បង្ហោះផ្សាយ

ខ្មែរ

Charlene Khaye

· 2019-04-18

ពលរដ្ឋជាង១០០គ្រួសារនៅស្រុកល្វាឯមផ្ទុះការតវ៉ា ក្រោយអាជ្ញាធរចុះកាត់ដី៥០ម៉ែត្រទុកជាកម្មសិទ្ធិរបស់រដ្ឋ

0

ខេត្តកណ្ដាល៖ ពលរដ្ឋជាង១០០គ្រួសារដែលរស់នៅក្នុងភូមិជ្រោយពិសី ឃុំទឹកឃ្លាំង ស្រុកល្វាឯម នៅព្រឹកថ្ងៃទី១៨ ខែមេសា បានលើកគ្នាធ្វើការតវ៉ា បន្ទាប់ពីអាជ្ញាធរស្រុកល្វាឯម បានចុះវាស់វែងដីស្រែប្រាំង របស់ពួកគាត់នៅចំណុចបឹងបូកវែក ហើយបានកំណត់កាត់យកប្រវែង៥០ម៉ែត្រពីមាត់បឹង ទុកជាសម្បត្តិរបស់រដ្ឋ។

លោក ប៉ុល សំអាន អាយុ៧៣ឆ្នាំមានទីលំនៅ ភូមិជ្រោយពិសី ឃុំទឹកឃ្លាំង ស្រុកល្វាឯម ដែលជាពលរដ្ឋម្នាក់ក្នុងការតវ៉ានោះបានអះអាងថា ដីនៅតំបន់នោះពលរដ្ឋបានកាន់កាប់តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ ហើយគ្រួសារខ្លះបានលក់បន្តគ្នា និងខ្លះទៀតចែកឲ្យកូនចៅជាហូរហែ ពីមួយទៅមួយ។

គាត់បន្តថា ក្រុមកសិករបានកាន់កាប់ និងលើកទំនប់ធ្វើភ្លឺស្រែប្រាំង ត្រឹមមាត់បឹង ឡើងមកលើ ហើយអាស្រ័យផលជារៀងរាល់ឆ្នាំតកូនតចៅ និងមានលិខិត កាន់កាប់គ្រប់គ្នា តាំងពីឆ្នាំ១៩៨៤ ហើយថែមទាំងបានបង់ពន្ធដីទៀតផង គឺមិនមាននរណាម្នាក់លូកចូល ឬយកដីបឹងទេ ដីបឹងនៅតែជាដីបឹង ឯដីកម្មសិទ្ធពលរដ្ឋនៅតែជាដីពលរដ្ឋ។

លុះដល់អំឡុងខែកញ្ញា ឆ្នាំ២០១៨ ក្រុមពលរដ្ឋបានលក់ដីទាំងនោះឲ្យឈ្មួញ ដោយកំណត់ត្រឹមភ្លឺស្រែ មកលើមិនចូលដីបឹងឡើយ ព្រោះដីបឹងនិងស្រែមានព្រំប្រទល់ខ័ណ្ឌចែកត្រឹមភ្លឺស្រែពួកគាត់។

លុះមកដល់ខែមីនា ឆ្នាំ២០១៩ មន្ត្រីគណៈកម្មការស្រុកល្វាឯម បានចុះវាស់វែងដីនៅចំណុចខាងលើ តាមសំណើរអ្នកទិញ ហើយនៅពេលចុះវាស់ ស្រាប់តែមន្ត្រីស្រុកបានកំណត់កាត់ដីពួកគាត់គ្រប់គ្នាម្នាក់ៗអស់៥០ម៉ែត្រជាកំហិត ចាប់ពីភ្លឺស្រែឡើងមកលើ ដើម្បីដកទុកជាសម្បត្តិរដ្ឋ។ ពេលនោះពួកគាត់មិនព្រម ទើបប៉ះទង្គិចពាក្យសម្ដី ខកខានការវាស់វែងទៅ។

ទន្ទឹមនិងនោះ ក្រុមពលរដ្ឋបានទៅប្ដឹងតវ៉ាដល់លោកមេឃុំទឹកឃ្លាំង ជាច្រើនលើកច្រើនសារ ដើម្បីឲ្យជួយដោះស្រាយ កុំកាត់ដីពួកគាត់ដល់៥០ម៉ែត្រ ប៉ុន្តែលោកមេឃុំមិនអើពើឡើយ ជាហេតុនាំឲ្យរឿងនេះ ក្ដៅក្រហាយខ្លាំងទៅៗ ទើបផ្ទុះការតវ៉ាតែម្ដង។

ចំពោះករណីនេះ លោក ភឹម ភារ៉ា អភិបាលស្រុកល្វាឯម បានថ្លែងថា រឿងកាត់ដី៥០ម៉ែត្រនេះគឺតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ខណៈអាជ្ញាធរមិនមានសិទ្ធអារកាត់ទេ គឺមន្ត្រីជំនាញ ធនធានទឹក និងឧតុនិយម សុរិយោដីអ្នកចុះវាស់វែងនិងសម្រេច។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម មិនអាចសុំការបកស្រាយបានទេ នៅព្រឹកថ្ងៃទី១៨នេះ ព្រោះទូរស័ព្ទចូលហើយគ្មានអ្នកទទួល៕ បូ ធារ៉ា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស