បង្ហោះផ្សាយ

ខ្មែរ

Somaly

· 2019-04-09

ការសិក្សា​ថ្មី​៖​ ​សែនសុខ​ជាប់​ចំណាត់ថ្នាក់​ជា​ខណ្ឌ​ដែល​មាន​ចំនួន​បុរី​ច្រើនជាង​គេ​

0

ភ្នំពេញ៖ ខណ្ឌសែនសុខ ត្រូវបានអ្នកជំនាញផ្នែកខាងស្រាវជ្រាវអចលនទ្រព្យអះអាងថា គឺជាខណ្ឌមួយក្នុងចំណោមខណ្ឌទាំង១៤ នៅក្នុងរាជធានីភ្នំពេញ ដែលមានគម្រោង និងសំណង់បុរីលំនៅដ្ឋានច្រើនជាងគេ ខណៈដែលខណ្ឌឫស្សីកែវ ឈរនៅលំដាប់លេខរៀងបន្ទាប់។

យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia ដែលបានបង្ហាញក្នុងរបាយការណ៍របស់ខ្លួននាព្រឹកថ្ងៃទី៩ មេសានេះថា ស្របពេលដែលវិស័យសំណង់នៅកម្ពុជាកំពុងមានការអភិវឌ្ឍ និងកើនឡើងឥតឈប់ឈរ ជាពិសេសវិស័យលំនៅដ្ឋានតែម្ដងគេសង្កេតឃើញខណ្ឌសែនសុខ ដែលស្ថិតនៅប៉ែកខាងជើងឈៀងខាងលិចនៃរាជធានីភ្នំពេញ បាននិងកំពុងដើរតួឈានមុខគេលើផ្នែកសំណង់បុរី។

អ្នកស្រាវជ្រាវផ្នែកអចលនទ្រព្យជាន់ខ្ពស់ប្រចាំនៅក្រុមហ៊ុន CBRE Cambodia កញ្ញាគឹម គិនកេសាបានមានប្រសាសន៍ឱ្យថា ដោយសារតែតម្លៃអចលនទ្រព្យនៅកណ្តាលរាជធានីភ្នំពេញមានការកើនឡើងខ្ពស់ បានជម្រុញឱ្យក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានជាច្រើនងាកទៅចាប់អារម្មណ៍នៅតាមតំបន់ជាយក្រុង ជាក់ស្ដែងដូចជានៅក្នុងខណ្ឌសែនសុខជាដើម ដែលមានគម្រោងបុរីជាច្រើនកំពុងតាំងនៅទីនេះ។ កញ្ញាបានបន្តថា ចំនួនបុរីនៅក្នុងខណ្ឌសែនសុខ គឺមានរហូតដល់៤៥គម្រោង ដោយនៅក្នុងគម្រោងបុរីទាំងនោះ មានការសាងសង់លំនៅដ្ឋានច្រើនប្រភេទ ច្រើនជម្រើស ដែលលក់ក្នុងតម្លៃផ្សេងៗពីគ្នាអាស្រ័យទៅតាមទីតាំងប្រភេទផ្ទះ និងទំហំ។

កញ្ញាបន្តថា “ភាគច្រើនលំនៅដ្ឋាន ដែលទទួលបានការសាទរពីអតិថិជន គឺប្រភេទផ្ទះល្វែង និងវីឡាកូនកាត់ ព្រោះលំនៅដ្ឋានប្រភេទនេះមានតម្លៃសមរម្យ ស្របទៅនឹងកម្រិតជីវភាពរបស់ប្រជាជន”។ កញ្ញាបន្តថា បន្ទាប់ពីខណ្ឌសែនសុខ ដែលមានរហូតដល់ ៤៥ គម្រោងនោះ ខណ្ឌឫស្សីកែវឈរនៅលំដាប់ទី២ ដែលមានចំនួនបុរី៣១ គម្រោង ហើយខណ្ឌពោធិ៍សែនជ័យ ស្ថិតនៅលំដាប់ទី៣។

នាយកក្រុមហ៊ុន R Investment Group លោកឧកញ៉ាតេង រិទ្ធី បានមានប្រសាសន៍ថាខណ្ឌសែនសុខ មានសក្ដានុពលល្អ និងសមស្របទៅនឹងសំណង់លំនៅដ្ឋានងាយស្រួលរស់នៅ ហើយផ្ទៃដីនៅក្នុងខណ្ឌនេះនៅមានវិសាលភាពធំទូលាយ និងមានតម្លៃទាបអាចផ្តល់ឱកាសដល់អ្នកអភិវឌ្ឍន៍។ បន្ថែមពីនេះ អ្វីដែលជម្រុញឱ្យមានគម្រោងបុរី គម្រោងលំនៅដ្ឋានឆ្ពោះទៅកាន់ខណ្ឌមួយនេះ ព្រោះមនុស្សជាច្រើនចាប់ផ្តើមចាប់អារម្មណ៍ចូលទៅរស់នៅទីនេះ រួមជាមួយនឹងគម្រោងវិនិយោគធំៗជាច្រើន ដូចជា ផ្សារទំនើប AEON 2 , ផ្សារ Makro ជាដើម។

លោកបន្តថា “នៅថ្ងៃអនាគតក៏នឹងមានគម្រោងផ្សារទំនើបផ្សេងៗទៀត ចូលទៅកាន់ខណ្ឌមួយនេះ ដែលខ័ណ្ឌនេះនឹងអាចមានភាពរីកចម្រលន លំនាំដូចគ្នាខណ្ឌទួលគោកនាពេលបច្ចុប្បន្ន”៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស