发布作品

简体中文

TNAOT News

· 03-30

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥

#បណ្តុំព័ត៌មានថ្មីៗ# #ប្រទេសថៃ# #ប្រទេសមីយ៉ាន់ម៉ា# #សង្គម# #ការញ្ជួយដី# #ព័ត៌មានសង្គម#

4656

១. ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារលិខិតថ្វាយជូនចំពោះប្រធានក្រុមប្រឹក្សារដ្ឋ នៃប្រទេសមីយ៉ាន់ម៉ា

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារលិខិតថ្វាយ ជូនចំពោះ ឯកឧត្តម MIN AUNG HLAING ប្រធានក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចំពោះគ្រោះឧបទ្ទវហេតុរញ្ជួយដី ដែលបង្កឲ្យមានការបាត់បង់អាយុជីវិតមនុស្ស និងរងបួស ព្រមទាំងបង្កការខូចខាតជាច្រើនអនេក ដល់ប្រជាជាតិនៃប្រទេសជាមិត្តរបស់កម្ពុជា។

២. កម្ពុជា នឹងផ្ដល់ទឹកប្រាក់ ១០ម៉ឺនដុល្លារ ជាជំនួយបន្ទាន់ឱ្យសហភាពមីយ៉ាន់ម៉ា

កម្ពុជា នឹងផ្ដល់ទឹកប្រាក់ ១០ម៉ឺនដុល្លារអាមេរិក ជាជំនួយបន្ទាន់ឱ្យសហភាពមីយ៉ាន់ម៉ា ដែលរងការរញ្ជួយដី។ នេះបើតាមការថ្លែងរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងក្នុងកិច្ចប្រជុំពិសេសបន្ទាន់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ។

៣. អ្នកនាំពាក្យ៖ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបាត់បង់ជីវិត ក្នុងគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ នោះទេ

អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញសេចក្តីថ្លែងការណ៍របស់ស្តីពីគ្រោះមហន្តរាយ រញ្ជួយដីនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងព្រះរាជាណាចក្រថៃ ដោយបញ្ជាក់ថា មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបាត់បង់ជីវិត ក្នុងគ្រោះរញ្ជួយដីនេះនៅឡើយ។

៤. ឯកឧត្តម វ៉ាត់ ចំរើន និងឯកឧត្តម ម៉ាង ស៊ីណេត ចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី១០ ខេត្តព្រះសីហនុ

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី១០ ខេត្តព្រះសីហនុ ដោយមានអត្តពលិកជាតិ-អន្ដរជាតិជាង ៤ពាន់នាក់ មកពីជិត ៥០ប្រទេសចូលរួម នៅឆ្នេរអូរឈើទាល ។

៥. អាជ្ញាធរទេសចរណ៍ថៃ ថាការប្រារព្ធពិធីសង្ក្រាន្តទូទាំងប្រទេសថៃនឹងដំណើរការទៅតាមការគ្រោងទុក

អាជ្ញាធរទេសចរណ៍ថៃ បញ្ជាក់ថា ការប្រារព្ធពិធីសង្ក្រាន្តនៅទូទាំងប្រទេសនឹងដំណើរការទៅតាមការគ្រោងទុក ដោយធានាថាការធ្វើដំណើរ ការដឹកជញ្ជូន និងសណ្ឋាគារនៅតែមិនរងផលប៉ះពាល់ពីគ្រោះរញ្ជួយដីដែលទើបនឹងកើតឡើងថ្មីៗនេះទេ។

៦. អ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃ កើនដល់១៧នាក់ និងបាត់ខ្លួន៧៧នាក់

ចំនួនអ្នកស្លាប់នៅក្នុងប្រទេសថៃដែលរងពីការរញ្ជួយដីដ៏ខ្លាំងកាលពីថ្ងៃសុក្រ នៅប្រទេសមីយ៉ាន់ម៉ាបានកើនឡើងដល់ ១៧នាក់នៅថ្ងៃអាទិត្យនេះ ខណៈមានមនុស្សចំនួន ៧៧នាក់បានបាត់ខ្លួន ហើយរថភ្លើង monorail Bangkok-Nonthaburi នៅតែត្រូវផ្អាកដោយសារតែផ្លូវដែកដាច់ចរន្តអគ្គិសនី។

៧. កិច្ចសន្យា ផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន ៣០០តោន ត្រូវបានចុះហត្ថលេខាជាផ្លូវការ

កិច្ចសន្យាទំហំ៤០ម៉ឺនដុល្លារ សម្រាប់ការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន៣០០តោន ត្រូវបានចុះហត្ថលេខាជាផ្លូវការ រវាងសហគមន៍កសិកម្មទំនើបស្វាយចន្ទីទាំង៣នៅខេត្តកំពង់ធំ និងក្រុមហ៊ុន Santana Agro Proucts។ នេះបើតាមការឲ្យដឹងរបស់ឯកឧត្តម ឃឹម ហ្វីណង់។ 

៨. រដ្ឋមន្ត្រីធនធានទឹក៖ បច្ចុប្បន្នប្រទេសកម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំក្រុមការងារឧតុនិយម ពង្រឹងការងារអង្កេតតាមដានភូគព្ភសាស្ត្រ និងរៀបចំយន្តការ និងយុទ្ធសាស្ត្រនានាក្នុងការព្យាករគ្រោះមហន្តរាយរញ្ជួយដី ដែលអាចកើតមានឡើង ជាពិសេសគ្រោះរញ្ជួយដីដែលបានកើតឡើងថ្មីៗនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

៩. រយៈពេល៣ថ្ងៃនេះ តំបន់វាលទំនាប ខ្ពង់រាប និងមាត់សមុទ្រ អាចមានភ្លៀងធ្លាក់ពី ១៥%-២០%

ក្រសួងធនធាតុទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ដោយរបបខ្យល់មូសុងឦសានជាមួយសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា ដែលនឹងធ្វើឲ្យតំបន់វាលទំនាប ខ្ពង់រាប និងមាត់សមុទ្រ នៅកម្ពុជាអាចមានភ្លៀងធ្លាក់ពី ១៥%-២០%

១០. មិនឈរឳបដៃមើលទេ! ប្រទេសប្រមាណ១០ បានបញ្ជូនក្រុមជួយសង្គ្រោះ និងជំនួយទៅកាន់ប្រទេសមីយ៉ាន់ម៉ា

ហេតុការណ៍គ្រោះរញ្ជួយដីដ៏ខ្លាំងកម្រិង ៧.៧រ៉ិចទ័រ វាយប្រហារប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់សំខាន់ៗជាច្រើនរួមមាន ម៉ាន់ដាដា ណៃពិដោ និងយ៉ាំងហ្គោន និងបានឆក់យកអាយុជីវិតប្រជាជនមីយ៉ាន់ម៉ាច្រើនជាង ១,០០០នាក់ ខណៈប្រទេសនេះក៏កំពុងទទួលរងជម្លោះប្រដាប់អាវុធដ៏រាំរ៉ៃអស់ជាច្រើនឆ្នាំមកហើយ។

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)