បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 07-10

កម្ពុជា បាននិងកំពុងពង្រឹង ភាពជាម្ចាស់លើការតាក់តែងច្បាប់ ដោយខ្លួនឯង

#ប្រទេសកម្ពុជា# #អនុវត្តច្បាប់# #សម្តេចធិបតី ហ៊ុន ម៉ាណែត# #NEW NEWS# #ច្បាប់អន្តរជាតិ# #សង្គម# #ព័ត៌មានសង្គម#

2827

កម្ពុជា បានផ្លាស់ប្តូរពីការពឹងផ្អែកលើដៃគូអភិវឌ្ឍន៍ ស្ទើរតែទាំងស្រុង ក្នុងការកសាងច្បាប់ មកកាន់ភាពជាម្ចាស់ លើការតាក់តែងច្បាប់ ដោយខ្លួនឯង និងដើម្បីខ្លួនឯង ដោយធានាសង្គតិភាព និងសមានគតិភាព រវាងគុណតម្លៃប្រវត្តិសាស្រ្តកម្ពុជា និងគុណតម្លៃសកល។ នេះបើតាមការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុង ពិធីប្រកាសដាក់ឱ្យអនុវត្ត "ក្របខ័ណ្ឌយុទ្ធសាស្រ្តនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល" នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា «អំណាចអធិបតេយ្យរបស់ជាតិ លើការតាក់តែង និងអនុវត្តច្បាប់ ត្រូវបានលើកតម្កើងបន្ថែមទៀត តាមរយៈ ការកសាងច្បាប់កម្ពុជា ដោយកម្ពុជា ជូនកម្ពុជា និងដើម្បីកម្ពុជា ជាមួយនឹងការធានាបាននូវវឌ្ឍនភាព វិបុលភាព និងផលប្រយោជន៍របស់ខ្លួន ក៏ដូចជាធ្វើសមាហរណកម្ម ទៅក្នុងប្រព័ន្ធច្បាប់អន្តរជាតិ ចូលរួមចំណែកថែរក្សាសណ្តាប់ធ្នាប់គតិយុត្ត នៅលើសកលលោក»។

ជាមួយគ្នានេះ សម្ដេចធិបតី ក៏មានប្រសាសន៍បន្តថា «រាជរដ្ឋាភិបាល បានធ្វើការកែលម្អ វិចារណកម្ម និងបច្ចុប្បន្នកម្ម ជាបន្តបន្ទាប់ ទាំងលើផ្នែកគោលនយោបាយ ទាំងផ្នែកយុទ្ធសាស្រ្ត ចាប់តាំងពីឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ២០២៤ ក្នុងទិសដៅ ធានាសង្គតិភាព និងសមានគតិភាព រវាងគុណតម្លៃប្រវត្តិសាស្រ្តកម្ពុជា និងគុណតម្លៃសកល។ ស្ថិតក្នុងស្មារតីនេះ នៅដើមឆ្នាំ២០២៤ កន្លងទៅ, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានសម្រេចញែកការដ្ឋានកែទម្រង់ច្បាប់ ដាច់ចេញពីការដ្ឋានកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដោយកំណត់ឱ្យការកែទម្រង់ច្បាប់ ស្ថិតនៅក្រោមការដឹកនាំរបស់ទីស្តីការគណៈរដ្ឋមន្រ្តី រីឯការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ស្ថិតនៅក្រោមការដឹកនាំរបស់ក្រសួងយុត្តិធម៌ និងតុលាការកំពូល ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ជាក់ស្តែងនៃបញ្ហាប្រឈម ក្នុងប្រព័ន្ធច្បាប់ខ្មែរបច្ចុប្បន្ន និងជាពិសេសឆ្លើយតបទៅនឹងមហិច្ឆតារបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដូចដែលបានកំណត់នៅក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»។ មុននឹងបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់គ្រប់ក្រសួង-ស្ថាប័ន, ដៃគូអភិវឌ្ឍន៍, វិស័យឯកជន និង តួអង្គពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមចំណែកយ៉ាងសកម្ម, អន្តរសកម្ម និងបុរេសកម្ម ស្របតាមមុខងារ និងភារកិច្ច ជាធរមាន និងក្របខ័ណ្ឌយុទ្ធសាស្រ្តនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ឈានទៅសម្រេចចេញលទ្ធផលជាក់ស្តែង ជាឧត្តមប្រយោជន៍ដល់ការពង្រឹងវប្បធម៌នីតិរដ្ឋ នៅកម្ពុជា, ជាពិសេសដើម្បីបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ, វិនិយោគិន និង វិស័យឯកជន មកលើប្រព័ន្ធច្បាប់នៅកម្ពុជាផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (3)

Luis Kom

· 07-11

👍👍

សហ្វីយ៉ា កំពូលស្នេហ៍

· 07-10

😯😯😯😯

HSGKUN

· 07-10

😊👍

  • 1
ទៅកាន់