
TNAOT News
· 07-15
ពលករខ្មែរជាង៥ម៉ឺននាក់បានត្រឡប់មកកម្ពុជា ខណៈដែលពលករជាង១ម៉ឺននាក់ទទួលបានឱកាសការងារធ្វើ
#ប្រទេសកម្ពុជា# #NEW NEWS# #ឱកាសការងារ# #ពលករខ្មែរ# #ព្រំដែនកម្ពុជា-ថៃ# #សង្គម# #ព័ត៌មានសង្គម#
2814
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អះអាងថា មកទល់និងពេលនេះ ពលករខ្មែរប្រមាណ ៥ម៉ឺននាក់បានត្រឡប់មកកម្ពុជាវិញ ខណៈដែលពលករខ្មែរជាង១ម៉ឺន៣ពាន់នាក់ទទួលបានឱកាសការងារធ្វើ។ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា បងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញ មានចំនួនជាង៥ម៉ឺននាក់។ ក្នុងនោះ មានអ្នកចុះឈ្មោះស្វែងរកការងារធ្វើមានប្រមាណ២ម៉ឺននាក់។ ហើយបងប្អូនដែលបានការងារធ្វើសរុបមាន ១៣ ៥២៧នាក់ គិតត្រឹមថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្ថែមថា កម្ពុជាមានការងារចម្រុះសម្រាប់បងប្អូនពលករជាង២៥ម៉ឺននាក់។ ក្នុងនោះ មានផ្នែកឧស្សាហកម្មប្រមាណ២២ម៉ឺនជាងកន្លែង ផ្នែកកសិកម្មប្រមាណ២ម៉ឺនជាងកន្លែង និងផ្នែកសេវាកម្មមានប្រមាណ៥ពាន់ជាងកន្លែង។
ឯកឧត្តម ហេង សួរបញ្ជាក់បែបនេះ៖ «យើងមិនខ្វះការងារនោះទេ។ ឥឡូវនេះ នៅកម្ពុជាយើង មែនទែនទៅ គឺខ្វះមនុស្សទៅវិញ ហើយ នៅកម្ពុជាយើងនៅខ្វះកម្លាំង មែនទែនទៅយើងមានការងារច្រើនជាងមនុស្ស។ យើងមាន២៥ម៉ឺនកន្លែង ដែលកំពុងទន្ទឹងរង់ចាំបងប្អូន»។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកទឹកចិត្តដល់ពលករខ្មែរដែលចង់បានកាងារធ្វើក្នុងស្រុក ដែលមិនទាន់ទទួលបានព័ត៌មានអំពីការស្វែងរកការងារ គឺ អាចទាក់ទងមកកាន់លេខទូរស័ព្ទ ១២៩៧ បានដោយគិតថ្លៃ ខណៈក្រសួងនឹងមានក្រុមការងារទទួលស្វាគមន៍ និងផ្តល់ព័ត៌មានអំពីកន្លែងការងារដែលនៅជិតបងប្អូន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់