បង្ហោះផ្សាយ

ខ្មែរ

Chavy

· 2019-04-18

ប៉ោយប៉ែតផ្លាស់ប្តូរមុខមាត់ថ្មី ខណៈមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ

0

ខេត្តបន្ទាយមានជ័យ៖ បច្ចុប្បន្ន ក្រុងប៉ោយប៉ែតបានផ្លាស់ប្តូរមុខមាត់ថ្មី តាមដំណាក់កាលនីមួយៗក្រោមស្នាដៃដឹកនាំរបស់អភិបាលក្រុង ព្រមទាំងមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក៏ដូចជាមានការរួមចំណែកគាំទ្រពីសំណាក់អាជីវករ ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតទាំងអស់ ជាពិសេសក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ នេះបើតាមសប្រសាសន៍របស់អភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ ក្នុងឳកាសផ្ទេរភារកិច្ចពីអភិបាលក្រុងប៉ោយប៉ែតចាស់លោក សាន ស៊ានហូ ជំនួសមកវិញដោយលោក គៀត ហ៊ុល នឹងឡើងមកកាន់តំណែងជាអភិបាលក្រុងប៉ោយប៉ែតថ្មី កាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នៅក្នុងសាលាក្រុងប៉ោយប៉ែត ដែលមានមន្ត្រីរាជការចូលរួមប្រមាណ២០០នាក់ផងដែរ។

លោកអភិបាលខេត្តបានបន្ថែមថា ដំណាក់កាលថ្មីចុងក្រោយនេះ ក្រោមការដឹកនាំរបស់លោក សាន ស៊ានហូ ទាំងមន្ត្រីរាជការ កងកម្លាំងគ្រប់ស្ថាប័ន អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ព្រមទាំងអាជីវករ គីសុទ្ធតែបានរួមសហការគ្នាជាធ្លុងមួយដើម្បីអភិវឌ្ឍន៏កែប្រែមុខមាត់ថ្មីរបស់ក្រុងប៉ោយប៉ែត។ លោកបញ្ជាក់បន្ថែមថាក្រោមការដឹកនាំដោយលោក សាន ស៊ានហូ លោកបានទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុននៅក្រុងប៉ោយប៉ែតបានយ៉ាងច្រើន នេះគឺជាស្នាដៃមួយ ជាពិសេសស្ដែងចេញនូវទឹកចិត្តឆន្ទៈក្នុងការប្ដេជ្ញាចិត្ត ដើម្បីធ្វើជាមួយគ្នានិងការចូលរួមគាំទ្រសាមគ្គីភាព ហើយលោកនិងជឿជាក់ថា បើទោះបីជាលោក សាន ស៊ានហូ ចូលនិវត្តន៍ប៉ុន្តែក៏អាចនៅតែទទួលមុខងារថ្មីបន្ថែមទៀត អាចចាត់ទុកថាជាតួនាទីដែលមានសារៈសំខាន់រួមចំណែកក្នុងការដឹកនាំកសាងក្រុងប៉ោយប៉ែតនេះបន្តទៀត។ លោកសង្ឃឹមជឿជាក់ថាលោក គៀត ហ៊ុល ដែលកាន់តំណែងជាអភិបាលក្រុងប៉ោយប៉ែតថ្មី នឹងខិតខំប្ដេជ្ញាចិត្តបន្តអនុវត្តនូវអ្វីដែលមានស្រាប់ហើយបន្តកសាងបន្ថែមទៀត។

លោកអភិបាលខេត្តបញ្ជាក់ថា ការប្ដេជ្ញាចិត្តរបស់លោក គៀត ហ៊ុល នឹងក្លាយទៅជាឆន្ទៈសកម្មភាពជាក់ស្ដែងនាពេលខាងមុខនេះ។ ជាក់ស្តែងក្នុងឆ្នាំ២០១៩នេះ គីជាឆ្នាំមួយត្រូវអនុវត្តកែទម្រង់អាទិភាព ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលសំរាប់នីតិកាលទី៦នៃរដ្ឋសភា ជាពិសេសអស់លោក លោកស្រីគ្រប់លំដាប់ថ្នាក់ត្រូវខិតខំសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅអំពីគោលការណ៍ច្បាប់ឯកសារគតិយុត្តនានាដូចជា ការរៀបចំអនុវត្តគោលនយោបាយស្ដីពីការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្ស។ រដ្ឋបាលក្រុងត្រូវយកចិត្តទុកដាក់កែលម្អសេវារដ្ឋបាលជូនប្រជាពលរដ្ឋអាជីវករ និងអ្នកពាក់ព័ន្ធតាមរយៈច្រកចេញចូលតែមួយឲ្យបានឆាប់រហ័សទាន់ពេលវេលា និងមានតម្លាភាព គណនីភាព សមធម៌ស្របតាមគោលការណ៍ដែលបានកំណត់ ជៀសវាងឲ្យបាននៅការយកកំរ៉ៃសេវាក្រៅផ្លូវការ ឬលើសការកំណត់តាមគ្រប់រូបភាព ដែលនេះគឺជាចំណែកមួយនៃការពង្រឹងដ៏ល្អក្នុងថ្នាក់មូលដ្ឋាន។

ក្រុងប៉ោយប៉ែតជាច្រកទ្វារអន្តជាតិ ដូច្នេះត្រូវយកចិត្តទុកដាក់ពីការងារសណ្ដាប់ធ្នាប់របៀបរៀបរយសង្គម សន្តិសុខ សំរាប់ភ្ញៀវទេសចរជាតិអន្តរជាតិ និងអនាម័យបរិស្ថាន។ ខិតខំសហការជាមួយអង្គភាពពាក់ព័ន្ធ ធ្វើយ៉ាងណាឲ្យការប្រមូលពន្ធគយដែលធ្លាប់ទទួលបានលើសផែនការ នៅតែរក្សាបានភាពជោគជ័យព្រោះការធ្វើកំណែទម្រង់ហិរញ្ញវត្ថុនៅពេលនេះ គីជាឳកាសសំរាប់ទាក់ទាញអ្នកវិនិយោគនានាក្នុងការជឿទុកចិត្តចំពោះរាជរដ្ឋាភិបាល ដែលខិតខំផ្សារភ្ជាប់ទំនាក់ទំនងជាមួយភាគីថៃដើម្បីឲ្យកិច្ចដំណើរការវិស័យពាណិជ្ជកម្មឧស្សាហកម្មនិងធុរកិច្ចមានភាពល្អប្រសើរពិសេសកិច្ចប្រជុំទ្វេរភាគីឲ្យបានទៀងទាត់តាមកិច្ចព្រមព្រៀង៕ វណ្ណា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)