发布作品

简体中文

Ouk

· 2019-06-11

គ្រូបង្រៀនសាលាបឋមសិក្សាព្រៃចាស់ អប់រំសិស្សឲ្យចេះការពារខ្លួនពីជំងឺគ្រុនឈាម

#សង្គម# #គ្រូដឹកនាំសិស្សសំអាតបរិស្ថាន# #នយោបាយជាតិ#

0

ខេត្តស្ទឹងត្រែង៖ ស្របពេលជំងឺគ្រុនឈាម កំពុងតែបង្កក្តីបារម្ភដល់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សា ព្រៃចាស់សាមគ្គី ស្ថិតក្នុងភូមិគីឡូប្រាំបី សង្កាត់សាមគ្គី ក្រុង-ខេត្តស្ទឹងត្រែង នៅថ្ងៃទី១១ ខែមិថុនានេះ បានដឹកនាំសិស្សានុសិស្ស សម្អាតបរិស្ថាន ដើម្បីកំចាត់ជម្រកមូសខ្លា ដែលជាភ្នាក់ងារចម្លងមេរោគគ្រុនឈាម ក្នុងពេលដែលសាលានេះមានកុមារមួយចំនួនខកខានមិនបានមករៀនដោយសារមានជំងឺគ្រុនឈាម។

លោក ប៉ាល សុវណ្ណរ៉ា ជានាយកសាលា បានឲ្យដឹងថា មាតាបិតាគ្រប់រូបគួរតែណែនាំកុមារឲ្យចេះថែរក្សាសុខភាព ក្នុងរដូវវស្សានេះ ដែលសំបូរទៅដោយមូសខ្លា។ ចំណែក លោកគ្រូ អ្នកគ្រូ ក៏ត្រូវបំផុសគំនិតឲ្យសិស្សានុសិស្ស យកកិច្ចការងារនេះ ទៅអនុវត្តនៅផ្ទះបន្ថែម ជាពិសេសការងារសម្អាតបរិស្ថាន ដើម្បីលុបបំបាត់ជម្រកមូស ពីថ្នាក់បឋមនេះទៅ ព្រោះករណីសង្ស័យជំងឺគ្រុនឈាមនៅដើម ខែមិថុនានេះ មានកុមារនៅភូមិវាលព្រីង និងព្រៃចាស់ ត្រូវឪពុកម្តាយនាំទៅពេទ្យព្យាបាលជំងឺជាច្រើននាក់ ហើយខ្លះទៀតខកខានមិនបានមករៀន។ លោកថា ការទូន្មានដល់ក្មេងតូចៗឲ្យប្រព្រឹត្តនូវទង្វើល្អ ជាភារកិច្ចយើងទាំងអស់គ្នា រួមចំណែកជួយថែរក្សាសុខភាពរបស់ពួកគេ ហើយសាលារៀនយើងក៏ស្អាតគ្មានជម្រកមូស។

អ្នកគ្រូ អេង មារ៉ាតី គ្រូបង្រៀនថ្នាក់មត្តេយ្យនៅសាលានេះ មានប្រសាសន៍ថា ក្នុងកម្មវិធីសិក្សា ក្រសួងអប់រំក៏បានណែនាំឲ្យសិស្សចេះស្រឡាញ់បរិស្ថាន អនាម័យ ក្នុងការរស់នៅដែរ ព្រោះវាជាកិច្ចការងារសង្គម ដូច្នេះសាលាបានធ្វើទិវាពលកម្មជាប្រចាំផងដែរ។ អ្នកគ្រូថា នៅរដូវសម្បូរមូសនេះ លោកគ្រូអ្នកគ្រូ បានណែនាំកូនសិស្ស ពេលទៅផ្ទះត្រូវពាក់ខោអាវវែង កុំលេងក្នុងទីងងឹត ហើយត្រូវគេងក្នុងមុងជ្រលក់ថ្នាំ ដើម្បីការពារកុំឲ្យមូសខាំ ខ្លាចកើតជំងឺគ្រុនឈាម។

សូមបញ្ជាក់ថា សាលាបឋមសិក្សាព្រៃចាស់សាមគ្គី មានសិស្សកើនឡើងដល់ទៅ២៥១នាក់ ក្នុងឆ្នាំសិក្សា២០១៨-២០១៩នេះ ហើយសាលារៀននេះមានភូមិសាស្ត្រស្ថិតនៅតំបន់ខ្ពង់រាបមានព្រៃច្រើនសំបូរមូស និងសត្វល្អិតរស់នៅ៕

អត្ថបទដោយៈ អ៊ិត តុលា

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)

暂无评论