
Amara
· 2019-05-22
ទោះជួបបញ្ហា Huawei នៅតែប្រកាសចេញទូរសព្ទថ្មី មានកាមេរ៉ា ៤តម្លៃខ្ទង់ ៥០០ដុល្លារ
0
ទោះបីជា Huawei កំពុងស្ថិតក្នុងស្ថានភាពតានតឹងខ្លាំងក៏ដោយ ក៏ក្រុមហ៊ុននេះនៅបន្តបញ្ចេញស្មាតហ្វូនស៊េរីថ្មីដូចធម្មតា តាមរយៈម៉ាក Honor ជាមួយម៉ូដែល Honor 20 និង 20 Pro ដែលមានតម្លៃធូរ និងមានសមត្ថភាពខ្លាំងលើការថតរូបផងដែរ។
Honor 20 Pro
Honor 20 Pro មានកាមេរ៉ាមេដែលមាន Apeture កម្រិត f/1.4 អាចឲ្យពន្លឺឆ្លុះចូលបានច្រើនជាងមុខដល់ ៦០% ជាមួយកម្រិតថត ៤៨ MP។ កាមេរ៉ាមេនេះមានទាំងបច្ចេកវិទ្យារក្សាលំនឹងអេឡិចត្រូនិក និងបែប Optical។
20 Pro នេះក៏មានកាមេរ៉ាប្រភេទ Zoom កម្រិត ៨ MP អាច Zoom បាន ៣ ដង និង Zoom បែប Hybrid បាន ៥ ដង ហើយ Zoom Digital បានដល់ ៣០ ដង។ កាមេរ៉ានេះមានបច្ចេកវិទ្យាទប់លំនឹង OIS ជំនួយដល់ការថតរូបឆ្ងាយ ឬ ថតរូប Portrait ពេលមានពន្លឺតិច។
ប្រសិនបើចង់ថតជិតវិញ អាចប្រើប្រាស់កាមេរ៉ាប្រភេទ Macro ដែលទើបឃើញមានលើកដំបូងលើស្មាតហ្វូន។ វាមានកម្រិត ២ MP ដែលអាចថតរូបនៅចម្ងាយជិតដល់ ៤ ស.ម។ ចុងក្រោយគេគឺកាមេរ៉ា Ultra-Wide កម្រិត ១៦ MP អាចថតរូបទំហំ ១១៧ ដឺក្រេ។
កាមេរ៉ាខាងមុខវិញមានកម្រិត ៣២ MP ដែលមានទីតាំងស្ថិតនៅក្នុងប្រហោងអេក្រង់ទំហំ ៦,២៦ អ៊ីញ ជាប្រភេទអេក្រង់ LCD អាចបង្ហាញរូបក្នុងកម្រិត 1080p+។ ទ្រនាប់ស្កេនម្រាមដៃស្ថិតនៅផ្នែកចំហៀង ហើយក៏អាចដោះសោដោយស្កេនមុខបានផងដែរ។
Honor 20 Pro ប្រើបន្ទះឈីប Kirin 980 និងមាន RAM ទំហំ ៨ GB បូកនឹងអង្គផ្ទុកទំហំ ២៥៦ GB។ ថាមពលថ្មមានទំហំ ៤០០០ mAh ដែលអាចសាកបាន ៥០% ក្នុងពេលត្រឹម ៣០ នាទី។ ស្មាតហ្វូនម៉ូដែលនេះមានតម្លៃប្រមាណ ៦៦៩ ដុល្លារ លក់លើទីផ្សារអឺរ៉ុប។
Honor 20
ចំណុចខុសប្លែករវាងស្មាតហ្វូនទាំងពីរគឺនៅត្រង់កាមេរ៉ា។ កាមេរ៉ាមេនៅតែមានទំហំ ៤៨ MP ប៉ុន្តែមាន Aperture f/1.8 និងគ្មានបច្ចេកវិទ្យារក្សាលំនឹង Optical ឡើយ។ កាមេរ៉ា Macro និង Ultra-Wide គឺដូចគ្នា ប៉ុន្តែកាមេរ៉ា Zoom ត្រូវជំនួសដោយកាមេរ៉ាវាស់ជម្រៅវិញ។
លក្ខណៈសម្បត្តិនៃអេក្រង់គឺដូចគ្នា ដោយមានទំហំ ៦,២៦ អ៊ីញ និងបង្ហាញរូបក្នុងកម្រិត 1080p+។ Honor 20 មានបំពាក់ដោយឈីប Kirin 980 អមជាមួយ RAM ទំហំ ៦ GB និងអង្គផ្ទុក ១២៨ GB ហើយមានទំហំថ្ម ៣៧៥០ mAh។
តម្លៃរបស់ Honor 20 គឺមានប្រមាណ ៥៦០ ដុល្លារនៅអឺរ៉ុប និងប្រមាណ ៥០៨ ដុល្លារនៅចក្រភពអង់គ្លេស៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)