
Hen
· 2019-01-31
រដ្ឋាភិបាលថៃស្នើសុំឲ្យពលរដ្ឋ កុំឲ្យដុតធូប និងក្រដាសសែន ក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន ដោយសារទីក្រុងបាងកក កំពុងតែរួមរឹតខ្លាំងទៅដោយខ្យល់ពុល
0
ដោយសារទីក្រុងបាងកក កំពុងតែរួមរឹតខ្លាំងទៅដោយខ្យល់ពុល នៅថ្ងៃពុធ ទី៣០ មករានេះ អាជ្ញាធរថៃ បានប្រកាសបិទសាលារៀនរដ្ឋចំនួន ៤៣៧។ នៅខណៈពេលនេះដែរ អាជ្ញាធរថៃ កំពុងតែដុតដៃដុតជើង ដោះស្រាយវិបត្តិខ្យល់ពុលនេះ ដោយហេតុថា វាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាជន។ មួយវិញទៀត គឺដើម្បីរៀបចំសណ្តាប់ធ្នាប់ទីក្រុង មុនពេលការបោះឆ្នោតរបស់ប្រទេសមកដល់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត។
រាជធានីដែលជាបេះដូងរបស់ប្រទេសថៃ គឺទីក្រុងបាងកក បាននិងកំពុងរងគ្រោះដោយសារខ្យល់ពុល ដែលសាយភាយនៅក្នុងបរិយាកាស អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។ ដោយសារតែវិបត្តិនេះកើតឡើងរយៈពេលយូរបែបនេះហើយ ទើបមានផ្ទុះជាការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋថៃ ទៅកាន់រដ្ឋាភិបាលតាមបណ្តាញសង្គម។
តែទោះជាយ៉ាងណាក្តី ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនេះ នៅថ្ងៃពុធទី៣០ មករា ឆ្នាំ២០១៩ អាជ្ញាធរថៃបានប្រកាសបិទទ្វារសាលារដ្ឋទាំងអស់ចំនួន ៤៣៧ កន្លែង ចាប់រសៀលថ្ងៃពុធនេះ រហូតទៅដល់ថ្ងៃសុក្រ ទី១ កុម្ភៈ ឆ្នាំ២០១៩ ក្នុងរង្វង់ផ្ទៃក្រឡាដី ១ ៥០០ គីឡូម៉ែតការ៉។
ទាក់ទងរឿងនេះដែរ អភិបាលក្រុងបាងកកលោក Aswin Kwanmuang បានលើកឡើងថា ខ្យល់ពុលនឹងធ្វើឲ្យបរិយាកាសទីក្រុងមានសភាពយ៉ាប់យ៉ឺនកាន់តែខ្លាំងឡើង រហូតដល់ថ្ងៃសុក្រខាងមុខនេះ។ ដូច្នេះហើយ អាជ្ញាធរថៃសម្រេចចិត្តបិទទ្វារសាលារដ្ឋទាំងអស់ដើម្បីសុវត្តិភាពរបស់ប្រជាជន។ ចៅហ្វាយក្រុងរូបនេះ បាននិយាយដោយសង្ឃឹមថា ផែនការបិទសាលាទាំងជាង៤០០ នឹងជួយឲ្យចរាចរណ៍ក្នុងទីក្រុងមានភាពធូរស្រាល និងអាចជួយកាត់បន្ថយការបញ្ចេញឧស្ម័នពុលផងដែរ។
ក្រៅពីនេះ អាជ្ញាធរថៃក៏បានឲ្យដឹងទៀតថា ក្នុងពេលឆាប់ៗនេះ សាលាក្រុងបាងកក អាចនឹងចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ កុំឲ្យចេញទៅហាត់ប្រាណ នៅតាមសួនច្បារសាធារណៈទៀតផង ដោយសារតែកម្រិតខ្យល់ពុលនៅមានច្រើន ហើយអាចប៉ះពាល់ដល់សុខភាពប្រជាជន។
គួរជ្រាបថា បើតាមការវាស់ស្ទង់ពីកម្រិតគ្រោះថ្នាក់ នៅពេលនេះ ខ្យល់ពុលក្នុងទីក្រុងបាងកក មានសភាពអាក្រក់ជាងទីក្រុងមួយចំនួនក្នុងប្រទេសចិនទៅទៀត ក៏ប៉ុន្តែនៅគ្រាន់បើជាងទីក្រុងដេលីរបស់ប្រទេសឥណ្ឌា។
គួរជ្រាបទៀតថា រហូតមកដល់ពេលនេះ ក្រៅតែពីបញ្ជាឲ្យបិទទ្វារសាលារដ្ឋមួយរយៈ អាជ្ញាធរថៃ ក៏គ្រោងនឹងស្នើឲ្យសាលាឯកជនមួយចំនួនទៀត បិទទ្វារមួយរយៈពេលផងដែរ។ ទន្ទឹមគ្នានេះ ដើម្បីជួយសង្គ្រោះទីក្រុងបាងកក ដែលរុំព័ទ្ធដោយខ្យល់ពុល អាជ្ញាធរថៃ ក៏បានបង្កើតជាពពកសប្បនិម្មិត ដែលមានបាញ់លាយថ្នាំចាប់យកសារធាតុពុលដើម្បីឲ្យសារធាតុពុលទាំងនោះធ្លាក់តាមទឹកភ្លៀង។ ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានស្នើសុំឲ្យពលរដ្ឋថៃ កុំដុតធូប និងក្រដាសសែន ក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិនទៀតផង៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)