
Mytvplus
· 2020-03-23
ទាំងនេះជាការលះបង់ និងទុក្ខលំបាកក្រុមគ្រូពេទ្យជួរមុខកម្ពុជាប្រឆាំងនឹងមេរោគ COVID-19
#COVID-19# #គន្លឹះថែទាំសុខភាព# #អ្នកជំងឺ# #សុខភាព# #គ្រូពេទ្យ#
2842
វីរុស COVID-19 កាន់តែមានការរាលដាលខ្លាំងឡើងៗ ចំណែកក្រុមគ្រូពេទ្យជំនាញមួយចំនួនក៏កាន់តែមានភាពមមាញឹកក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺទាំងអស់ដែលមានផ្ទុកវីរុស COVID-19 នេះ។
យោងតាមលោកវេជ្ជបណ្ឌិត សួន សុមិត្ត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានឱ្យដឹងថា ក្រុមគ្រូពេទ្យជួរមុខដែលត្រៀមសម្រាប់ប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ត្រូវបានចែកចេញជា២ក្រុម គឺមួយក្រុមសម្រាប់ពិនិត្យ ធ្វើតេស្តរកវីរុស COVID-19 និងមួយក្រុមទៀតសម្រាប់ព្យាបាលអ្នកជំងឺ។ លើសពីនេះ ក្រុមគ្រូពេទ្យត្រូវលះបង់ទាំងកម្លាំងកាយចិត្ត ពេលវេលានៅជាមួយក្រុមគ្រួសារ ព្រោះរាល់គ្រូពេទ្យដែលមានកាតព្វកិច្ចថែទាំអ្នកជំងឺ COVID-19 ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេឯងរយៈពេល១៤ថ្ងៃ ដូចអ្នកជំងឺដែរ ពោលគឺក្រុមគ្រូពេទ្យទាំងនោះមិនអាចទៅក្បែរអ្នកផ្សេងទៀត ឬទៅកន្លែងសម្រាករួមឡើយ។
លោកវេជ្ជបណ្ឌិតបានឱ្យដឹងថា មុនពេលដែលគ្រូពេទ្យអាចចូលទៅបន្ទប់អ្នកជំងឺបាន គឺត្រូវស្លៀកពាក់ឯកសណ្ឋានការពារស្តង់ដារ តាមគោលការណ៍របស់អង្គការសុខភាពពិភពលោក ដែលត្រូវចំណាយពេលយ៉ាងតិច ៣០នាទីក្នុងម្នាក់ៗទើបរួចរាល់។ ឯកសណ្ឋានការពារដែលក្រុមគ្រូពេទ្យត្រូវពាក់តាមលំដាប់លំដោយមាន៖
– ស្រោមដៃទី១ – គម្របសក់ – ម៉ាស់ N95 – អាវបំពង់ស – ស្កុត – ស្រោមជើង – វ៉ែនតាសុវត្ថិភាព – អៀម – របាំងមុខ – ស្រោមដៃទី២។
សូមបញ្ជាក់ថា បន្ទាប់ពីចូលទៅព្យាបាលរួច ក្រុមគ្រូពេទ្យត្រូវចំណាយពេលកាន់តែយូរ ដើម្បីដោះឯកសណ្ឋានចេញម្តងមួយៗទៅតាមការណែនាំរបស់អង្គការសុខភាពពិភពលោកដែរ ហើយត្រូវប្រុងប្រយ័ត្នខ្លាំងជាងពេលដែលពាក់ ដោយហេតុថាទើបតែចេញពីបន្ទប់ផ្ទុកមេរោគរួច។ ចំណែកឯកសណ្ឋានការពារដែលប្រើរួចត្រូវបានវេចខ្ចប់ត្រឹមត្រូវ ដើម្បីយកទៅដុតចោល៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)