
TNAOT News
· 06-07
ក្រសួងមហាផ្ទៃ បញ្ជូនថ្នាក់ដឹកនាំនគរបាលមួយក្រុម ចេញទៅប្រចាំការការពារព្រំដែនជាមួយកងទ័ព!
#ការពារព្រំដែន# #NEW NEWS# #នគរបាល# #កងទ័ព# #សង្គម# #ក្រសួងមហាផ្ទៃ# #ព័ត៌មានសង្គម#
3184
តាមការឯកភាពពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានចេញលិខិតបង្គាប់ការ ចាត់តាំងក្រុមការងារប្រចាំការ ដើម្បីគាំទ្រដល់កម្លាំងនគរបាលការពារព្រំដែន ដែលកំពុងឈរជើងប្រចាំទិសភូមិភាគ៣ ភូមិភាគ៤ និងភូមិភាគ៥ តាមខ្សែបន្ទាត់ព្រំដែនភាគខាងលិចប្រទេស។ អគ្គស្នងការបានចង្អុលភារកិច្ចឱ្យក្រុមការងារនេះឧបត្ថម្ភគាំទ្រដល់កងកម្លាំងនគរបាលការពារព្រំដែន ដែលកំពុងឈរជើងប្រចាំទិសភូមិភាគទាំង៣ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិទទួលដឹកនាំ ការងាររបស់នាយកដ្ឋានកណ្តាលនគរបាលព្រំដែន។
បើតាមលិខិតបង្គាប់ការដដែល ក្រុមការងារនេះ ត្រូវសហការជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ដើម្បីសិក្សាអំពីតម្រូវការចាំបាច់នានា មានដូចជា មធ្យោបាយ ឧបករណ៍ សម្ភារៈបច្ចេកទេស អាវុធ គ្រាប់ ការកសាង និង/ឬស្តារ ជួសជុលលេណដ្ឋាន នៅសមរភូមិជួរមុខ ព្រមទាំងផ្តើមស្នើសុំគោលការណ៍ដោះស្រាយ ផ្គត់ផ្គង់ និងបំពាក់ឱ្យបានទាន់ពេលវេលា និងទំនាក់ទំនងជាមួយក្រសួង ស្ថាប័ន អង្គភាព វិស័យឯកជន និងសប្បុរសជននានា ដើម្បីកៀរគរមធ្យោបាយ ឧបករណ៍ សម្ភារៈ ថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថ្នាំសង្កូវ សម្រាប់ផ្តល់ជូន កងកម្លាំងនគរបាលការពារព្រំដែនផងដែរ។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះថា ទន្ទឹមនឹងការឯកភាពផ្ដល់គោលការណ៍ឱ្យអគ្គស្នងការនគរបាលជាតិ បញ្ជូនថ្នាក់ដឹកនាំនគរបាលជាន់ខ្ពស់ ចេញទៅគាំទ្រដល់កម្លាំងនគរបាលការពារព្រំដែន ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់នូវជំនួយគាំទ្រចាំបាច់ជាច្រើនទៀតដល់នគរបាលការពារព្រំដែន ដែលបាននិងកំពុងឈរជើងជាមួយកងយោធពលខេមរភូមិន្ទតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ រួចរាល់ហើយ ខណៈជំនួយចាំបាច់មួយចំនួនទៀតក៏នឹងត្រូវផ្ដល់ជាបន្តបន្ទាប់ដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (1)
កូដណែនាំ 91815366
· 06-08
👍👍
- 1
ទៅកាន់