បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-24

ឯកឧត្តម វ៉ាត់ ចំរើន៖ ភ្ញាក់ផ្អើលខ្លាំង ខណៈអ្នករត់ចម្ងាយឆ្ងាយ៤២គីឡូម៉ែត្រឆ្នាំនេះ មានជនជាតិខ្មែរចូលរួមច្រើនជាងគេ

#ឯកឧត្តម វ៉ាត់ ចំរើន# #TNAOT SPORT# #កីឡា# #កីឡាជាតិ# #រត់ប្រណាំងម៉ារ៉ាតុង#

2277

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ជឿជាក់ថាទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ (Angkor Empire Marathon) លើកទី១០ នឹងមានកំណើនអ្នកចូលរួមពី ៤ពាន់ ទៅ ៥ពាន់នាក់ ខណៈវិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រ ទទួលបានការចុះឈ្មោះរត់ពីប្រជាពលរដ្ឋខ្មែរច្រើនជាងគេ បើធៀបនឹងជនជាតិដ៍ទៃ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានលើកឡើងថា មកដល់ពេលនេះ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរលើកទី១០ មានអ្នកចុះឈ្មោះប្រមាណជាង ៣ពាន់នាក់ ស្មើនឹង ៥៧ជាតិសាសន៍ ហើយជនបរទេសចូលរួមច្រើនជាងគេ គឺ ចិន ជប៉ុន ម៉ាឡេស៊ី និងអង់គ្លេស។ 

ឯកឧត្តមអគ្គលេខាធិការូបនេះ បានគូសបញ្ជាក់ថា អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺមានពលរដ្ឋខ្មែរប្រមាណ ៦០០នាក់ ដែលបានចុះឈ្មោះរត់ចម្ងាយ ៤២គីឡូម៉ែត្រ ខណៈលោកចាត់ទុកនេះគឺជាតួរលេខដ៏ខ្ពស់ និងគួរឲ្យចាប់អារម្មណ៍ ដែលបញ្ជាក់ពីសុខមាលភាពកាន់តែល្អប្រសើររបស់ប្រជាពលរដ្ឋខ្មែរ ស្របពេលមានជនបរទេសប្រមាណ ២០០នាក់ប៉ុណ្ណោះ ដែលបានចុះឈ្មោះរត់ចម្ងាយឆ្ងាយនេះ។ 

ឯកឧត្តមបានលើកឡើងយ៉ាងដូច្នេះថា «យើងកំពុងតែរៀបចំនូវផែនការយុទ្ធសាស្ដ្រជាមួយដៃគូចិន នៅឆ្នាំក្រោយៗទៀត ព្រោះជាយុទ្ធសាស្ដ្ររបស់យើង ក្នុងការស្រូបទាញអ្នករត់ជនជាតិចិន យ៉ាងហោច ៥ពាន់នាក់ នាប៉ុន្មានឆ្នាំខាងមុខទៀត ដោយភាគីចិន បានធានាថា ២ ឬ ៣ឆ្នាំទៀត នឹងអាចឈានដល់គោលដៅនេះ” ។

លោក សែម ផល្លា នាយកបច្ចេកទេសគណៈកម្មការម៉ារ៉ាតុង អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ មាន ៤វិញ្ញាសា គឺមានរត់ចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និងរត់កម្សាន្ដលក្ខណៈគ្រួសារ ៣គីឡូម៉ែត្រ។

លោកក៏បានអំពាវនាវដល់អ្នកមានបំណងចង់ចូលរួម រួសរាន់ធ្វើការចុះឈ្មោះឲ្យបានទាន់ពេលវេលា ដើម្បីងាយស្រួលគណៈកម្មការរៀបចំសម្ភារៈជូន ពិសេសគឺការចូលរួមឲ្យបានច្រើនកុះករ ដើម្បីផ្សព្វផ្សាយពីព្រឹត្តិការណ៍ម៉ារ៉ាតុងតែមួយគត់នៅកម្ពុជានេះលើឆាកអន្ដរជាតិ។

គួរបញ្ជាក់ថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ ត្រូវបានរៀបចំរៀងរាល់ឆ្នាំ ដើម្បីចូលរួមជំរុញវិស័យទេសចរណ៍ ក៏ដូចជាជួយដល់ប្រតិបត្តិករទេសចរណ៍ កំឡុងរដូវភ្លៀង ឬរដូវបៃតង់(Green Season) ដែលមានការថយចុះភ្ញៀវទេសចរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់