
Kheng
· 2019-05-09
រឿងត្រីខ្លោច៖ ប្ដីប្រពន្ធត្រូវស្មោះត្រង់៩៩% និងចេះកុហក១% ទើបនៅជាមួយគ្នាបានសុខ
0
មិនថាពេលនៅស្រលាញ់គ្នាជាសង្សារ ឬឈានដល់ក្លាយជាប្ដីប្រពន្ធនឹងគ្នាទេ ភាពស្មោះត្រង់ជាវត្ថុទិព្វដើម្បីរក្សាចំណងស្នេហ៍ឱ្យបានគង់វង្ស។ ប៉ុន្តែសម្រាប់ខ្ញុំវិញ ខ្ញុំថាភាពស្មោះត្រង់ទាំងអស់អាចធ្វើឱ្យប៉ះទង្គិចចំណងរបស់អ្នកទាំងពីរទៅវិញ។ មូលហេតុនោះគឺ កាលៈទេសៈខ្លះពាក្យកុហកតែក្នុងផ្លូវល្អអាចជួយដោះស្រាយស្ថានការណ៍លំបាកបាន ច្រើនជាងពាក្យពិត។
ឧទាហរណ៍ ពេលប្រពន្ធដាំបាយឆៅ ឬចៀនត្រីខ្លោច បើនិយាយពីភាពស្មោះត្រង់តែម្ដង ប្ដីច្បាស់ជានិយាយថា "ម្ហូបអូនឯងញ៉ាំអត់កើតទេ បាយឆៅ ត្រីខ្លោចអ៊ីចឹងអ្នកណាញ៉ាំកើត?” តែបើប្ដីដែលចេះប្រើពាក្យកុហកតែក្នុងន័យស្ថាបនា ឬលើកទឹកចិត្ត គាត់នឹងនិយាយថា "ត្រីនេះបើអូនចៀនប្រើភ្លើងតិចជាងហ្នឹងបន្តិច វាប្រហែលមានពណ៌ស្អាត ហើយសាច់ទន់ឆ្ងាញ់ជាងនេះ! ហើយបាយ បើអូនដាក់ទឹកច្រើនជាងនេះបន្តិចនឹងឆ្អិនល្អ ព្រោះបងចូលចិត្តញ៉ាំបាយទន់ៗ អត់សូវចូលចិត្តញ៉ាំបាយរឹងទេ"។
បើស្ដាប់ដំបូង ប្រហែលដឹងថាគាត់និយាយមិនស្មោះពីចិត្តហើយ តែជាជាងការប្រើពាក្យបន្ទោស ពាក្យទាំងនេះអាចឱ្យប្រពន្ធដឹងថា គាត់កំពុងព្យាយាមលើកទឹកចិត្តនាង និងអាចធ្វើឱ្យនាងដឹងពីចំណង់ចំណូលចិត្តប្ដីកាន់តែច្បាស់។
ជួនកាលពាក្យត្រង់មិនមែនសុទ្ធតែល្អគ្រប់ពេល ហើយពាក្យកុហកក៏មិនមែនសុទ្ធតែអាក្រក់គ្រប់ពេលដែរ។ សំខាន់ថាតើគោលបំណងនៃពាក្យពេចន៍របស់យើងនោះបែបណា បើយើងជ្រើសរើសប្រើពាក្យណាដែលមិនធ្វើឱ្យអ្នកដែលស្ដាប់ពាក្យនោះហើយឈឺចាប់ វាជាពាក្យល្អបំផុតហើយ មិនថាជាពាក្យកុហក ឬស្មោះត្រង់ទេ។
ជាប្ដីប្រពន្ធដាច់ខាតត្រូវតែមានភាពស្មោះត្រង់នឹងគ្នា ប៉ុន្តែការចេះប្រើវិធីលើកទឹកចិត្តគឺជារឿងសំខាន់បំផុតដែលមិនអាចខ្វះបាន។ មនុស្សម្នាក់ៗ មានចិត្តខុសៗគ្នា ទោះបីជាបងប្អូនកើតមកពោះម្ដាយតែមួយនៅមានចិត្តមិនដូចគ្នា ចុះទម្រាំយើងត្រូវរស់នៅជាមួយមនុស្សម្នាក់ដែលពីមុនយើងមិនដឹងគេរស់នៅរបៀបម៉េចផង យើងច្បាស់ជាត្រូវចំណាយពេលយូរដើម្បីសម្របខ្លួន និងឱ្យគេយល់ពីយើងដើម្បីរស់ជាមួយគ្នាបានសុខ។
អ៊ីចឹងហើយ ទើបខ្ញុំនៅតែនិយាយថា ប្ដីប្រពន្ធត្រូវចេះស្មោះត្រង់នឹងគ្នា៩៩% តែក៏កុំភ្លេចចេះកុហក១%ផង ប៉ុន្តែការកុហកនោះត្រូវតែមិនធ្វើឱ្យភាគីម្ខាងទៀតឈឺចាប់ដាច់ខាត៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់