
TNAOT News
· 06-15
ក្នុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ បានឯកភាពអនុម័តលើរបៀបវារៈចំនួន៤
#គណៈកម្មការចម្រុះព្រំដែន# #ឯកភាពអនុម័ត# #ព្រំដែនកម្ពុជា-ថៃ# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#
2965
ភាគីកម្ពុជា និងភាគីថៃបានរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ លើកទី៦ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តពិភាក្សា និងជំរុញ ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ។
មុនកិច្ចប្រជុំពេញអង្គ JBC គឺមាន កិច្ចប្រជុំចង្អៀតរវាងភាគីកម្ពុជា-ថៃ ដោយភាគីកម្ពុជាដឹកនាំដោយឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា និងឯកឧត្តម ប្រាសាស ប្រាសាសវិនិច្ឆ័យ ទីប្រឹក្សាក្រសួងការបរទេសថៃ និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ។ បន្ទាប់ពីកិច្ចប្រជុំចង្អៀត ភាគីទាំងពីរ បានបន្តពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ដោយបានឯកភាពអនុម័តលើរបៀបវារៈចំនួន៤។
ទី១. ពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី៤ របស់អនុគណៈកម្មការ បច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។ ទី២. ពិនិត្យ និងពិភាក្សាលើការកែសម្រួល TOR ឆ្នាំ២០០៣ ពាក់ព័ន្ធការផលិតផែនទី អ័រតូហ្វូតូ (ជំហាន២ ក្នុងចំណុច៤ នៃ TOR)។
ទី៣. ពិភាក្សា និងអនុម័តលើការបញ្ជូនក្រុមវាស់វែងចម្រុះ ចុះវាស់វែង និងខណ្ឌសីមាព្រំដែន នៅលើដីជាក់ស្តែង នៅចន្លោះទីតាំងពិតប្រាកដនៃបង្គោលព្រំដែនដែលបានឯកភាពគ្នា (កំណាត់ខ្សែព្រំដែនដើរតាមផ្លូវទឹក និងកំណាត់ខ្សែត្រង់) ទី៤. ពិភាក្សាលើសេចក្តីណែនាំលើការវាស់វែងនៅ Sector 6 (ចំណុច IX នៃកិច្ចប្រជុំ លើកទី៤ និងកិច្ចប្រជុំពិសេសរបស់ JBC ឆ្នាំ២០០៩)។
នៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ លោក ឡាំ ជា ក៏បានជម្រាបជូនសមភាគីថៃថា ដើម្បីជាប្រយោជន៍ធានាបាននូវដំណោះស្រាយលើបញ្ហាព្រំដែនប្រកបដោយយុត្តិធម៌ មិនលម្អៀង និងជាដំណោះស្រាយស្ថាពរសម្រាប់ប្រទេសទាំងពីរ ភាគីកម្ពុជា បានស្នើភាគីថៃចូលរួមជាមួយភាគីកម្ពុជា ក្នុងការនាំយកវិវាទព្រំដែននៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការ យុត្តិធម៌អន្តរជាតិ (ICJ) និងបានបញ្ជាក់សាជាថ្មីអំពីជំហររបស់កម្ពុជា ក្នុងការចាប់ផ្ដើមដំណើរការនីតិវិធី ច្បាប់ដោយឯករាជ្យម្ចាស់ការ ទោះបីជាភាគីថៃបដិសេធសមត្ថកិច្ចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក៏ដោយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (3)
អូនតា លេខកូដ63230368
· 06-15
👌👌
សហ្វីយ៉ា កំពូលស្នេហ៍
· 06-15
👍👍👍
សហ្វីយ៉ា កំពូលស្នេហ៍
· 06-15
😯😯😯😯😯
- 1
ទៅកាន់