដើម្បីជួយវិស័យកសិកម្ម និង SMEs

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស