
TNAOT News
· 07-11
ក្រុមហ៊ុន KS Seed សហការជាមួយអង្គការ អេដ អេ អាក់ ស្យុង ផ្ដល់ការបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្ម និងផ្ដល់គ្រាប់ពូជជូនពលរដ្ឋប្រមាណជាង ២០០នាក់
#កសិកម្ម# #Tnaot Interviews# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ក្រុម KS Seed#
2409
ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ និង ជម្រុញឱ្យប្រជាកសិករអាចធ្វើកសិកម្មទទួលបានទិន្នផលខ្ពស់ ក្រុមហ៊ុន ខេ អេស ស៊ីដ (K.S Seed) ដោយបានទទួលការសហការគាំទ្រឧបត្ថម្ភពីអង្គការ អេដ អេ អាក់ស្យុង (AEA) កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើការផ្ដល់គ្រាំពូជ និង បណ្ដុះបណ្ដាលពលរដ្ឋប្រមាណជាង២០០នាក់ នៅក្នុងឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ អំពីបច្ចេកទេសដាំដុះដំណាំកសិកម្ម និងការជ្រើសរើសគ្រាប់ពូជឱ្យបានត្រឹមត្រូវ។
លោក វន សំភាស់ នាយកប្រតិបត្តិអង្គការ អេដ អេ អាក់ស្យុង បានប្រាប់សារព័ត៌មាន Tnaot News កាលពីម្សិលមិញថា អង្គការ AEA បច្ចុប្បន្នបានធ្វើការសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ ជាពិសេស អាជ្ញាធរពាក់ព័ន្ធ ផ្ដោតទៅលើវារីវប្បកម្មទៅលើការចិញ្ចឹមត្រីឆ្ពង់ បង្គារ ក្ដាមសមុទ្រ និងវិស័យដំណាំកសិកម្មដែលទាក់ទងទៅលើការគាំទ្របច្ចេកដាំបន្លែជូនពលរដ្ឋជាច្រើនគ្រួសារនៅក្នុងស្រុកព្រៃនប់។
លោកបានបន្ថែមថា អង្គការអេដ អេ អាក់ស្យុង បានផ្ដល់ការគាំទ្រទៅដល់ក្រុមហ៊ុន KS Seed ដើម្បីឱ្យក្រុមហ៊ុនផ្ដល់ជាគ្រាប់ពូជបន្លែដែលធន់ទៅនិងជំងឺ និងបណ្ដុះបណ្ដាលប្រជាកសិករទៅលើបច្ចេកទេសថែទាំដំណាំ ជាពិសេសធ្វើការដាំដុះស្របទៅតាមលក្ខណៈបច្ចេកទេស និងបទដ្ឋានកសិកម្ម ដើម្បីទទួលបានទិន្នផលខ្ពស់។
លោកបានបន្ថែមថា មកទល់និងពេលនេះ ប្រជាពលរដ្ឋប្រមាណជាង៣០០០គ្រួសារហើយ ដែលទទួលបានការគាំទ្រពីអង្គការអេដ អេ អាក់ស្យុង ទៅលើការលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ តាមរយៈការចិញ្ចឹមត្រីឆ្ពង់ បង្កង ក្ដាមសមុទ្រ និងការដាំដំណាំបន្លែចម្រុះនានា។
លោក ឡុក គៀនស្រ៊ី ប្រធានបច្ចេកទេស ក្រុមហ៊ុន ខេ អេស ស៊ីដ (KS Seed) បានលើកឡើងថា ក្រោយពីទទួលបានការគាំទ្រពីអង្គការអេដ អេ អាក់ស្យុង ក្រុមហ៊ុនបានបញ្ជូនអ្នកជំនាញបច្ចេកទេសកសិកម្ម ទៅបណ្ដុះបណ្ដាលកសិករជាង២០០នាក់នៅក្នុងឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកបានបន្ថែមថា បច្ចុប្បន្នកសិករជាង១លាននាក់ហើយ ដែលក្រុមហ៊ុន ខេ អេស ស៊ីដ បានផ្ដល់ការបណ្ដុះបណ្ដាលទៅលើបច្ចេកទេសដាំដំណាំកសិកម្ម ជាពិសេសផ្ដល់ជូនគ្រាប់ពូជរបស់ក្រុមហ៊ុនទៅដល់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគេទទួលបានគ្រាប់ពូជដែលមានគុណភាពល្អ ងាយស្រួលក្នុងការប្រមូលផលបានខ្ពស់។
យ៉ាងណាមិញ លោក ចាន់ ផាន់នី កសិកររស់នៅភូមិសម្រុងចុងអូរ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបង្ហាញអារម្មណ៍រំភើបរីករាយ ដែលកសិកររូបនេះ បានចូលរួមវគ្គសិក្ខាសាលាអំពីបច្ចេកទេសដាំដុះ និងការជ្រើសរើសគ្រាប់ពូជឱ្យបានត្រឹមត្រូវ ក្នុងការដាំដុះធ្វើយ៉ាងម៉េចដើម្បីទទួលបានផលខ្ពស់ និងបានទទួលការចែករំលែកបន្ថែម អំពីការទស្សនាដោយផ្ទាល់ចំការបង្ហាញបន្លែននោងមូល នៅក្នុងភូមិអណ្ដូងថ្មរថែមទៀតផង។
គួរបញ្ជាក់ថា ក្រុមហ៊ុន ខេ អេស ស៊ីដ ឯក កាលពីថ្ងៃព្រហស្បិ៍បានប្រារពពិធីចំការបង្ហាញ ការប្រមូលផលននោងមូល(ពូជប្រហើរ)និង កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្ម និងផ្តល់ធាតុចូលកសិកម្ម ក្រោមគម្រោងសម្ព័ន្ធភាព ដើម្បីការអភិវឌ្ឍក្រកបដោយចីរភាព និងការគាំទ្រសំឡេងដើម្បីសមធម៌សង្គម របស់អង្គការ អេដ អេ អាដស្យុង ក្រោមអធិបតីភាពលោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ លោក សេត ដារ៉ាវុទ្ធ អភិបាលរងក្រុងព្រះសីហនុ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និង នេសាទខេត្តព្រះសីហនុ លោក វន សំភាស់ ប្រធានអង្គការ អេដ អេ អាដស្យុង នៅភូមិអណ្តូងថ្ម ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពី អាជ្ញាធរភូមិឃុំគោលដៅ និងកសិករនៃឃុំគោលដៅជាង200នាក់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)