បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 04-02

កម្ពុជាប្រកាសដាក់ឲ្យអនុវត្តគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស លើទំហំទឹកប្រាក់ជាង ៨០លានដុល្លារ

#NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #មធ្យមសិក្សា#

3042

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស ដែលផ្តល់ហិរញ្ញប្បទានដោយធនាគារអភិវឌ្ឍន៍អាស៊ីចំនួន ៨០លានដុល្លារអាម៉េរិក និងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ៣.៩២លានដុល្លារអាមេរិក សរុប៨៣.៩២លានដុល្លារអាម៉េរិក។

គម្រោងនេះមានរយៈពេល៦ឆ្នាំ ចាប់ពីខែមីនា ឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០៣១ ដែលផ្តោតលើ៖ ១. ការបង្កើនលទ្ធភាពទទួលបានការអប់រំមធ្យមសិក្សាទុតិយភូមិប្រកបដោយគុណភាព។ ២. ការលើកកម្ពស់គុណភាពនៃការអប់រំមធ្យមសិក្សាទុតិយភូមិស្របតាមជំនាញសតវត្សរ៍ទី២១។ ៣. ការបង្កើនគុណភាពនៃរង្វាយតម្លៃការអប់រំមធ្យមសិក្សាទុតិយភូមិ និង៤. ការរៀបចំគន្លងអប់រំក្រោយមធ្យមសិក្សា ដោយគម្រោងបានជ្រើសរើសវិទ្យាល័យគោលដៅចំនួន២៥៩ ដើម្បីអភិវឌ្ឍទាំងផ្នែករឹង និងផ្នែកទន់។ បើតាមការឲ្យដឹងពីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការអភិវឌ្ឍផ្នែករឹង រួមមាន ការសាងសង់ និងបំពាក់បន្ទប់សិក្សាបន្ថែមចំនួន ៤១៤ និងសម្ភារបរិក្ខាទឹក និងអនាម័យ (រួមទាំងបង្គន់ចំនួន៣០០) នៅក្នុងសាលារៀនចំនួន២៣ ដែលមានសិស្សច្រើន ការកែលម្អ និងបំពាក់សម្ភារបរិក្ខាមធ្យមសិក្សាទុតិយភូមិដែលមានស្រាប់ ដើម្បីលើកកម្ពស់វិទ្យាសាស្ត្រ បែបអនុវត្ត និងការបង្រៀន និងរៀនក្រៅកម្មវិធីសិក្សា ការបង្កើត និងបំពាក់មជ្ឈមណ្ឌលទិន្នន័យអប់រំបរិយាបន្នជាដើម។

ចំណែកការអភិវឌ្ឍផ្នែកទន់ រួមមាន ការអភិវឌ្ឍគោលការណ៍ណែនាំរបស់ក្រសួងសម្រាប់សម្ភារសិក្សាដែលធន់នឹងអាកាសធាតុ ការពិនិត្យ និងបច្ចុប្បន្នកម្មស្តង់ដាសេវាកម្មអប្បបរមាសម្រាប់វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ការអភិវឌ្ឍផែនការសកម្មភាពអនុវត្តផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ឆ្នាំ ២០២៦-២០៣០ ការផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំដល់គ្រូមធ្យមសិក្សាលើជំនាញទន់ និងការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជំនាញឌីជីថល និងភាសាបរទេស ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបែបអនុវត្ត និងមូលនិធិសិក្សាប្រកបដោយភាពច្នៃប្រឌិត ការពង្រឹង និងការបញ្ជ្រាបក្របខណ្ឌការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅកម្រិតសាលារៀន ការពង្រឹងការវាយតម្លៃកម្រិតសាលារៀន ការពង្រឹងដំណើរការ និងការអនុវត្តការប្រឡងថ្នាក់ជាតិ ការអភិវឌ្ឍ និងការសាកល្បងកម្មវិធីពន្លឿនការអភិវឌ្ឍយុទ្ធសាស្ត្រ ដើម្បីទទួលស្គាល់កម្រិតឧត្តមសិក្សានៃបទពិសោធន៍ការសិក្សា និងសមត្ថភាពពីមុន ដែលជារួមគម្រោងគាំទ្រដល់ការលើកកម្ពស់ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅកម្រិតសាលារៀន ជាពិសេសនៅកម្រិតមធ្យមសិក្សា ដោយមកទល់ពេលបច្ចុប្បន្នវិទ្យាល័យធនធានមានចំនួន៦៧ បាន និងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ឬការអប់រំស្ទែម (STEM) តាមរយៈការអនុវត្តពិសោធន៍វិទ្យាសាស្ត្រនៅក្នុងបន្ទប់ពិសោធន៍វិទ្យាសាស្ត្រ បន្ទប់ ICT បន្ទប់ពហុបំណង និងបណ្ណាល័យសតវត្សរ៍ទី២១ និងការជួយគាំទ្រដល់វិទ្យាល័យបណ្តាញ៕

 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស