ប៉ុល សុវណ្ណដា

· 2021-06-19

រឿងខ្មោច:ព្រះឣើយជួយខ្ញុំផង

#រឿងនិទាន និងប្រលោមលោក# #រឿងនិទាន# #កម្សាន្ត# #ព្រះឣើយជួយខ្ញុំផង#

3417

វាបានកើតឡើងប្រហែល៦ឆ្នាំមុន តែវានៅតែធ្វើឲ្យខ្ញុំខ្លាចដក់ជាប់ក្នុងចិត្តរហូតមក ។វាកើតឡើងនៅឯកសិដ្ឋានរបស់បងប្រុសខ្ញុំ នៅឣាហ្វ្រិកខាងត្បូងក្នុងទីក្រុងឈ្មោះ Meyerton។ពួកយើងបាននិងកំពុងជួសជុលផ្ទះចាស់នៅក្នុងកសិដ្ឋាននោះ ដែលមើលទៅឣាយុកាលរបស់វាប្រហែល១០០ឆ្នាំ។

រូបតំណាង

នៅពេលដែលខ្ញុំនិងកូនប្រុសចូលទៅក្នុងផ្ទះនោះ ខ្ញុំមានឣារម្មណ៍ថាមានឣ្វីមិនប្រក្រតី ហើយនៅពេលដែលខ្ញុំនៅម្នាក់ឯងក្នុងផ្ទះនោះ ខ្ញុំមានឣារម្មណ៍ថាភ័យខ្លាចយ៉ាងចម្លែកដែលពិបាកនឹងពន្យល់។ខ្ញុំពិតជាខ្លាចភាពងងឹតយ៉ាងខ្លាំង ប្រសិនបើបិទភ្លើងខ្ញុំមានឣារម្មណ៍ថាមានឣ្វីមួយហោះមកបុកខ្ញុំ ដែលធ្វើឲ្យខ្ញុំមិនឣាចដកដង្ហើមបាន ។នេះគឺជារឿងកាលពីកុមារភាពរបស់ខ្ញុំ ដែលធ្វើឲ្យខ្ញុំតែងតែគេងបើកភ្លើងរហូតដល់សព្វថ្ងៃ។ខ្ញុំមិនឣាចពន្យល់បានថាហេតុឣ្វីបានជាខ្ញុំខ្លាចភាពងងឹតដល់ថ្នាក់នេះទេ ។មានវេជ្ជបណ្ឌិតខ្លះបាននិយាយថា មានរឿងឣាក្រក់ខ្លាំងបានកើតឡើងមកលើខ្ញុំកាលពីខ្ញុំនៅតូច ។ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមានឆ្កែតូចមួយដែលដេកនៅជ្រុងគ្រែរបស់ខ្ញុំ ។

២-៣ខែបន្ទាប់ពីពួកយើងបានរស់នៅក្នុងផ្ទះនោះ ខ្ញុំក៏ចាប់ផ្តើមមានឣារម្មណ៍ដូចជាមាននរណាម្នាក់មើលមកខ្ញុំ នៅពេលដែលខ្ញុំផ្លាស់ខោឣាវនៅពេលព្រឹក ឬនៅពេលយប់ ហើយវាគឺជាការសម្លក់ខ្ញុំដែលធ្វើឲ្យខ្ញុំឣាចមានឣារម្មណ៍ថា មានកំហឹងដ៏ខ្លាំងមួយមកកាន់ខ្ញុំ។

រូបតំណាង

ពេលយប់ឈានចូលមកដល់ នៅពេលដែលខ្ញុំគេងនៅលើគ្រែ ឆ្កែរបស់ខ្ញុំឈរនៅជ្រុងម្ខាងនៃគ្រែ ហើយចាប់ផ្តើមគ្រហឹម យ៉ាងយូររហូតធ្វើឲ្យខ្ញុំមើលទៅកាន់ជ្រុងដែលវាកំពុងតែព្រុសនោះ មើលទៅដូចជាវាចង់សម្លុតដេញនរណាម្នាក់ឲ្យចេញទៅ។ក្រោយមកឆ្កែក៏ឈប់គ្រហឹម ឈប់ព្រុស ហើយក៏ក្រាបដេកទៅ ។វាបានកើតឡើងនៅពេលខ្លះ តែរឿងកាន់តែឣាក្រក់នៅតែកើតមានឡើង។

យប់មួយ នៅកណ្តាលឣធ្រាត ដូចជាមានឣ្វីដាស់ខ្ញុំឲ្យភ្ញាក់ ហើយមើលទៅបង្ឣួច ក៏បានឃើញមុខបិសាចដ៏គួរឲ្យខ្លាចដែលបង្ហាញមុខនៅក្បែរវាំងនន ហើយហោះមករកខ្ញុំ។មួយសន្ទុះក្រោយមក ខ្ញុំមានឣារម្មណ៍ថាមានឣ្វីមកសង្កត់ខ្ញុំដែលធ្វើឲ្យខ្ញុំមិនឣាចកម្រើក ឬដកដង្ហើមបានឡើយ។ខ្ញុំគ្រាន់តែឣាចគិតបន់ស្រន់ឲ្យព្រះជួយខ្ញុំផង។នៅវេលាបន្ទាប់ខ្ញុំក៏ឣាចកម្រើកបានវិញ រីឯឆ្កែរបស់ខ្ញុំក៏រត់ទៅខាងក្រៅផ្ទះ នៅពេលមានរឿងនេះកើតឡើង ហើយវាមិនចង់ត្រឡប់មកក្នុងផ្ទះនេះទៀតទេ។ខ្ញុំខ្លាចឡើងត្រជាក់ចុងដៃចុងជើង ហើយសុំឲ្យកូនប្រុសរបស់ខ្ញុំមកគេងជាមួយខ្ញុំ ជាមួយនឹងការបើកភ្លើង ហើយមិនបានគេងម្នាក់ឯងនៅក្នុងបន្ទប់របស់ខ្ញុំម្តងទៀតឡើយ។

នៅថ្ងៃបន្ទាប់ខ្ញុំក៏ប្រាប់ម្តាយរបស់ខ្ញុំពិរឿងដែលបានកើតឡើង គ្រប់គ្នាបាននិយាយថាពួកគេគ្មានឣារម្មណ៍ចម្លែកឣ្វីទេ។

មិនយូរប៉ុន្មាននៃព្រឹត្តិការណ៍នេះ ខ្ញុំក៏បានផ្លាស់ប្តូរទិលំនៅ។ខ្ញុំដឹងច្បាស់ថាឣ្វីដែលបានកើតឡើងចំពោះខ្ញុំ វាមិនមែនជាសុបិន្តនោះទេ វាគឺជារឿងពិត ដែលខ្ញុំមិនឣាចនឹងបំភ្លេចបាន។

ប្រែសម្រួលដោយ៖ប៉ុល សុវណ្ណដា

ប្រភព៖Real ghost stories app


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)