បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 07-09

អ្នកលក់ដូរនៅតាមបណ្តោយផ្លូវផ្សារតាំងកសាង សុខចិត្តឲ្យប៉ះពាល់ការលក់ដូរ ឲ្យតែផ្លូវដែកត្រូវបានរើចេញ

#អ្នកលក់ដូរ# #NEW NEWS# #ខណ្ឌសែនសុខ# #ផ្លូវរថភ្លើង# #សង្គម# #ព័ត៌មានសង្គម# #គ្រោះថ្នាក់ចរាចណ៍#

3148

ក្រោយពីមានករណីនិស្សិតស្រីម្នាក់ ជិះម៉ូតូរអិលដួលដោយសារផ្លូវរថភ្លើងនៅលើបណ្តោយផ្លូវផ្សារតាំងកសាង បណ្តាលឲ្យរថយន្តកិនស្លាប់ កាលពីយប់ថ្ងៃទី៣ ខែកក្កដា គេសង្កេតឃើញថា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់ ដល់ទីតាំងកំណាត់ផ្លូវរថភ្លើងភ្ជាប់ពីខ្សែផ្លូវដែកមេចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានប្រវែង ១៥០០ម៉ែត្រ សង់នៅលើទ្រូងផ្លូវ 105K ដើម្បីពិនិត្យ និងកែសម្រួលកំណាត់ផ្លូវរថភ្លើងតភ្ជាប់នេះឡើងវិញ។ជាក់ស្តែង ក្រោយត្រួតពិនិត្យរួចរាល់ហើយ ក្រសួងសាធារណការ និងក្រុមហ៊ុន Royal Railway ក៏បានសម្រេចកែសម្រួលផ្លូវដែក ដែលស្ថិតនៅតាមបណ្ដោយផ្លូវផ្សារតាំងកសាង មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឡើងវិញ ក្រោយផ្អាកដំណើរការ និងបន្ទាប់ពីប្រជាពលរដ្ឋសំណូមពរ។

អ្នកលក់ម្ហូបអាហារ ក្បែរទីតាំងផ្លូវដែក បានសម្តែងក្តីរីករាយជាមួយចំណាត់ការរបស់ក្រសួងសាធារណការ ក៏ព្រោះតែកន្លងមកផ្លូវដែកនេះ គឺតែងតែងបង្កគ្រោះថ្នាក់ជាញឹកញយទៅដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ជាពិសេសអ្នកដែលមកពីចម្ងាយមិនដឹងស្ថានភាពផ្លូវច្បាស់ អាចនឹងមានគ្រោះថ្នាក់រហូតដល់មានអ្នកបាត់បង់អាយុជីវិត។ជាមួយគ្នានេះ អ្នកស្រី សុខា ក៏បានលើកឡើងថា អ្នកស្រីពិតជាសប្បាយចិត្តខ្លាំងណាស់ដែលក្រសួងសាធារណការ ព្រមដកផ្លូវដែកនេះចេញ ព្រោះនេះជាអ្វីដែលប្រជាពលរដ្ឋរស់នៅទីនេះតែងតែចង់ឃើញ។ អ្នកស្រីបានបន្តថា អ្នកស្រីសុខចិត្តខាតការលក់ដូរ ឲ្យតែផ្លូវដែកនេះបានដកចេញ។គួរបញ្ជាក់ផងដែរថា បន្ទាប់ពីធ្វើការកាយដកដែករ៉ៃចេញ ក្រសួងសាធារណការ និងដឹកជញ្ជូន និងចាក់បេតុង សាងសង់ផ្លូវនេះឱ្យបានស្អាតឡើងវិញស្របតាមស្តង់ដារបច្ចេកទេសផ្លូវបេតុងទាំងយប់ទាំងថ្ងៃ ដើម្បីពន្លឿនឱ្យការងារនេះចប់រួចរាល់ឆាប់បំផុត ក្នុងការធានានូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋធ្វើចរាចរណ៍តាមដងផ្លូវនេះផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)