TNAOT News

· 07-07

អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ចេញប្រតិកម្មចំពោះទង្វើរបស់ទាហាន និងពលរដ្ឋថៃនៅប្រាសាទតាក្របី

#ក្រសួងការពារជាតិ# #ទាហាន# #NEW NEWS# #ប្រាសាទតាក្របី# #សង្គម# #អ្នកនាំពាក្យក្រសួង# #ព័ត៌មានសង្គម#

2827

លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានផ្ញើសារ៦ចំណុចឆ្លើយតបចំពោះទង្វើរបស់ទាហានថៃ និងពលរដ្ឋថៃនៅប្រាសាទតាក្របី បន្ទាប់ពីមានការប៉ះទង្គិចពាក្យសម្តីគ្នារវាងទាហានថៃ និងប្រជាជនថៃ ជាមួយពលរដ្ឋខ្មែរ ដែលទៅទស្សនានៅប្រាសាទតាក្របីកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥វេលាម៉ោង ៤រសៀល។ ខណៈដែលភ្ញៀវទេសចរកម្ពុជា បាននាំគ្នាចូលទៅទស្សនាប្រាសាទតាក្របី ហើយត្រូវបានទេសចរជនជាតិថៃ និងទាហានថៃ មកហាមឃាត់ទេសចរជនជាតិកម្ពុជាមិនឱ្យថតរូបអនុស្សាវរីយ៍ និងបានហាមឃាត់ទេសចរកម្ពុជាមិនអោយបង់កក្រមាដែលមានរចនាប៉ាក់រូបទង់ជាតិកម្ពុជា។ទី១. កម្ពុជាបដិសេធដាច់អហង្ការចំពោះការអះអាងរបស់សារព័ត៌មាន ទាហាន និងប្រជាជនថៃមួយចំនួន ដែលបានលើកឡើងថាប្រាសាទតាក្របី ស្ថិតក្នុងអធិបតេយ្យរបស់ខ្លួន គឺជាការបំភ្លៃ និងបំភាន់ខុសពីការពិតទាំងស្រុងដោយសារភាគីថៃបានប្រើប្រាស់ និងសំអាងលើផែនទីដែលគូសជាឯកតោភាគី និងគ្មានតម្លៃតាមផ្លូវច្បាប់។, ទី២. កម្ពុជាសូមបញ្ជាក់សាជាថ្មីថា ប្រាសាទតាក្របី ដែលស្ថិតក្នុងភូមិសាស្ត្រ មានទីតាំងស្ថិតនៅលើភ្នំដងរ៉ែក ភូមិមនោរម្យសែនជ័យ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ គឺស្ថិតក្នុងបូរណភាពទឹកដី និងអធិបតេយ្យទាំងស្រុងរបស់កម្ពុជា ដោយផ្អែកលើផែនទីស្របច្បាប់ ដែលអន្តរជាតិទទួលស្គាល់។ បើចង់ដឹងច្បាស់ថា ប្រាសាទតាក្របីនេះជាកម្មសិទ្ធិរបស់អ្នកណា ភាគីថៃត្រូវចូលរួមជាមួយកម្ពុជាក្នុងការដោះស្រាយករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។

ទី៣. ទាហានថៃបានហាមមិនឱ្យប្រជាជនកម្ពុជាប្រើប្រាស់ក្រមាបង់ករចនារូបទង់ជាតិកម្ពុជាតូចមួយ ស្របពេលដែលអនុញ្ញាតឱ្យប្រជាជនថៃខ្លួនឯងប្រើប្រាស់អាវ និងពាក់របស់របរផ្សេងៗមានរូបទង់ជាតិថៃយ៉ាងសន្ធឹកសន្ធាប់។ ទង្វើរនេះជាការបំពានកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមកទាំងស្រុង។, ទី៤. ប្រជាជនកម្ពុជាមានសិទ្ធិស្លៀកសំលៀកបំពាក់ និងប្រើប្រាស់សម្ភារៈដែលមានរចនារូបទង់ជាតិកម្ពុជាបានពេលទៅទស្សនាប្រាសាទតាក្របី។ ព្រោះចំនុចនេះមិនបានបំពានកិច្ចព្រមព្រៀងឡើយ។

ទី៥. អ្នកទេសចរជនជាតិថៃម្នាក់បានផ្ទុះកំហឹងចង់ប្រើប្រាស់អំពើហិង្សាមកលើអ្នកទេសចរកម្ពុជា ដែលកំពុងពន្យល់ដោយលើកហេតុផលត្រឹមត្រូវ និងគ្រាន់តែនិយាយថាប្រាសាទតាក្របីនេះនៅក្នុងទឹកដីកម្ពុជាទាំងស្រុង ហើយសួរថាហេតុអ្វីបានប្រជាជនថៃប្រើរូបទង់ជាតិបាន បែរជាមកហាមប្រជាជនកម្ពុជា។, ទី៦.កម្ពុជានៅតែបន្តអនុវត្តកិច្ចព្រមព្រៀងនេះដោយម៉ឺងម៉ាត់ និងការទទួលខុសត្រូវខ្ពស់ ក្នុងនាមជាមិត្តជិតខាងល្អ។ ភាគីថៃត្រូវគោរពតាមកិច្ចព្រមព្រៀង ដែលបានឯកភាពគ្នាហើយនេះឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងបង្កឱ្យមានភាពតានតឹង ឬឧប្បត្តិហេតុណាមួយដែលភាគីទាំងពីរសុទ្ធតែមិនចង់ឃើញផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស