
Ratana
· 2019-08-26
៣ ចំនុចធំៗគួរស្វែងយល់ មុនជំនួបសំខាន់រវាងថាយហ្គឺរ និងណាហ្គាវើលដ៍
#Okereke Timothy# #Metfone Cambodian League# #កីឡា# #Set-piece# #បាល់ទាត់អន្តរជាតិ#
1707
ក្នុងចំណោម ៣ ប្រកួតថ្ងៃអាទិត្យ នៃពានរង្វាន់ Metfone Cambodian League 2019 សប្ដាហ៍ទី ២១ ជំនួបធំជាងគេ គឺជាការប៉ះគ្នារវាងក្រុមចំណាត់ថ្នាក់លេខ ២ ណាហ្គាវើលដ៍ ត្រូវតទល់នឹងម្ចាស់ផ្ទះអង្គរថាយហ្គឺរ។ក្រុមទាំង ២ នេះសុទ្ធតែស្ថិតក្នុងកម្រិតមួយ ដែលអ្នកគាំទ្រចាត់ទុកជាគូប្រជែងជក់ចិត្ត ព្រោះទាំងកីឡាករខ្មែរ និងបរទេសរបស់ពួកគេ មានគុណភាពបច្ចេកទេសល្អប្រហាក់ប្រហែលគ្នា។ ថ្ងៃនេះដែរសូមលើកយកចំនុចប្រៀបធៀប ៣ ធំៗ មុនការប្រកួតចូលមកដល់នារសៀលនេះ។
* របៀបលេង ៖ ពឹងលើខ្សែបម្រើឆ្វេងស្តាំល្បឿនលឿន បូករួមនិងគុណភាពបញ្ចប់ទីរបស់ខ្សែប្រយុទ្ធបរទេស ណាហ្គាវើលដ៍ត្រូវបានគេមើលឃើញថា ជាក្រុមលេងយុទ្ធសាស្ត្រវាយបកលឿនប្រកបដោយប្រសិទ្ធភាព។ បន្ថែមលើនេះ ខ្សែបម្រើពោរពេញដោយបទពិសោធ និងបច្ចេកទេស បានជួយបង្កើតឱកាសបញ្ចប់ទីយ៉ាងច្រើន ហើយពួកគេក៏បានបញ្ចប់ទីបានសម្រេចជារឿយផងដែរ។ សម្រាប់តំបន់ការពារវិញ ពួកគេជារនាំងដ៏រឹងមាំសម្រាប់លោក មាស ចាន់ណា ថែមទាំងអាចរកគ្រាប់បាល់ឲ្យក្រុមបានផងដែរ នៅពេលមានបាល់ទាត់ជ្រុង ឬហ្វ្រ៊ីឃីក។បើសង្កេតលើថាយហ្គឺរ ក្រុមមួយនេះចូលចិត្តលេងកាត់បាល់ចេញពីស្លាបទាំងឆ្វេងស្ដាំ ចូលទៅក្នុងប្រអប់គ្រោះថ្នាក់គូប្រកួត ដើម្បីឲ្យខ្សែប្រយុទ្ធបរទេសមានប្រៀបកាយសម្បទារបស់ខ្លួនបញ្ចប់ទី ឬទម្លាក់មកឲ្យដៃគូស៊ុត ពិសេសខ្សែប្រយុទ្ធរកបាន ២០ គ្រាប់ម្នាក់ឯង Okereke Timothy ។
យ៉ាងណាក្ដី ចំនុចខ្សោយរបស់ពួកគេនៅត្រង់ថា បើខ្សែការពារគូប្រជែងអាចបិទការកាត់ចេញពីស្លាប ឬរារាំងចលនារបស់ខ្សែប្រយុទ្ធទាំងនោះបាន នោះថាយហ្គឺរនឹងពិបាករកគ្រាប់បាល់។ បើនិយាយពីបាល់ Set-piece ដែលមានការទាត់ជ្រុង ឬហ្វ្រ៊ីឃីកជាដើមនោះ ខ្សែការពារជប៉ុន Ryota Hayashi ជាកីឡាករគ្រោះថ្នាក់មួយរូប ព្រោះគេពូកែធ្វើចលនា ហើយគុណភាពនៃការលោតតែតរបស់គេធ្វើឲ្យខ្សែការពារពិបាកយកឈ្នះ។
* ភាពចាំបាច់ក្នុងការឈ្នះ ៖ ណាហ្គាវើលដ៍វិញ ក្រុមមួយនេះត្រូវការជ័យជម្នះជាចាំបាច់ ដើម្បីប្រដេញពិន្ទុជាមួយក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ដែលបានយកឈ្នះបឹងកេត ២-១ កាលពីថ្ងៃសៅរ៍។ ជ័យជម្នះរបស់ស្វាយរៀង បានធ្វើឲ្យណាហ្គាឃ្លាតឆ្ងាយពីក្រុមកំពូលតារាង ១១ ពិន្ទុ ខណៈជ័យជម្នះវិសាខា លើសាលាបាល់ទាត់ជាតិបាទី បានរុញណាហ្គាទៅចំណាត់ថ្នាក់លេខ ៣ បណ្ដោះអាសន្ន។
ងាកទៅថាយហ្គឺរវិញ បើទោះពុំសូវរំពឹងក្នុងការបន្តដំណើរទៅប្រជែងជើងឯក តែច្បាស់ណាស់ថា ក្រុមលោក Oriol Mohedano ពុំបោះបង់ឡើយ នូវកិច្ចខិតខំប្រឹងប្រែងពីមួយប្រកួតទៅមួយប្រកួត។
ពិសេសចង់បានជ័យជម្នះត្រលប់មកវិញ ក្រោយត្រូវណាហ្គាយកឈ្នះដល់ទៅ ៤-០ កាលជើងទី ១។
* ប្រវត្តិជួបគ្នា និងលទ្ធផលរដូវកាលនេះ ៖ ក្នុងការប៉ះគ្នា ៥ ប្រកួតចុងក្រោយរវាងក្រុមទាំង ២ គេសង្កេតឃើញថា ណាហ្គាវើលដ៍ធ្លាប់ឈ្នះ ២ លើកក្នុងជើងទី ១ រដូវកាល ២០១៨ ដោយលទ្ធផល ៣-០ និងជើងទី ១ រដូវកាលនេះ ដោយគ្រាប់បាល់ ៤-០ ។ ចំណែកអង្គរថាយហ្គឺរ ធ្លាប់ឈ្នះ ១ ប្រកួតកាលជើងទី ២ រដូវកាល ២០១៧ ដោយលទ្ធផល ២-១ ហើយ ២ ប្រកួតផ្សេងទៀត ពួកគេស្មើគ្នាដោយលទ្ធផល ០-០ នៅជើងទី ១ ឆ្នាំ ២០១៧ និង ១-១ នៅជើងទី ២ រដូវកាលមុន។ សម្រាប់ការប្រកួតក្នុងរដូវកាលនេះ ២០ ប្រកួតកន្លងមក អង្គរថាយហ្គឺរឈ្នះ ១១ ស្មើ ៦ និងចាញ់ ៣ ខណៈណាហ្គាវើលដ៍ឈ្នះ ១៤ ស្មើ ២ និងចាញ់ ៤ ប្រកួត។គួរជម្រាបថា នាថ្ងៃអាទិត្យ ទី២៥ សីហាខាងមុខនេះ អង្គរថាយហ្គឺរ នឹងត្រូវទទួលភ្ញៀវ ណាហ្គាវើលដ៍ នៅកីឡដ្ឋានខេត្តសៀមរាប ចាប់ពីម៉ោង ៣:៣០នាទីតទៅ ដែលការប្រកួតនឹងមានផ្សាយផ្ទាល់លើទូរទស្សន៍ BTV ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មនុស្ស៥ប្រភេទ ដែលមិនអាចមានអនាគតភ្លឺស្វាងដោយសារតែភាពខ្ជិលច្រអូស

ទំហំផលិត និងលក់រថយន្តថាមពលថ្មីរបស់ចិនមានចំនួនលើសពី ១២ លានគ្រឿង

មហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បរៀបចំធ្វើសន្និសីទសារព័ត៌មានក្រោមប្រធានបទការទូតនៅវេលាម៉ោង១០ព្រឹកថ្ងៃទី៧ខែមីនា

៣យ៉ាងហាមជួយ និង ៣យ៉ាងហាមគិត ដើម្បីទទួលបានសេចក្តីសុខផ្លូវចិត្ត និងជីវិតសន្តិភាព

យោបល់ទាំងអស់ (0)