
TNAOT News
· 07-03
ក្រុមហ៊ុនជប៉ុនចាប់អារម្មណ៍ខ្ពស់ក្នុងការវិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅកម្ពុជា
#ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ក្រុមហ៊ុនជប៉ុន# #ឯកឧត្តម ហែម វណ្ណឌី#
2206
ក្រុមហ៊ុន Marubeni បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការវិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅប្រទេសកម្ពុជា ដោយអនុវត្តគំរូអាជីវកម្មស្រដៀងគ្នា សម្រាប់ទាំងតំបន់ទីក្រុង និងការពង្រីកទៅតំបន់ជនបទ។
ប្រតិភូក្រុមហ៊ុនជប៉ុនបញ្ជាក់ដូចនេះក្នុងឱកាស ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូសាជីវកម្ម Marubeni ដែលជាក្រុមហ៊ុនឈានមុខមួយរបស់ប្រទេសជប៉ុន និងបានពិភាក្សាអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យទឹកស្អាតនៅកម្ពុជា ដោយផ្តោតលើការរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG 6.1) ការសម្រេចបាននូវសាកលកម្ម និងសមធម៌ទឹកបរិភោគដែលមានសុវត្ថិភាព និងថ្លៃសមរម្យសម្រាប់ប្រជាជនទាំងអស់ត្រឹមឆ្នាំ២០៣០។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំ តំណាងក្រុមហ៊ុន Marubeni បានជម្រាបជូនអំពីប្រតិបត្តិការសាកលរបស់ខ្លួនក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត រួមទាំងប្រតិបត្តិការដែលបម្រើប្រជាជន១០លាននាក់នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ២លាននាក់នៅប្រទេសឈីលី និង១លាននាក់នៅក្នុងតំបន់ផ្សេងទៀត។
ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ ដោយជម្រាបជូនថា រាជរដ្ឋាភិបាលបើកចំហចំពោះការវិនិយោគឯកជន និងផ្តោតលើដំណោះស្រាយយុទ្ធសាស្រ្ត ប្រកបដោយចីរភាព ជាជាងដំណោះស្រាយរយៈពេលខ្លី និងខ្នាតតូច ដោយបានថ្លែងថា ការវិនិយោគក្នុងវិស័យទឹកស្អាត ទោះបីមិនផ្តល់ប្រាក់ចំណេញខ្ពស់ និងឆាប់រហ័ស គឺជាការវិនិយោគមួយដែលមានសុវត្ថិភាព ហើយសេវាសាធារណៈនេះមានសារៈសំខាន់ខ្លាំងសម្រាប់សង្គមជាតិ។
ឯកឧត្តមក៏បានលើកទឹកចិត្តក្រុមហ៊ុន Marubeni ឱ្យធ្វើផែនការរយៈពេលវែង ដោយគិតគូរអំពីកំណើនតម្រូវការសម្រាប់ការរស់នៅ និងសម្រាប់តំបន់អភិវឌ្ឍន៍ឧស្សាហកម្មនាពេលអនាគត ទន្ទឹមនឹងនោះ ស្វែងរកគំរូអាជីវកម្មដែលមានភាពបត់បែន រួមទាំងការលក់ដុំទឹកឱ្យរដ្ឋាករទឹក ដោយក្រុមហ៊ុនអាចវិនិយោគលើរោងចក្រប្រព្រឹត្តិកម្ម និងបណ្តាញចែកចាយ។
Marubeni គឺជាក្រុមហ៊ុនវិនិយោគដ៏ធំបំផុតមួយរបស់ប្រទេសជប៉ុន ដែលមានប្រតិបត្តិការអាជីវកម្មចម្រុះ នៅទូទាំងពិភពលោក រួមទាំងវិស័យគ្រឿងចក្រ ថាមពល សារធាតុគីមី ចំណីអាហារ វាយនភ័ណ្ឌ លោហធាតុនិងរ៉ែ និងវិស័យផ្សេងទៀតជាច្រើន។ នៅក្នុងវិស័យផ្គត់ផ្គង់ទឹក Marubeni បានសហការជាមួយរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដោយប្រើប្រាស់ជំនាញ បទពិសោធ និងបណ្តាញសកលរបស់ខ្លួន ក្នុងការផ្តល់ដំណោះស្រាយសម្រាប់បញ្ហាកង្វះទឹកស្អាត និងគុណភាព៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (1)
លី ផានី
· 07-03
😍
- 1
ទៅកាន់