បង្ហោះផ្សាយ

ខ្មែរ

Princess Xenia

· 2019-07-21

ជំហានដើម្បីលើកលែងទោសមនុស្សដែលធ្វើអោយយើងឈឺចាប់

#ចំណេះដឹង# #លើកលែងទោស# #អប់រំ និងការងារ#

0

មនុស្សដែលមានសេរីភាព គឺមនុស្សដែលចេះលើកលែងទោសអោយអ្នកដែលធ្វើអោយខ្លួនឈឺចាប់ ប៉ុន្តែវាមិនមែនជាការងាយស្រួលនោះទេ។ ខាងក្រោមនេះជាជំហានដែលអាចជួយលោកអ្នកបាន៖

ជំហានទី១៖ ត្រូវសួរខ្លួនឯងថា តើខ្លួនធ្លាប់ធ្វើអោយអ្នកដទៃឈឺចាប់ដែរឬទេ?

ខ្ញុំជឿថាមនុស្សម្នាក់ៗធ្លាប់ធ្វើកំហុស។ ដូច្នេះជំហានទី១ ដើម្បីលើកលែងទោសដល់អ្នកដទៃគឺត្រូវទទួលស្គាល់ថាខ្លួនក៏មិនល្អឥតខ្ជោះដែរ។ វាងាយស្រួលសម្រាប់យើង ដើម្បីកាត់ទោសអ្នកដទៃ ឬមួម៉ៅអ្នកដទៃ ប៉ុន្តែយើងភ្លេចមើលខ្លួនឯងថាតើធ្លាប់ធ្វើអោយគេមួម៉ៅដែរឬទេ?

ជំហានទី២៖ ត្រូវយល់ថា គ្មានមនុស្សណាល្អឥតខ្ចោះនោះទេ

Image result for help other

មនុស្សសឹងតែគ្រប់គ្នាដឹងថា គ្មាននរណាល្អឥតខ្ចោះ ប៉ុន្តែធ្វើមើលតែមនុស្សល្អឥតខ្ចោះ។ នៅពេលដែលយើងប្រាប់ខ្លួនឯងថា គ្មាននរណាល្អឥតខ្ជោះ នោះយើងវានឹងងាយស្រួលជាងមុនសម្រាប់ការលើកលែងទោស។

ជំហានទី៣៖ ត្រូវយល់ពីឬសគុល

Related image

មនុស្សភាគច្រើនមានភាពបាក់បែកក្នុងដួងចិត្ត ដែលត្រូវការការព្យាបាល។ ដូច្នេះមុននឹងចាប់កំហុស ត្រូវយល់ថាតើអ្វីដែលនៅពីក្រោយកំហុសនេះ។ តើមនុស្សម្នាក់ចេះលួចពីណា? យើងអាចនឹងរកឃើញថាគាត់ធ្លាប់រស់នៅក្នុងគ្រួសារដែលចេះលួច ឬមួយធ្លាប់ដើរជាមួយមិត្តភ័ក្រ្តដែលចេះលួច ឬមួយក៏វាបណ្ដាលមកពីគាត់ខ្វះខាតពេក។ យើងត្រូវស្វែងយល់អោយច្បាស់ ព្រោះអ្វីដែលយើងឃើញ អាចជាការយល់ច្រលំ។

ជំហានទី៤៖ និយាយសេចក្ដីពិតដោយសេចក្ដីស្រលាញ់

មានរឿងមួយចំនួនដែលយើងពិបាកលើកលែងទោស ដែលវាតម្រូវអោយយើងត្រូវដោះស្រាយបញ្ហាជាមួយគ្នាសិន។ ពេលខ្លះយើងយល់ច្រលំជាមួយគ្នា ប៉ុន្តែបែរជាខឹងគ្នា ដោយមិននិយាយរកគ្នាជាដើម។

ជំហានទី៥៖ ត្រូវដឹងថា ការមិនលើកលែងទោស គឺជាការចងច្រវ៉ាក់ដាក់ខ្លួនឯង

ការមិនលើកលែងទោស ជាចោរដែលលួចសន្តិភាពពីចិត្តរបស់យើង។ វាពិបាកក្នុងការដែលយើងសប្បាយរីករាយជាមួយគ្នា បើពេលយើងឃើញមុខគ្នា ស្អប់គ្នាដូច្នេះ ជាហេតុធ្វើអោយយើងគេចមុខចេញពីគ្នា។ វាមានន័យថា បើអ្នកស្រលាញ់ខ្លួនឯង ត្រូវចេះលើកលែងទោសដល់គេ។

ជំហានទី៦៖ បង្កើតទំនាក់ទំនងសារជាថ្មី ឬត្រូវរស់នៅកន្លែងថ្មី

បើយើងពិតជាបានលើកលែងទោសពិតមែន យើងត្រូវតែរៀនដោយនិយាយលែងជាមួយគ្នាសារជាថ្មីឡើងវិញ ដោយចាប់ផ្ដើមពីស្នាមញញឹមរបស់យើង។ មួយទៀត បើអ្នករស់នៅជាមួយគ្នា ហើយកំហុសកើតឡើងម្ដងហើយ ម្ដងទៀត វាអាចជាការល្អប្រសិនបើយើងរស់នៅឆ្ងាយពីគ្នា ប៉ុន្តែបង្កើតទំនាក់ទំនងជាមួយគ្នាដោយផ្ដល់ស្នាមញញឹម។

ជំហានទី៧៖ ត្រូវសម្រេចចិត្ត

យើងត្រូវសម្រេចចិត្តថា នឹងអត់ទោស ១០០% ដល់មនុស្សគ្រប់គ្នាដែលខុសនឹងយើង។ នៅក្នុងព្រះគម្ពីរម៉ាថាយ ៦:១៥ បានចែងថា “បើអ្នករាល់គ្នាមិនអត់ទោសអោយមនុស្សលោកទេនោះ ព្រះបិតារបស់អ្នករាល់គ្នា ក៏មិនអត់ទោសអោយអ្នករាល់គ្នាដែរ”។ បើយើងចង់បានការលើកលែងទោស យើងត្រូវតែលើកលែងទោសអោយគេ។

ជំហានទី៨៖ ត្រូវមានចិត្តក្លាហាន

ចិត្តក្លាហានគឺតម្រូវអោយមានដើម្បីអោយយើងហ៊ានលើកលែងទោសអោយអ្នកដទៃ។ ក្លាហានដើម្បីនិយាយ ក្លាហានដើម្បីញញឹមដាក់គ្នាសារជាថ្មី៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស