បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-04-05

អ៊ីរ៉ង់​អភិវឌ្ឍន៍កម្មវិធី​ផ្ទាល់ខ្លួន ​​​អាចពិនិត្យរកវីរុស COVID-19 បានឆាប់រហ័ស

#COVID-19# #អ៊ីរ៉ង់# #ការស្កេន# #បច្ចេកវិទ្យា# #ឧបករណ៍ឆ្លាតវៃ# #វិទ្យាសាស្ត្រ#

6151

សហរដ្ឋអាមេរិក​បានបដិសេធ​​លើកលែងទណ្ឌកម្ម​ទៅលើអ៊ីរ៉ង់​ ក្នុងអំឡុងពេលវីរុស COVID-19 កំពុងឆ្លងរាតត្បាតខ្លាំង​នៅក្នុងប្រទេស​នេះ ធ្វើឲ្យទីក្រុងតេអេរ៉ង់​លំបាក់លំបិន ​ក្នុង​ការទទួលបានបរិក្ខារវេជ្ជសាស្ត្រសម្រាប់​យកមកផ្គត់ផ្គងតាមតម្រូវការរបស់ខ្លួន ។ អ៊ីរ៉ង់បានប្រឹងប្រែងប្រយុទ្ធប្រឆាំង​ទប់ទល់​ជាមួយវីរុស​ COVID-19​​ដោយខ្លួនឯងផ្ទាល់ ដោយមិនមានជំនួយ​ពីអន្តរជាតិនោះឡើយ ។ អ៊ីរ៉ង់​បានបង្កើតកម្មវិធី​ផ្ទាល់ខ្លួនឯង អាច​ជួយពិនិត្យរកវីរុស COVID-19​ បានយ៉ាងឆាប់រហ័សជាងមុន ។   

យោងតាមការចេញផ្សាយរបស់ប្រភពព័ត៌មាន Sputniks នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ បញ្ជាក់ថា អ៊ីរ៉ង់​បានអភិវឌ្ឍន៍​កម្មវិធី​(software)​ផ្ទាល់ខ្លួន​​ជួយរកវីរុស​ COVID-19 នៅក្នុងខ្លួនអ្នកជំងឺ​បានយ៉ាងឆាប់រហ័ស​ជាងមុន តាមរយៈការប្រើប្រាស់​បច្ចេកវិទ្យាវៃឆ្លាតសិប្បនិមិត្ត​ដើម្បីវិភាគ​ ទៅលើឧបករណ៍ស្កេន CT (Computed Tomography)ដែលស្កេន​ទៅលើសួត​របស់អ្នកជំងឺ ​។ 

ប្រភព​ពីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់​អ៊ីរ៉ង់​បានប្រកាស​កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ ត្រូវបានបណ្តាញផ្សព្វផ្សាយព័ត៌មានអ៊ីរ៉ង់ដកស្រង់ចុះផ្សាយថា បច្ចេកវិទ្យានេះ ​អាច​​ឲ្យលោកវេជ្ជបណ្ឌិត​មើល​សួត​អ្នកជំងឺ​បានឆាប់រហ័ស​ថា ​តើមានឆ្លងវីរុស COVID-19 ដែរឬទេ ខណៈដែល​កាលពីពេលមុននេះ ក្រុមវេជ្ជបណ្ឌិត​បានពិនិត្យ​មើល​តាមរយៈ​ដៃ ។

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង​រូបនោះបញ្ជាក់នៅក្នុងសន្និសីទកាសែតថា «នៅពេលដែលយើង​មានអ្នកជំងឺ​ច្រើន​នៅក្នុងមន្ទីរពេទ្យ ឬយើងមិនបានឆ្លងកាត់តាមរយៈការពិនិត្យ​កាំរស្មី​នោះ, ប្រព័ន្ធនេះ​អាច​ជួយ​​​បាន​ធ្វើជា​វេជ្ជបណ្ឌិត​មួយរូប ។ ឧបករណ៍នេះ​បានប្រើប្រាស់​ជាប្រព័ន្ធបច្ចេកទេស​បញ្ជាពីចម្ងាយ និង​ជាឧបករណ៍​ឈានមុខគេ​ផងដែរ​នៅលើពិភពលោក» ។ 

ការច្នៃប្រឌិតនេះ​បានបង្កើតឡើង​ក្នុងអំឡុងរយៈពេល​ប្រហែល​១ខែ​មកហើយ ដោយមានការចូលរួម​ពី​សាកវិទ្យាល័យនានានៅអ៊ីរ៉ង់ផងដែរ ។ 

គួរបញ្ជាក់ថា អ៊ីរ៉ង់​មានអ្នកផ្ទុកវីរុស COVID-19 សរុប​ ៥៥ ៧៤៣ នាក់ ក្នុងនោះ បាត់បង់ជីវិត ៣ ៤៥២នាក់ និង ១៧ ៩៣៥នាក់​បានជាសះស្បើយផងដែរ ។ តួលេខនេះ​ គឺតាមការផ្សាយ​របស់ប្រភព wikipedia ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ៕ ប្រែសម្រួលដោយ៖ thach yat  

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស