បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 04-03

ក្រសួងឧស្សាហកម្ម និងវិទ្យាស្ថានកំណើនបៃតងសកល ជំរុញការអភិវឌ្ឍឧស្សាហកម្មបៃតងនៅកម្ពុជា

#ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍# #ឧស្សាហកម្មបៃតង# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#

2532

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ហែម វណ្ណឌី លើកទឹកចិត្តឱ្យ GGGI ពង្រីក និងចែករំលែកភាពជោគជ័យនៃកំណើនបៃតង បន្ថែមពីលើប្រសិទ្ធភាពថាមពល ដូចជាការប្រើប្រាស់ទឹក និងការគ្រប់គ្រងកាកសំណល់របស់រោងចក្រជាដើម។

ឯកឧត្តម ហែម វណ្ណឌី លើកទឹកចិត្តដូចនេះ ក្នុងឱកាសទទួលជួបគណៈប្រតិភូមកពីវិទ្យាស្ថានកំណើនបៃតងសកល (GGGI) ដឹកនាំដោយលោកស្រី Shomi Kim នាយកប្រចាំប្រទេស ដើម្បីពិភាក្សាអំពីការជំរុញគំនិតផ្តួចផ្តើមឧស្សាហកម្មបៃតងនៅកម្ពុជា នាថ្ងៃទី២ ខែមេសាឆ្នាំ២០២៥។

ក្នុងឱកាសជំនួបនេះ ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរវិទ្យាស្ថាន GGGI ដែលបានរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពថាមពលក្នុងវិស័យកាត់ដេរ ស្បែកជើង និងទំនិញធ្វើដំណើរ។ ឯកឧត្តមបានសង្កត់ធ្ងន់លើតុល្យភាពរវាងការធ្វើឱ្យឧស្សាហកម្មកម្ពុជាកាន់តែបៃតង និងការលើកកម្ពស់ភាពប្រកួតប្រជែងនៃឧស្សាហកម្មទាំងនោះ។

ឯកឧត្តមបានស្នើឱ្យ GGGI ផ្តល់ការគាំទ្រក្នុងការរៀបចំគោលការណ៍ណែនាំស្តីពីការបង្កើតសួនអេកូឧស្សាហកម្ម សម្រាប់ជាគំរូនៃការអភិវឌ្ឍឧស្សាហកម្មប្រកបដោយនិរន្តរភាព។

ជាមួយគ្នានេះ លោកស្រី Shomi Kim បានបង្ហាញការប្តេជ្ញាចិត្តរបស់ GGGI ក្នុងការគាំទ្រកំណើនបៃតងរបស់កម្ពុជា តាមរយៈគម្រោងឧស្សាហកម្មបៃតង និងគម្រោងធុរកិច្ចដែលប្រើបច្ចេកវិទ្យាមេត្រីភាពអាកាសធាតុ។ លោកស្រីបានលើកឡើងពីកិច្ចសហការរវាង GGGI និងក្រសួង-ស្ថាប័នរដ្ឋនានា ព្រមទាំងកិច្ចខិតខំប្រឹងប្រែងក្នុងការកៀរគរហិរញ្ញប្បទានបៃតង។

លោកស្រីបានបន្ថែមថា មូលនិធិអាកាសធាតុបៃតង (GCF) បានកៀរគរមូលនិធិប្រមាណ ២២០ លានដុល្លារ សម្រាប់ផ្តល់ហិរញ្ញប្បទានដល់ក្រុមហ៊ុននៅក្នុងប្រទេសអាស៊ានចំនួន ៥ រួមទាំងកម្ពុជា ដើម្បីឱ្យក្រុមហ៊ុនទាំងនោះអនុវត្តដំណោះស្រាយបៃតងក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។ លោកស្រីក៏បានលើកឡើងពីការងារដែល GGGI កំពុងអនុវត្ត ដើម្បីផ្សារភ្ជាប់សហគ្រាសធុនតូចនិងមធ្យមក្នុងស្រុក ជាមួយក្រុមហ៊ុនសកល លើការជួញដូរឥណទានកាបូន។

អ្នកស្រី Shomi Kim បានលើកឡើងថា វិទ្យាស្ថាន GGGI បាននិងកំពុងគាំទ្រក្រុមហ៊ុនក្នុងស្រុក ក្នុងការបោះផ្សាយមូលបត្របំណុលបៃតង និងគាំទ្រធនាគារក្នុងស្រុកឱ្យទទួលបានការវាយតម្លៃទទួលស្គាល់ពីមូលនិធិ GCF សម្រាប់ការផ្តល់ហិរញ្ញប្បទានបៃតង៕

សម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

អូនតា លេខកូដ63230368

· 04-03

👌👌

កូដណែនាំ 91815366

· 04-03

👌👌

  • 1
ទៅកាន់