បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 07-10

មន្ត្រីជំនាញ កំពុងរៀបចំចុះបញ្ជីភ្នំសំពៅ និងភ្នំបាណន់ ជាតំបន់បេតិភណ្ឌធម្មជាតិ

#ភ្នំបាណន់# #ធម្មជាតិ# #មន្ត្រីជំនាញ# #NEW NEWS# #ភ្នំសំពៅ# #សង្គម# #ព័ត៌មានសង្គម#

2523

មន្រ្តីជំនាញនៃក្រសួងបរិស្ថាន រួមសហការជាមួយអាជ្ញាធរខេត្តបាត់ដំបង មន្ទីរបរិស្ថានខេត្ត អង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិនៅកម្ពុជា(FFI) និង ដៃគូអភិវឌ្ឍន៍ កំពុងរួមគ្នាសិក្សាលើទិន្នន័យនិងពិនិត្យពិភាក្សា ទៅលើសក្តានុពលនៃតំបន់ភ្នំថ្មកំបោរ ចំនួន២គឺភ្នំសំពៅ និង តំបន់ភ្នំបាណន់ នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដើម្បីរៀបចំចុះបញ្ជីជាតំបន់បេតិភណ្ឌធម្មជាតិ។

មន្រ្តីអ្នកនាំពាក្យក្រសួងងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងថាតាមរយៈការរពិនិត្យ ស្រាវជ្រាវពីសំណាក់មន្រ្តីជំនាញ និងភាគីពាក់ព័ន្ធ បានកំពុងប្រែក្លាយតំបន់នេះជាតំបន់ដែលមានសក្តានុពលយ៉ាងសំខាន់ ប្រវត្តិសាស្រ្ត និងមានសម្បត្តិធនធានធម្មជាតិដែលអាចរៀបចំជាគោលដៅលំហែបៃតង។

តាមលទ្ធផលនៃកាសិក្សាស្រាវជ្រាវដោយដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ(Camera trap) នៅភ្នំបាណន់និងភ្នំសំពៅបានរកឃើញប្រភេទសត្វស្ថិតនៅក្នុងចំណាត់ថ្នាក់កំពុងរងគ្រោះថ្នាក់ជាសាកល រួមមាន សត្វពង្រូល, ក្ងោក, កែះ, ស្វាត្រោស, ស្វាក្តាម និងប្រភេទសត្វ មានដោយបង្គួរជាច្រើនទៀត ដូចជា សត្វឆ្កែចចក, ឆ្មាដាវ, ប្រម៉ា, ក្តាន់ញ៉ែងតូច និងជាពិសេសបានរកឃើញប្រភេទសត្វតុកកែ,សត្វជីងចក់ និងខ្យងគោកដែលជាប្រភេទថ្មីសម្រាប់កម្ពុជានិងពិភពលោក។

គួរបញ្ជាក់ផងដែរថា ភ្នំបាណន់ និងភ្នំសំពៅ គឺជាទីតាំងក្រុងបុរាណខ្មែរនាសម័យអង្គរ, មានសិលាចារឹក K.1434, មានប្រាសាទបុរាណ, មានល្អាងជាច្រើន និងជាទីតាំងថ្មកំបោរដ៏កម្រដែលជាអតីតនៅក្នុងសមុទ្រមានអាយុកាលក្នុងស័កទី១ Paleozoic ក្នុងសម័យកាល Permian មានអាយុកាល(២៥១-២៩៩ លានឆ្នាំមុន)។ ក្រៅអំពីសក្តានុពលតម្លៃជីវៈចម្រុះ និងធនធានធម្មជាតិ, តម្លៃវប្បធម៌ប្រវត្តិសាស្រ្ត, ភ្នំបាណន់ និងភ្នំសំពៅ គឺជាទីតាំងទាក់ទាញភ្ញៀវទេសចរទៅគោរពបូជាផ្នែកសាសនា, ទស្សនាព្រៃឈើ និងទស្សនាផ្ទាំងទស្សនីយភាពសត្វប្រចៀវ ហោះហើរចេញពីរូងជារៀងរាល់ថ្ងៃ នៅចន្លោះម៉ោង៥ ដល់ម៉ោង៦ល្ងាច ដែលផ្ទាំងទស្សនីយភាពនេះ អ្នកភូមិហៅហ្វូងប្រចៀវទាំងនោះថា«កងទ័ពប្រចៀវ» មានប្រមាណ ៥លានក្បាលផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

ounNha22

· 07-12

👌👌

កូដណែនាំ 91815366

· 07-12

👌👌

  • 1
ទៅកាន់