បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 07-08

មិនធម្មតា! កីឡាប្រដាល់គុនខ្មែរ-ចិន ទាក់ទាញអ្នកទស្សនាជាង ៤២ម៉ឺននាក់នៅក្នុងប្រទេសចិន!

#កីឡាប្រដាល់គុនខ្មែរ# #TNAOT SPORT# #កីឡា# #ប្រទេសចិន# #ប្រដាល់ខ្មែរ#

2170

ព្រឹត្តិការណ៍ប្រកួតលក្ខណៈមិត្តភាពជាតិ និងអន្តរជាតិរវាងកម្ពុជា និងចិន កាលពីថ្ងៃទី៦ ខែកក្កដា ពិតជាបានបន្សល់ទុកនូវទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើល និងមោទកភាពយ៉ាងខ្លាំង។ ការប្រកួតដ៏កក្រើកមួយនេះ បានទាក់ទាញអ្នកទស្សនារហូតដល់ទៅ ៤២ម៉ឺននាក់ តាមរយៈបណ្តាញផ្សព្វផ្សាយរបស់ប្រទេសចិន ដែលជាតួលេខដ៏ខ្ពស់មិនធ្លាប់មាន និងបានបង្ហាញពីសក្តានុពលដ៏ធំធេងនៃវិស័យកីឡាប្រដាល់គុនខ្មែររបស់កម្ពុជាទៅកាន់ក្រៅប្រទេស។

ការប្រកួតដ៏អស្ចារ្យ និងស្វិតស្វាញរវាងកីឡាករ "គុនខ្មែរ" កម្ពុជា និងកីឡាករមកពីប្រទេសចិន មិនត្រឹមតែជាការបង្ហាញសមត្ថភាពកីឡាប៉ុណ្ណោះទេ ថែមទាំងបានពង្រឹងចំណងមិត្តភាព ដ៏រឹងមាំរវាងប្រទេសទាំងពីរ កម្ពុជា-ចិន លើគ្រប់វិស័យ ជាពិសេសវិស័យកីឡាគុនខ្មែរ រវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងស្ថាប័ន Emei Legend របស់ចិន។ ព្រឹត្តិការណ៍នេះក៏ជាឱកាសដ៏ល្អមួយដើម្បី បង្ហាញពីភាពរីកចម្រើន គួរឱ្យកត់សម្គាល់នៃក្បាច់គុន និងកីឡាប្រដាល់របស់ប្រទេសទាំងពីរ ដែលបានវិវត្តន៍ខ្លួនឈានទៅមុខជាលំដាប់។

លើសពីនេះ តួលេខនៃការទស្សនាដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានបញ្ជាក់យ៉ាងច្បាស់ពីប្រជាប្រិយភាពនៃកីឡាប្រដាល់គុនខ្មែរ ដែលកំពុងតែរីកសាយភាយកាន់តែខ្លាំងឡើង។ ព្រឹត្តិការណ៍មិត្តភាពអន្តរជាតិបែបនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការ លើកស្ទួយក្បាច់គុនបុរាណខ្មែរ ឱ្យកាន់តែល្បីល្បាញលើឆាកអន្តរជាតិ ព្រមទាំងទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រកីឡា និងអ្នកទេសចរអន្តរជាតិ។ ការផ្សព្វផ្សាយតាមបណ្តាញចិន បានជួយជំរុញ វិស័យទេសចរណ៍ កម្ពុជា តាមរយៈការបង្ហាញវប្បធម៌ និងសក្តានុពលរបស់ប្រទេសទៅកាន់ពិភពលោក។

នៅពីក្រោមភាពជោគជ័យនៃព្រឹត្តិការណ៍នេះ តែងតែមានវត្តមានរបស់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ដែលក្រុមហ៊ុនកូនខ្មែរ តែងតែលេចមុខជានិច្ចក្នុងការចូលរួមឧបត្ថម្ភគ្រប់សកម្មភាពកីឡាផ្សេងៗ ជាពិសេសកីឡាប្រដាល់គុនខ្មែរ ក្នុងការលើកកម្ពស់គុនខ្មែរឲ្យកាន់តែរីកចម្រើនទៅមុខឥតឈប់ឈរ។ ការគាំទ្រដ៏ប្រពៃនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាប្រដាល់គុនខ្មែរ និងវប្បធម៌ជាតិ ដែលបានធ្វើឱ្យព្រឹត្តិការណ៍ដ៏ធំនេះអាចប្រព្រឹត្តទៅបានយ៉ាងរលូន និងទទួលបានលទ្ធផលជាទីគាប់ចិត្ត។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរ-ចិន កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ នេះ មិនត្រឹមតែជាការប្រកួតកីឡាធម្មតានោះទេ តែវាក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលបានពង្រឹងមិត្តភាព បង្ហាញពីការរីកចម្រើន លើកស្ទួយក្បាច់គុនជាតិ និងជំរុញវិស័យទេសចរកម្ពុជាឱ្យកាន់តែល្បីល្បាញលើឆាកអន្តរជាតិថែមទៀតផង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

HSGKUN

· 07-08

👍😊

ពិនិត្យការឆ្លើយតបទាំងអស់( 1 )
  • 1
ទៅកាន់