បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-07

រាជរដ្ឋាភិបាល ផ្ញើសារអបអរសាទរថ្ងៃបុណ្យរ៉ាយ៉ាហាជី ទៅកាន់បងប្អូនម៉ូសី្លមនៅទូទាំងសកលលោក

#ហ៊ុន ម៉ាណែត# #NEW NEWS# #សង្គម# #សាសនាម៉ូស្លីម# #សកលលោក# #ព័ត៌មានសង្គម# #រាជរដ្ឋាភិបាល#

2885

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរ និងជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនម៉ូស្លីមកម្ពុជាទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនម៉ូសី្លមនៅទូទាំងសកលលោក ដោយរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉ាយ៉ាហាជី នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។ សារសម្តេចធិបតីនាយករដ្ឋមន្ត្រី មានអត្ថន័យបែបនេះថា «ខ្ញុំ និងភរិយា សូមអបអរសាទរចំពោះបងប្អូនម៉ូស្លីមកម្ពុជា ចំនួន ១២០០នាក់ ដែលបានទៅចូលរួមប្រារព្ធពិធីបុណ្យហាជី ដែលជាកាតព្វកិច្ចរបស់ជនម៉ូស្លីមដែលមានលទ្ធភាព និងជាសសរស្តម្ភទី៥ ក្នុងសាសនាឥស្លាម ដោយប្រារព្ធឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត ជាមួយនឹងបងប្អូនមកពីគ្រប់ជាតិសាសន៍ជុំវិញសកលលោក»។

សម្តេចធិបតី បានបញ្ជាក់បន្ថែមថា «ខ្ញុំ និងភរិយា សូមផ្ញើនូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនម៉ូស្លីមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាពជាមួយបងប្អូនប្រជាពលរដ្ឋកម្ពុជា ប្រកបដោយសុខដុមនីយកម្មសាសនា និងជាតិសាសន៍ ស្របតាមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា»។

ជាចុងបញ្ចប់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានជូនពរបងប្អូនម៉ូស្លីមកម្ពុជាទាំងក្នុង និងក្រៅប្រទេស ទទួលបាននូវរ៉ស់ម៉ាត់​ ស្លើម៉ាត់ និងប៉ារ៉ាកាត់ នៅក្នុងឱកាសនៃថ្ងៃរ៉ាយ៉ាហាជី ទាំងបងប្អូនដែលកំពុងបំពេញកាតព្វកិច្ចហាជី នៅប្រទេសអារ៉ាប៊ីសាអូឌីត និងបងប្អូនម៉ូស្លីមដែលកំពុងរីករាយសាទរ ជួបជុំញាតិមិត្តបងប្អូនផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)