Sourkeat

· 2019-03-04

CEO របស់​ ONE យល់​ថា​ McGregor មិន​ស័ក្តិសមចូលសង្វៀននៅអាស៊ីទេ​

0

នាយកប្រតិបត្តិ និងជាស្ថាបនិករបស់ស្ថាប័នប្រដាល់គុនចម្រុះ One Championship គឺលោក Chatri Sityodtong គិតថា កំពូលអ្នកប្រដាល់ក្នុងទ្រុង UFC កីឡាករ Conor McGregor មិនមានលក្ខណៈសម្បត្តិអ្វីដែលធ្វើឲ្យលោកយកចូលស្ថាប័នរបស់លោកឡើយ។

លោក Sityodtong

សង្វៀនប្រដាល់ One Championship ជោគជ័យយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយប្រមូលផ្ដុំអ្នកប្រដាល់ល្បីៗមកពីប្រទេសផ្សេងៗនៅអាស៊ី អាហ្វ្រិក អាមេរិក និងអឺរ៉ុប។ ការយកកីឡាករតំណាងមកពីប្រទេសមួយៗជាផ្នែកដ៏សំខាន់ដែលធ្វើឲ្យស្ថាប័នប្រដាល់នេះមានអ្នកទស្សនាច្រើនបំផុត។

គេអាចនិយាយបានថា ONE ជាស្ដេចក្បាច់គុនចម្រុះនៅតំបន់អាស៊ី ខណៈ UFC ជាស្ដេចក្បាច់គុនចម្រុះនៅបច្ចឹមប្រទេស ប៉ុន្តែពេលនេះគូប្រជែងទើបរះថ្មី ONE កំពុងវាយលុកយកទីផ្សាររបស់ UFC ថែមទៀត។

ប្រហែលជាពីរឆ្នាំចុងក្រោយនេះគេមើលឃើញថា ONE បានចុះហត្ថលេខាយកកំពូលអ្នកប្រដាល់របស់ UFC ជាច្រើននាក់ហើយដើម្បីពង្រីកគុណភាព ប្រជាប្រិយភាព និងទីផ្សាររបស់ខ្លួន។ អតីតកីឡាករប្រដាល់ UFC គឺ Rich Franklin បានក្លាយជាអនុប្រធានរបស់ ONE, ម្ចាស់ខ្សែក្រវាត់ពិភពលោករបស់ UFC គឺកីឡាករ Demetrious Johnson, កីឡាករ Eddie Alvarez, កីឡាករ Vitor Belfort ជាដើមក៏បានចូល ONE ដែរ។

យ៉ាងណា ចំពោះកំពូលអ្នកប្រដាល់ Conor McGregor ដែលល្បីល្បាញខ្លាំង បែរជានាយកប្រតិបត្តិរបស់ ONE មើលមិនឃើញពីគុណសម្បត្តិឡើយ។ លោក Sityodtong គិតយ៉ាងច្បាស់ថា McGregor មានអត្តចរិតអន់ និងគ្មានអត្តសញ្ញាណល្អដែលស័ក្ដិសមចូល ONE ឡើយ ។

កីឡាករ Conor McGregor

លោកពន្យល់ថា កំពូលអ្នកប្រដាល់របស់ ONE ម្នាក់ៗសុទ្ធតែមានសញ្ញាណនៃក្បាច់គុនតំណាងឲ្យប្រទេសរបស់ខ្លួននៅអាស៊ីដូចជានារីម្ចាស់ខ្សែក្រវាត់ពិភពលោក Angela Lee របស់សិង្ហបុរី ជើងខ្លាំង Aung La N Sang របស់មីយ៉ាន់ម៉ា កំពូលអ្នកប្រយុទ្ធ Eduard Folayang របស់ហ្វីលីពីនជាដើមសុទ្ធតែមានលក្ខណៈពិសេសតំណាងឲ្យប្រទេសរបស់ពួកគេ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)