បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-29

ក្រសួងបរិស្ថានចេញលិខិតឱ្យបិទផ្នែកផលិតកម្មរបស់ក្រុមហ៊ុនមួយ ដោយសារបន្តបំពុលព្រែកកំពង់ស្មាច់នៅស្រុកព្រៃនប់ខេត្តព្រះសីហនុ

#ក្រុងព្រះសីហនុ# #សង្គម# #ការបំពុលទឹក# #ក្រសួងបរិស្ថាន# #DEVELOPING NEWS# #ព័ត៌មានសង្គម#

2433

ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd ត្រូវបានក្រសួងបរិស្ថានចេញលិខិតឱ្យបិទផ្នែកផលិតកម្ម ដោយសារបន្តបំពុលព្រែកកំពង់ស្មាច់នៅស្រុកព្រៃនប់ខេត្តព្រះសីហនុ។

ក្រសួងបរិស្ថាន តាមរយៈលិខិតចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានតម្រូវឱ្យក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd ផ្អាកសកម្មភាពផលិតកម្ម រហូតដល់មានការកែតម្រូវតាមច្បាប់ និងគោលការណ៍ដែលមានជាធរមាន។ ក្រុមការងារក្រសួងបរិស្ថាន ដោយមានការចូលរួមពីអភិបាលស្រុកព្រៃនប់ លោកមេឃុំ ទឹកល្អក់ លោកមេឃុំ ទឹកថ្លា លោកមេឃុំ សាមគ្គី និងតំណាងប្រជាពលរដ្ឋរងផលប៉ះពាល់ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានចុះអនុវត្តវិធានការច្បាប់ចំពោះក្រុមហ៊ុននេះ ដែលធ្វើការកែច្នៃស្បែកគោ មានទីតាំងនៅក្នុងភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 

កន្លងមក ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd បានបង្ហូរសំណល់រាវ ចូលប្រភពទឹកសាធារណៈ ច្រើនលើក។ នៅថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ២០២១ មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានចេញលិខិតបញ្ជាឱ្យកែប្រែ និងធ្វើការផាកពិន័យរោងចក្រម្តងហើយ។ ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០២២ មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានចេញលិខិតបញ្ជាឱ្យកែប្រែ និងផាកពិន័យរោងចក្រជាលើកទី២។ក្រោយនៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០២២ រោងចក្រនៅតែបង្ហូរសំណល់រាវចូលទៅក្នុងព្រែកទៀត មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានចេញលិខិតបញ្ជាឱ្យកែប្រែ និងផាកពិន័យរោងចក្រជាលើកទី៣។ 

ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd. នៅថ្ងៃទី ១៨-១៩ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានបានរកឃើញ ថាបានបង្កការបំពុលព្រែកកំពង់ស្មាច់ និងប្រព័ន្ធទឹកពាក់ព័ន្ធ ដែលមានទៅតាំងនៅកបែរក្រុមហ៊ុន។ សម្រាប់ករណីបំពុលនេះ ក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការបន្ទាន់ ដែលបានសម្រេចឱ្យ ផ្អាកសកម្មភាពផលិតកម្ម លើការបញ្ចេញសំណល់រាវចេញក្រៅ និងត្រូវបានពិន័យអន្តរការណ៍ និង ការផ្ដល់សំណងការខូចខាតបរិស្ថាន។

រហូតដល់ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ២០២៥ ឃើញមានការបង្ហូរទឹកកខ្វក់ចូលព្រែកម្តងទៀត បន្ទាប់មកនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារក្រសួងបរិស្ថាន បានចុះពិនិត្យទីតាំងជាក់ស្តែង បន្ថែមទៀត បន្ទាប់ពីថ្មីៗកន្លងមកមកនេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានរាយការណ៍ថា ក្រុមហ៊ុន មិនបានអនុវត្តតាមវិធានការច្បាប់ ដែលបានដាក់ចេញកន្លងមកនោះទេ និងនៅតែបន្តបង្ហូរសំណល់រាវ មិនបានឆ្លងកាត់ការធ្វើប្រព្រឹត្តកម្ម សម្អាតត្រឹមត្រូវ និង បង្ករឱ្យមានការបំពុលតំបន់ទឹកព្រែកកំពង់ស្មាច់។

ក្រសួងបរិស្ថានបានសម្រេចបិទផ្នែកផលិតកម្មរបស់ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd និងក្រុមហ៊ុន Cambodian Noble Taste Food Co., Ltd ដែលមិនបានអនុវត្តច្បាប់និងបន្តបញ្ចេញសំណល់រាវ ប៉ះពាល់ព្រែកកំពង់ស្មាច់ និងព្រែកផ្អាវ នៅក្នុងឃុំសាមគ្គី ឃុំទឹកល្អក់ និងឃុំទឹកថ្លា ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រុមការងារក្រសួងបរិស្ថាន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានប្រគល់លិខិតស្តីពីការផ្អាកដំណើរការផលិតកម្មរបស់ក្រុមហ៊ុនទាំង២ រហូតដល់មានការកែតម្រូវតាមច្បាប់ និងគោលការណ៍ដែលមានជាធរមាន ជូនទៅម្ចាស់និងតំណាងក្រុមហ៊ុន ដោយមានការចូលរួមពីអភិបាលរងស្រុកព្រៃនប់ លោកមេឃុំ ទឹកល្អក់ លោកមេឃុំ ទឹកថ្លា លោកមេឃុំ សាមគ្គី និងតំណាងប្រជាពលរដ្ឋរងផលប៉ះពាល់។  

នៅពេលនេះ ក្រសួងបរិស្ថានបានសម្រេចបិទផ្នែកផលិតកម្មរបស់ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltdនេះ រហូតដល់មានការកែតម្រូវតាមច្បាប់ និងគោលការណ៍ដែលមានជាធរមាន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនត្រូវទទួលរងពិន័យអន្តរការណ៍ ត្រូវផ្តល់សំណងផលប៉ះពាល់ ត្រូវស្តារការខូចខាតបរិស្ថានឡើងវិញ និងអនុវត្តតាមវិធានការបច្ចេកទេស ដែលបានលកំណត់តាមច្បាប់និងបទដ្ឋានគតិយុត្តជាធរមាន។ក្នុងករណីក្រុមហ៊ុនមិនបានអនុវត្តតាមការសម្រេចខាងលើ ក្រសួងបរិស្ថាននឹងមានចំណាត់ការបិទក្រុមហ៊ុនតាមច្បាប់ និងគោលការណ៍ជាធរមាន៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (5)

ចិន ឆាយលីហ៊ត072

· 06-30

😍😍

ចិន ឆាយលីហ៊ត

· 06-30

😍😍

Chen Lyhot 460633

· 06-29

😘😘

អូនតា លេខកូដ63230368

· 06-29

👍👍👍

ពូបុរី

· 06-29

បញ្ហានេះមានតែក្រុមហ៊ុនគួរបង្កើតនិងសាងសង់ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ឲ្យបានចេញជារូបរាង ហើយអនុវត្តទៅតាមវិធានការដែលអាជ្ញាធរកំណត់ឲ្យ បើមិនដូច្នោះទេក្រុមហ៊ុននេះនិងត្រូវបិទអាជ្ញាប័ណ្ណ ដោយស្វ័យប្រវត្តិជាមិនខានឡើយ។

  • 1
ទៅកាន់