Cambo Space

· 2023-04-27

មានវីធី២ក្នុងពេលតែ១ អាចដាស់រ៉ូបូតចិន Zhurong លើភពអង្គារឲ្យងើបឡើងវិញ…

#Zhurong# #បច្ចេកវិទ្យា# #វិទ្យាសាស្ត្រ# #ភពអង្គារ#

615

(ប៉េកាំង)៖ អ្នកវិទ្យាសាស្ត្រចិនបានបញ្ជាក់នៅក្នុងបទសម្ភាសន៍ផ្តាច់មុខ ជាមួយក្រុមហ៊ុន China Media Group (CMG) កាលពីពេលថ្មីៗនេះថា គ្រឿងយន្តចល័ត (Rover) ដំបូងរបស់ចិនលើភពព្រះអង្គារ ជូយ៉ុង (Zhurong) នៅតែស្ថិតក្នុងសភាពស្ងប់ស្ងាត់ (ជាប់គាំង) ចាប់តាំងពីវាបានជួបប្រទះព្យុះធូលី លើផ្ទៃភពអង្គារកាលពីខែឧសភា ឆ្នាំ២០២២។

ជុំវិញបញ្ហាខាងលើនេះ លោក ចាង យ៉ុងឆាវ (Zhang Rongqiao) ប្រធាន​អ្នក​រចនា​កម្មវិធី​រុករក​ភព​អង្គារ​របស់​ចិន​បាន​ប្រាប់ CMG ថា «Zhurong នឹងបើកថាមពល ដើម្បីដំណើរការឡើងវិញដោយស្វ័យប្រវត្តិ នៅពេលដែលលក្ខខណ្ឌចំនួន ២ ត្រូវបានបំពេញក្នុងពេលតែមួយនោះគឺ ទី១៖ សីតុណ្ហភាពក្នុងកាប៊ីន (ប្រអប់ម៉ាស៊ីន) ត្រូវតែខ្ពស់ជាងកម្រិត -១៥ អង្សារសេ និង ទី២៖ ការផលិតថាមពលពន្លឺព្រះអាទិត្យ ត្រូវនឹងកម្រិតថាមពលប្រើប្រាស់ប្រចាំថ្ងៃរបស់ Zhurong ដែលទាបបំផុតគឺ ១៤០វ៉ាត់»។

ការតាមដានរ៉ូបូតចិន Zhurong ដោយផ្កាយរណបអង្គការ NASA របស់អាមេរិក (រូបភាពពី NASA)

ជុំវិញចម្ងល់ដែលថា ឈានចូលរដូវក្តៅទៅហើយលើភពអង្គារ តែរ៉ូបូត Zhurong នៅតែតែមិនទាន់អាចងើបឡើងវិញ ដោយខ្លួនឯងបាននោះ លោក Zhang បានពន្យល់ថា «ផ្អែកលើការវិភាគរបស់យើង លទ្ធភាពដែលទំនងបំផុតនោះ គឺភាពកកកុញនៃធូលីដីភពអង្គារ (លើបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យ) ដែលលើសពីការព្យាករណ៍ បាននាំឱ្យមានការថយចុះនៃសមត្ថភាពផលិតថាមពល ដែលមិនគ្រប់គ្រាន់ដើម្បីដាស់រ៉ូបូតកង់ ៦ នោះឡើង»។

រ៉ូបូត Zhurong និង Lander របស់ Tianwen-1 ថតដោយកាមេរ៉ាពីចម្ងាយ (រូបភាពពីរដ្ឋបាលអវកាសជាតិចិន – CNSA)

បើតាមលោក ចាង បានលើកឡើងទៀតថា បញ្ហាធូលីដីលើភពអង្គារនេះ គឺត្រូវបានគិតគូរទុកជាមុនរួចទៅហើយ នៅពេលក្រុមវិស្វករចិនធ្វើការផលិត Zhurong ឡើងមកនោះ ប៉ុន្តែធាតុពិតជាក់ស្តែងពេលទៅដល់ភពអង្គារ ធូលីដីដែលរ៉ូបូតនេះបានទទួលរង គឺលើសពីការព្យាករណ៍ទុកមុន ប្រមាណពី ៣០-៤០% ឯណោះ ហើយការជាប់គាំងរបស់ Zhurong ក៏ស្ថិតនៅក្នុងការរំពឹងទុកមុខរួចទៅដែរ។ លោក ចាង បានសង្កត់ធ្ងន់ថា Zhurong ត្រូវបានរចនាឡើង ដើម្បីធ្វើការងារតែ ៩០ថ្ងៃប៉ុណ្ណោះ (នៃពេលវេលាលើភពអង្គារ) ប៉ុន្តែវាអាចបន្តចល័ត និងបំពេញភារកិច្ចបានរហូតដល់ ៣៥៨ថ្ងៃ (នៃពេលវេលាលើភពអង្គារ) មុននឹងត្រូវបានដាក់ឲ្យស្ថិតក្នុងមុខងារ safe mode។ កន្លងមក ក្រុមអ្នកវិទ្យាសាស្ត្រចិនបានចាត់ទុកថា នេះជាការកសាងស្នាដៃលើសពីការរំពឹងទុករួចជាស្រេចទៅហើយ។

បន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យរបស់ Zhurong ក្រោយទៅដល់ភពអង្គារថ្មីៗ (រូបភាពពី CNSA)

គួរបញ្ជាក់ថា បេសកកម្មស្រាវជ្រាវភពអង្គារដំបូងរបស់ចិន ធានវិន ១ (Tianwen-1) បានទៅដល់ភពអង្គារកាលពីខែកុម្ភៈ ឆ្នាំ២០២១ ដំណាលៗគ្នានឹងផ្កាយរណបដំបូងរបស់ អេមីរ៉ាត់អារ៉ាប់រួមឈ្មោះ Amal និងយានស្រាវជ្រាវភពអង្គារចុងក្រោយរបស់ NASA ឈ្មោះ Perseverance ដែរ។ ប៉ុន្តែយានមេ Tianwen-1 មិនទាន់ទម្លាក់រ៉ូបូត Zhurong ចុះទៅភពអង្គារភ្លាមៗដូច NASA បានធ្វើចំពោះ Perseverance នោះឡើយ ដោយទីភ្នាក់ងារអវកាសចិនត្រូវការពេលសិក្សា និងកំណត់ទិន្នន័យអំពីទីតាំងចុះចតយ៉ាងច្បាស់លាស់ជាមុន ទើបធ្វើការទម្លាក់ Lander ស្តុក Zhurong ទៅលើតំបន់ យូថូភា ផ្លេនីធា (Utopia Planitia) នៃអឌ្ឍគោលខាងជើងភពអង្គារ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា), ប្រភព៖ CGTN/CMG (ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣)

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស