Dheeraj

· 2019-05-01

អ្នករត់កង់បីបែបទំនើបរកចំណូលបានច្រើន បើធៀបទៅនឹងអ្នករត់រ៉ឺម៉ក និងម៉ូតូឌុប

0

នៅក្នុងទីក្រុងភ្នំពេញនារយៈពេលប៉ុន្មានឆ្នាំមកនេះ គេសង្កេតឃើញថា វត្តមានម៉ូតូកង់បីផលិតនៅប្រទេសឥណ្ឌាបានធ្វើចរាចរណ៍ពាសពេញទីក្រុង។

ការកើនឡើង គឺដោយសារតែប្រជាពលរដ្ឋមួយចំនួនធំបានផ្លាស់ប្តូរទម្លាប់ងាកមកប្រើប្រាស់បច្ចេកវិទ្យាថ្មី ដោយហៅយានជំនិះ តាមទូរស័ព្ទដៃ។

ការផ្លាស់ប្តូរទម្លាប់នេះ ក៏បានធ្វើឲ្យអ្នករត់ម៉ូតូកង់បីឥណ្ឌាទទួលបានចំណូលគ្រាន់បើដែរ បើធៀបទៅនឹងរបររត់ម៉ូតូឌុប និងរត់រ៉ឺម៉កម៉ូតូ។

លោក ប៉ុក វីរៈ ជាអ្នករត់រ៉ឺម៉កកង់បីទំនើបឥណ្ឌាម្នាក់បានថ្លែងថា ពីមុនគាត់ជាអ្នករត់ម៉ូតូឌុប តែដោយហេតុថា មិនសូវមានអ្នកជិះ និងរកចំណូលបានតិចតួចនោះ ទើបគាត់សម្រេចចិត្តប្ដូរមករត់រ៉ឺម៉កកង់បីនេះវិញម្តង។

លោក អ៊ួន ចំរើន ដែលពីមុនគាត់ជាអ្នកធ្វើការងារឲ្យក្រុមហ៊ុនឯកជនមួយ បានសម្រេចចិត្តធ្វើការផ្លាស់ប្តូរ ដោយមកប្រកបររបររត់ម៉ូតូកង់បីឥណ្ឌានេះវិញ ក្រោយពីគាត់សង្កេតឃើញថា ការរកស៊ីដឹកអ្នកដំណើរទទួលបានការចាប់អារម្មណ៍ខ្លាំង។

យ៉ាងណាក៏ដោយ អ្នករត់រ៉ឺម៉កសណ្ដោងបែបខ្មែរ ដែលរ៉ឺម៉កប្រភេទនេះពេញនិយមកាលពីប៉ុន្មានឆ្នាំមុនមកនោះ បានមានប្រសាសន៍ ថា បច្ចុប្បន្នគាត់រកចំណូលបានតិចតួចជាងអ្នករត់ម៉ុតូកង់បីឥណ្ឌា ដោយពុំសូវមានអ្នកហៅនោះទេ តែយ៉ាងណាគាត់មិនផ្លាស់ប្ដូររ៉ឺម៉កកង់បីរបស់គាត់នោះទេ ដោយសារតែរ៉ឺម៉កបែបខ្មែរនេះ មានភាពងាយស្រួលជាង។

សម្រាប់លោក ស៊ុយ ម៉ាឌី ដែលជាអ្នកប្រកបរបររត់ម៉ូតូឌុបវិញបានថ្លែងថា បើទោះបីជាបច្ចុប្បន្នមានវត្តមានម៉ូតូកង់បីឥណ្ឌាច្រើនក៏ដោយ ក៏នៅតែមានពលរដ្ឋខ្លះនៅនិយមជិះម៉ូតូឌុបនៅឡើយទេ ដោយសារតែការជិះម៉ូតូឌុបមានភាពងាយស្រួល ហើយសម្រាប់ចំណូលរាល់ថ្ងៃនេះ គាត់ក៏ទទួលបានសមល្មមសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារផងដែរ៕ កែវ ភូមិសែន

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)