បង្ហោះផ្សាយ

ខ្មែរ

Sita

· 2019-07-15

មូលហេតុអ្វី បានជាឆ្កែចូលចិត្តបក់កន្ទុយ?

0

សត្វឆ្កែគឺជាប្រភេទសត្វមួយប្រភេទដែលធ្វើការទំនាក់ទំនងគ្នាតាមកាយវិការដើម្បីជាការឲ្យសញ្ញាគ្នា ហើយការបក់កន្ទុយគឺជាកាយវិការជាសញ្ញាមួយក្នុងចំណោមកាយវិការមួយចំនួនរបស់វា។ សំរាប់មនុស្សយើងភាគច្រើនតែងតែគិតថាការបក់កន្ទុយរបស់សត្វឆ្កែគឺសុទ្ធតែមានន័យថាវាមានអារម្មណ៍សប្បាយចិត្ត ឬ ចូលចិត្តអ្វីមួយ ប៉ុន្តែធាតុពិតគឺវាមានន័យច្រើនបែប និង ទូលំទូលាយជាងការសប្បាយចិត្តទៅទៀត។

អញ្ចឹងតើវាអាចមានន័យអ្វីផ្សេងក្រៅពីអារម្មណ៍សប្បាយចិត្តនោះទេ?

បើតាមការសិក្សាររបស់អ្នកជំនាញសត្វឆ្កែបានបកស្រាយថាការបក់កន្ទុយទៅមកៗគឺជាវិធីដ៏រហ័ស និង ងាយស្រួលសំរាប់សត្វឆ្កែក្នុងការបង្ហាញអំពីអារម្មណ៍របស់វាទៅកាន់អ្នកដែលនៅជុំវិញខ្លួន។ វាអាចនឹងស្រដៀងទៅនឹងការញញឹមទៅកាន់គ្នា ឬ បក់ដៃដាក់គ្នារបស់មនុស្សនៅពេលដែលជួបគ្នាអញ្ចឹងដែរ ប៉ុន្តែសំរាប់ឆ្កែគឺមិនមែនសុទ្ធតែមានន័យវិជ្ជមាននៅពេលដែលវាបក់កន្ទុយនោះទេ។ ជាធម្មតាសត្វឆ្កែមិនដែលបក់កន្ទុយរបស់វានៅពេលដែលនៅម្នាក់ឯងទេ វាដូចទៅនឹងមនុស្សយើងដែលគឺមិនដែលបក់ដៃ ឬ ធ្វើការជំរាបសួរនៅពេលដែលមិនមាននរណាម្នាក់នៅជិតខ្លួននោះឡើយ។

សត្វឆ្កែប្រើកន្ទុយរបស់ពួកគេក្នុងការប្រស្រ័យទាក់ទង និង ប្រាប់អំពីអារម្មណ៍ដូចជាអារម្មណ៍ រំខាន ក្រោធខឹង និង អារម្មណ៍សប្បាយរីករាយជាដើម។ មនុស្សម្នាក់អាចត្រូវបានឆ្កែខាំដោយសារការយល់ខុសអត្ថន័យនៃការបក់កន្ទុយរបស់សត្វឆ្កែ។ ជាធម្មតានៅពេលដែលកូនឆ្កែកើតមកភ្លាមគឺវាមិនទាន់ចេះបក់កន្ទុយរបស់វានៅឡើយទេ គឺវាចាប់ផ្តើមចេះបក់នៅពេលដែលវាមានអាយុបាន 1 ខែកន្លះដោយសារវាត្រូវការធ្វើការប្រស្រ័យទាក់ទងគ្នាជាមួយបងប្អូន ឬ មេរបស់វា។

យើងអាចដឹងពីអត្ថន័យនៃការបក់កន្ទុយរបស់ពួកវាបានដោយការអង្កេតទៅលើទិសដៅនៃការបក់កន្ទុយ និង ល្បឿននៃការបក់កន្ទុយរបស់ពួកវា។ តាមការសិក្សារបានប្រាប់ឲ្យដឹងថានៅពេលដែលឆ្កែមានអារម្មណ៍សប្បាយចិត្តវានឹងបក់កន្ទុយទៅខាងស្តាំខ្លាំងៗ បើសិនជាវាមានអារម្មណ៍ភ័យខ្លាចវិញគឺវានឹងបក់កន្ទុយទៅខាងឆ្វេងខ្លាំងៗ ដោយសារឆ្កែប្រើប្រាស់ខួរក្បាលទាំងសងខាងរបស់វាក្នុងការគ្រប់គ្រងទៅលើកន្ទុយរបស់វា។

ជាទូទៅនៅពេលដែលឆ្កែមានអារម្មណ៍សប្បាយចិត្ត ឬ ចូលចិត្តនូវអ្វីមួយវាតែងតែលើកកន្ទុយរបស់វាខ្ពស់ល្មមហើយបក់ទៅបក់មករវិចៗ។ សំរាប់ឆ្កែដែលមានអារម្មណ៍ភ័យខ្លាច ឬ ចុះចាញ់ តែងតែវាត់កន្ទុយវាចុះទៅក្រោម។ ការលើកកន្ទុយឡើងខ្ពស់ហើយវាត់ទៅមកលឿនៗ អាចមានន័យថាវាមានអារម្មណ៍ប៉ះទង្គិចជាមួយឆ្កែផ្សេងទៀត តែប្រសិនបើវាលើកកន្ទុយវាឡើងខ្ពស់ត្រង់នោះមានន័យថាវាកំពុងតែកើតការងឿងឆ្ងល់ ឬ មានអារម្មណ៍ប្រុងប្រយ័ត្ននឹងអ្វីមួយ។ ទោះបីជាយ៉ាងណាក្តីក៏ការបង្ហាញអារម្មណ៍របស់ឆ្កែនីមួយៗ មិនមានលក្ខណៈដូចគ្នាទាំងស្រុងនោះទេ មានចំណុចខ្លះគឺខុសគ្នាទៅតាមពូជឆ្កែផ្សេងៗគ្នា។

ក្រៅពីការបង្ហាញអារម្មណ៍ ការបក់កន្ទុយរបស់ឆ្កែមានមុខងារសំខាន់មួយទៀតគឺការកំណត់ជាសញ្ញាទីតាំងគ្រប់គ្រងរបស់ខ្លួនតាមរយៈក្លឹន ដែលភាយចេញតាមរយៈរន្ធទ្វាធំរបស់វានៅពេលដែលកន្ទុយរបស់វាបក់។ ការកំណត់សញ្ញានេះអាចជួយឲ្យឆ្កែដ៏ទៃទៀតអាចចំណាំ និង បានដឹងថាធ្លាប់មានឆ្កែផ្សេងបានឆ្លងកាត់ទីតាំងនេះ។ ដូចនេះទោះបីជាសត្វឆ្កែគឺជាមិត្តសំឡាញ់ដ៏ជិតស្និទ្ធរបស់មនុស្សយើងក៏ដោយ ប៉ុន្តែរវាងមនុស្សនឹងសត្វឆ្កែគឺនៅមានផលវិបាកជាច្រើនក្នុងការទំនាក់ទំនងគ្នា។

ការបក់កន្ទុយគឺជាតម្រុយដែលសំខាន់ដែលជួយឲ្យមនុស្ស និង សត្វឆ្កែដទៃទៀតអាចកំណត់ ឬ យល់បាននូវអារម្មណ៍របស់មិត្តពួកគេ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់