
Novel Readers
· 2021-12-12
រឿង ទាសករស្នេហ៍ប្រុសផ្តាច់ការ ភាគទី ១~៣ _ ប្រលោមលោក
#រឿងនិទាន និងប្រលោមលោក# #រឿងប្រលោមលោក# #កម្សាន្ត#
9232
កាលនោះនាងក៏នៅរៀន និងនៅក្នុងវ័យដែលមិនទាន់អាចធ្វើការបាន ទើបសម្រេចចិត្តទាក់ទងម្ដាយជនជាតិកាណាដា ដែលបន្ទាប់ពីលែងលះពីឪពុកនាងហើយ គាត់ក៏ត្រឡប់ទៅស្រុកកំណើតនិងរៀបការថ្មី ។
នាងគិតថា ស៊ូសាន ហោស នឹងមិនយកចិត្តទុកដាក់នាងដែលជាកូនកើតពីស្វាមីដែលលែងលះគ្នាយូរហើយ ប៉ុន្តែនាងគិតខុស ព្រោះ ស៊ូសាន បង្ហាញឲ្យឃើញថាសោកស្ដាយយ៉ាងខ្លាំងចំពោះការចាកចេញទៅរបស់អតីតស្វាមី ហើយក៏រីករាយយ៉ាងខ្លាំងក្នុងការទទួលយកនាង ។
ខណៈកំពុងដំណើរការលិខិតដើម្បីធានានាងមកនៅជាមួយនោះឯង ស្វាមីទីពីររបស់ម្ដាយដែលជាបុគ្គលិកពន្លត់អគ្គិភ័យក៏ចាកចេញទៅម្នាក់ទៀត បន្សល់ទុកកូនប្រុសអាយុមិនទាន់បានមួយឆ្នាំស្រួលបួលផង ជាមួយនឹងម្ដាយដែលគ្មានមុខរបររកស៊ីច្បាស់លាស់ ពេលមាន យ៉េមី ម្នាក់ទៀត ទើបស្ថានភាពនៅក្នុងគ្រួសាររង្គោះរង្គើ ។ ហើយនៅពេលនោះ ស៊ូសាន ក៏បានជួបនឹងស្វាមីទីបី ដែលមានឋានៈគ្រាន់បើជាងអតីតស្វាមីទាំងពីរ ហើយប្រហែលដោយសារកំពុងលំបាកលំបិន ទើបមង្គលការទីបីកើតឡើងលឿនដូចផ្លេកបន្ទោរនិងសាមញ្ញៗ ធ្វើឲ្យ ស៊ូសាន ហោស ក្លាយជា ស៊ូសាន វ៉េសត៍ ភរិយារបស់សាស្ត្រាចារ្យជំនាញសេដ្ឋកិច្ចរបស់មហាវិទ្យាល័យនៅអតតាវ៉ា (Ottawa) ។
ចង់ហៅថាការរៀបការនោះគឺជាការភ្លាំងភ្លាត់បានឬអត់ក៏មិនដឹង ព្រោះ ចន វ៉េសត៍ ស្រឡាញ់តែម្ដាយរបស់នាងប៉ុណ្ណោះ ក្ដីស្រឡាញ់និងការអាណិតរបស់គេ មិនបានសាយភាយមកដល់កូនចុងទាំងពីរនោះទេ។ គេក៏មានកូនប្រុសម្នាក់ដែរ ជាកូនរបស់ភរិយាមុនដែលស្លាប់យូរហើយ ឈ្មោះ ចច វ៉េសត៍ រៀបការមានភរិយាជាជនជាតិបារាំង ។ ពីរនាក់នោះរៀបការហើយក៏រស់នៅក្នុងផ្ទះឪពុក ព្រោះអាងថាងាយស្រួលក្នុងការធ្វើដំណើរទៅធ្វើការ ហើយ ចន ក៏ពេញចិត្តឲ្យកូនប្រុសនិងកូនប្រសាររស់នៅជាមួយ ។
ស៊ូសាន និងស្វាមីចុះសម្រុងជាមួយអ្នកផ្ទះ លើកលែងតែ...យ៉េមី និង អាល់ហ្វនសូ ប្អូនប្រុសឪពុកទីទៃដែលក្លាយជា ផ្នែកលើស។
គេក៏ចិញ្ចឹមមើលថែនាងបានល្អ មិនឲ្យអត់ឃ្លានគ្មានស៊ី ។ អាល់ហ្វនសូ កើតនិងកាន់សញ្ជាតិតាមឪពុកនិងម្ដាយត្រឹមត្រូវ រដ្ឋាភិបាលមើលថែគ្រប់គ្រងឲ្យបានរៀនសូត្រតាមធម្មតា ហើយ យ៉េមី ក៏បានរៀនសូត្រ ព្រោះមានវីសាដែលអាចប្រើប្រាស់បានជារៀងរហូត ។
ដំបូងទាំងនាងទាំងម្ដាយគិតថាគេចាត់ការរឿងអស់នេះឲ្យគឺល្អហើយ ព្រោះមិនមែនជាឪពុកបង្កើត គេមើលថែឲ្យគ្រប់យ៉ាងក៏គិតថាគេមេត្តា ។ ប៉ុន្តែមិនយូរប៉ុន្មាន ពួកនាងក៏មើលឃើញថាអ្វីដែល ចន ឲ្យនោះ មិនបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ នោះទេ គេរីករាយទទួលស្គាល់ ស៊ូសាន ជាភរិយា ប៉ុន្តែមិនទទួលកូនទាំងពីរ ។ នាងមានឋានៈត្រឹមតែជាអ្នកស្នាក់អាស្រ័យ និងក្លាយជាអ្នកបម្រើដោយប្រយោល គឺអ្នកបម្រើដែលមិនបានទទួលប្រាក់ខែ តែគេឲ្យស៊ីឲ្យកន្លែងស្នាក់នៅ ។
ចន មានប្រាក់ចិញ្ចឹមឲ្យកូនប្រុសរបស់គេ ប៉ុន្តែវាមិនមែនជាការងាររបស់គេដែលត្រូវផ្ដល់ឲ្យកូនចុង ។ គេឲ្យភរិយាមានថ្លៃចាយវាយគួរសម ប៉ុន្តែមិនឲ្យសល់សម្រាប់កូនចុង ។ អាល់ហ្វនសូ នៅតូច ម្ដាយអាចឲ្យលុយទិញនំនែកតិចតួច តែប្រាក់ខែរបស់ម្ដាយនិងលុយដែលឪពុកចុងឲ្យក្នុងមួយខែៗ ក៏ត្រូវចំណាយទៅលើការចាយវាយក្នុងផ្ទះទាំងអស់ ។ កូនប្រុសរបស់ ចន មិនធ្លាប់ទទួលខុសត្រូវរឿងចាយវាយក្នុងផ្ទះ ក្រៅពីរង់ចាំយកប្រាក់ខែពីឪពុក ។ ដំបូងៗ យ៉េមី គ្មានបញ្ហា ប៉ុន្តែពេលមែនទែនទៅ នាងក៏មានការចាយវាយតិចតួចដែលត្រូវចំណាយដែរ ទើបធ្វើឲ្យគិតថាត្រូវទៅរកការងារក្រៅម៉ោងធ្វើដូចគេដូចឯងហើយ ។
នាងមិនគិតថាវាជាបញ្ហា តែក៏មានបញ្ហាកើតឡើងឲ្យទាល់តែបាន ។
ហ្វារ៉ា ភរិយារបស់ ចច គិតថានាងគួរតែធ្វើកិច្ចការនៅក្នុងផ្ទះល្អជាង ។
*“ត្រូវការប្រាក់ច្រើនដល់ថ្នាក់នោះឬ?”*
ហ្វារ៉ា បញ្ចៀសក្នុងការហៅឈ្មោះរបស់នាងជានិច្ច ព្រោះគ្រាន់តែនិយាយភាសាអង់គ្លេសជាមួយនាងតែម្នាក់គត់នៅក្នុងផ្ទះ វាក៏គួរឲ្យមួម៉ៅណាស់ទៅហើយ ។ អ្នកនៅទីនេះភាគច្រើននិយាយបានពីរភាសា ព្រោះភាសាផ្លូវការគឺភាសាបារាំងនិងអង់គ្លេស សូម្បីតែ អាល់ហ្វនសូ ដែលមានអាយុទើបតែ២ឆ្នាំជាង ក៏អាចធ្វើទំនាក់ទំនងជាភាសាបារាំងបានល្អជាងនាងដែរ ។

ប្រភព៖ OBSOK BOOK
សម្រាប់រឿងពេញសូមទាក់ទងតាមរយៈ Facebook: OBSOK Publisher
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តើកីឡាករ កីឡាការិនី គុនខ្មែរ ៦រូប អាចផ្តួលកីឡាករចិនបានដែរឬទេ? ជួបគ្នាល្ងាចនេះ ជាមួយព្រឹត្តិការណ៍ “Krud Kun Khmer To China 2!”

ជោគជ័យមិនឆ្ងាយ(Success is not far away)

ការស្វែងយល់ពីប្រទេសចិន - កម្មវិធីការប្រគំតន្ត្រីស៊ីមហ្វូនីនិងរឿងនិទានមិត្តភាពរវាងប្រជាជននិងប្រជាជនចិន-អាមេរិកបានប្រារព្ធឡើងដោយជោគជ័យនៅស្ថានអគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងញូវយ៉ក

ឱសថ ៧ប្រភេទ ដែលជួយឱ្យគេងលក់ស្កប់ស្កល់ដោយមិនចាំបាច់ប្រើថ្នាំ

យោបល់ទាំងអស់ (0)