
TNAOT News
· 2023-05-29
ពលរដ្ឋ ១១គ្រួសារ បានប្រគល់សំពត់ហូល និងផាមួង អាយុកាលជាង៥០ឆ្នាំ ជូនដល់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី
#ហូល# #សង្គម# #សារមន្ទីរ# #បុរាណ# #ព័ត៌មានសង្គម# #ផាមួង#
7055
សៀមរាប៖ ក្រុមការងារសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានធ្វើដំណើរទៅកាន់ស្រុកព្រៃកប្បាស នៃទឹកដីខេត្តតាកែវ ដើម្បីទទួលសមុច្ច័យ មានដូចជា សារ៉ុងសូត្រ សំពត់ហូល អាវផាមួង និងក្រណាត់ហូល ចំនួន២០សមុច្ច័យ ដែលបងប្អូនប្រជាពលរដ្ឋចំនួន១១គ្រួសារ រស់នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ បានប្រគល់ជូន យកមករក្សាទុកក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីតាំងបង្ហាញជូនសាធារណៈបានទស្សនា និងសិក្សាស្វែងយល់ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។
លោកស្រី លី ណៃស្រ៊ីម អាយុ ៧៥ឆ្នាំ តំណាងប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅភូមិទួលលលក ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ បាននិយាយាថា «ជាច្រើនជំនាន់មកហើយ គ្រួសារខ្ញុំជាអ្នកតម្បាញហូលផាមួង ខ្ញុំបានចេះត្បាញហូលផាមួងតាំងពីអាយុ ១៤ឆ្នាំមក។ ដោយចេះត្បាញបន្តពីម្តាយនិងជីដូន ពោលគឺ តាំងពីជំនាន់លន់ណុលមកម្ល៉េះ។ សំពត់ហូលមួយក្បិននេះ បានជ្រលក់ព័ណ៌ចំនួន៣ទឹក ប្រើប្រាស់ល័ក្ខខ្មែរពីសម័យដើមសុទ្ធសាធ មានគុណភាពល្អ និងមានភាពស្រស់ស្អាត»។
គួរបញ្ជាក់ថា សំពត់ហូល អាវផាមួង សារ៉ុងសូត្រ និងក្រណាត់ហូល បងប្អូនប្រជាពលរដ្ឋបានប្រគល់ជូន មានព័ណ៌ចម្រុះ ត្បាញដោយដៃ ខ្លះមានអាយុកាល ចាប់ពីចន្លោះពី ៥០ឆ្នាំ ៤០ឆ្នាំ ឬ៣០ឆ្នាំ ឬក្រោមនោះបន្តិច តាមការរក្សាទុកបងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកព្រៃកប្បាស ដោយមានក្បាច់រចនាផ្សេងៗ យ៉ាងស្រស់ស្អាត ដូចជា ក្បាច់គោមក្រឡាការ៉ូ ក្បាច់គោមបាត់ដំបង ក្បាច់គោមផ្កាច័ន្ទ ក្បាច់គោមខ្សែពីរជាន់ក្នុងកូនគោម ក្បាច់គោមខ្សែគ្រាប់តាន់ អាវផាមួងគុណសាច់ហូលជាយ អាវផាមួងគុណសាច់ហូលជាយបិទប៉ាក់ផ្កាខាងមុខ ក្បាច់គោមកូនហ៊ីងខ្សែ ក្បាច់គោមក្រឡាសំណាញ់គោមកូនហង្ស ក្បាច់គោមសំបុកពីងពាង ក្បាច់គោមខ្សែថ្នក់ ក្បាច់គោមកន្ទេសឡង់ ក្បាច់ក្តឹបកន្ទឹមនិងក្ងោកទំលាក់កន្ទុយ ក្បាច់គោមខ្សែថ្នក់ កូនគោមក្នុងគោម ក្បាច់គោមខ្សែរថ្នក់ក្នុងគោមផ្កាយព្រឹក និងក្បាច់គោមត្បួងពេជ្រ។ ត្រូវបានសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ទទួលយកមកថែរក្សាបន្ត ដើម្បីទុកជាកេរដំណែលសម្រាប់មនុស្សជំនាន់ក្រោយបានទស្សនា និងសិក្សាស្វែងយល់ផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (4)
នីតា លេខកូដ63230368
· 2023-05-29
😯😯😯
ឃុន ចរិយ៉ា
· 2023-05-29
❤️❤️
Ya min
· 2023-05-29
😍
ណែនាំមិត្ត 12198175
· 2023-05-29
❤️🥺
- 1
ទៅកាន់