ថ្មីៗ-ThmeyThmey

· 2021-12-18

ដើមត្នោត ជ្រែ និងទ្រាំង មានសណ្ឋានប្រហាក់ប្រហែលគ្នា

#ចំណេះដឹង# #ដើមត្នោត# #ចំណេះដឹងទូទៅ# #ជ្រែ#

1984

ដោយ: ប៉ូ សុភា

ភ្នំពេញ៖ ដើមត្នោត ជ្រែ ទ្រាំង ជារុក្ខជាតិមានសណ្ឋានដើមប្រហាក់ប្រហែលគ្នា។ ចំណែកឯ ទម្រង់ស្លឹកអាចខុសគ្នាបន្តិចបន្តួច។ រុក្ខជាតិទាំងបីប្រភេទនេះ គេអាចប្រើជាប្រយោជន៍បានច្រើន មិនចាញ់គ្នាទេ។ ដើមទ្រាំង និងជ្រែ អាចមានពលរដ្ឋខ្លះមិនសូវស្គាល់ ប៉ុន្តែដើមត្នោតមានអ្នកស្គាល់ទូទាំងប្រទេស និងដឹងពីអត្ថប្រយោជន៍របស់វាស្ទើរគ្រប់ៗគ្នា។

រុក្ខជាតិមានច្រើនប្រភេទនៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានប្រភេទខ្លះមានភិនភាគប្រហាក់ប្រហែលគ្នា អាចនឹងចាប់ច្រឡំ។។ សម្រាប់ ដើមជ្រែ ទ្រាំង និងត្នោតអាចមានលក្ខណៈប្រហែលគ្នាទាំងសណ្ឋាន កម្ពស់ ចំណែកឯស្លឹកវិញ ខុសគ្នាបន្តិចបន្តួចៗប៉ុណ្ណោះ។ 

ជ្រែ៖ ជារុក្ខជាតិ មានសណ្ឋានដើមប្រហែលនឹងដើមត្នោត ចំណែកឯ ស្លឹកអាចចាប់ច្រឡំជាមួយស្លឹកទ្រាំង។ ជ្រែ គេអាចប្រើស្លឹក ធាង និងដើមជាប្រយោជន៍។ សម្រាប់ស្លឹក គេអាចយកច្នៃធ្វើជាកន្ទេល យកក្រងប្រក់ផ្ទះ និងយកទៅបាំងធ្វើជាជញ្ជាំងផ្ទះក៏បាន។ មួយវិញទៀត កសិករក៏អាចយកស្លឹករបស់វាក្រងធ្វើ «ខ្យងហ៊ាន» ទុកបាំងកម្ដៅថ្ងៃក្នុងទីវាលតាមស្រែចម្ការ ឬបាំងពាងទឹកបង្ការកម្ទេច និងធូលីផើតចូលពាងទឹកក៏បាន។ ក្រៅពីនេះ គេក៏អាចយកធ្វើជាខ្សែចងនំ ឬត្រកួន ព្រលឹតក៏បាន។

ដើមជ្រែ

ចំពោះធាងរបស់វា គេអាចកាប់ធ្វើជារបងបាំងដីចម្ការ និងរបងផ្ទះក៏បាន។ មួយវិញទៀត គេអាចកាប់អង្កន់ទុកដុតដាំបាយ និងសម្ល។ ចំណែកឯ ដើមជ្រែពេញអាយុគេអាចកាប់វាដើម្បីធ្វើជាម្សៅ សម្រាប់ធ្វើនំ និងប្រើជាប្រយោជន៍ផ្សេងៗ។ 

ទ្រាំង៖ ជារុក្ខជាតិមួយប្រភេទដែលមានអាយុប្រហែលនឹងមនុស្ស គឺចន្លោះអាយុ៦០ទៅ ៦៥ឆ្នាំ។ សណ្ឋានដើមប្រហែលដើមត្នោត ដើមជ្រែដែរ ប៉ុន្តែខុសគ្នាត្រង់ទ្រាំងមានខ្លឹម ចំណែកឯត្នោត និងជ្រែគ្មានខ្លឹមទេ។ ទ្រាំងគេអាចប្រើបានទាំងផ្លែ ធាង និងស្លឹក។ 

ស្លឹកទ្រាំងត្រូវគេអាចច្នៃធ្វើជាកន្ទេល មួក និងយកធ្វើជាស្លឹកប្រកផ្ទះក៏បាន។ ចំណែកឯ ធាងរបស់វាត្រូវបានគេ កាប់យកខ្លឹម ដើម្បីច្នៃជា ចង្កឹះ ស្លាបព្រា សម ដាវ និងរបស់របរផ្សេងៗទៀត តាមតម្រូវការ និងតាមរបៀបផ្សេងៗ។ ចំពោះផ្លែរបស់វា នៅពេលខ្ចីអាចធ្វើជាបង្អែមសម្រាប់បរិភោគ និងនៅពេលទុំអាចយករើសយកទីបណ្ដុះសម្រាប់បន្តពូជ។ មួយវិញទៀត គេអាចយកគ្រាប់ទុំរបស់វាធ្វើជាថ្នាំបំពុលបែបធម្មជាតិប្រើប្រាស់ ដើម្បីបំពុលត្រីតាមស្ទឹង និងព្រែកក៏បាន។ សូមបញ្ជាក់ថា ចំពោះដើមទ្រាំងមិនមានខ្លឹម ហើយគេក៏មិនអាចប្រើជាប្រយោជន៍អ្វីដែរ។

ដើមត្នោត

ត្នោត៖ ជារុក្ខជាតិមួយប្រភេទ ដែលមានអត្ថប្រយោជន៍ច្រើន សម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ និយាយជារួមគ្រប់ផ្នែកទាំងអស់របស់ដើមត្នោត គេអាចយកទៅប្រើការបានទាំងអស់មិនថា ដើម ផ្លែ ស្លឹក ធាង ទឹក និងផ្កា។ ដើមត្នោតគេអាច ច្នៃធ្វើទូកជិះ ធ្វើជារនូតផ្ទះ តុ ទូ និងសម្ភារប្រើប្រាស់ជាច្រើនទៀត។ ចំណែកឯស្លឹកត្នោតគេអាចយកទៅក្រងប្រក់ផ្ទះ បាំងជញ្ជាំង ធ្វើមួក ផ្លិត និងកន្ទេលត្នោតជាដើម។

ក្រៅពីនេះ គេក៏អាចយកស្លឹករបស់វា ទៅខ្ចប់នំ ឬធ្វើជាខ្សែចងនំ។ ចំពោះទឹកត្នោត គេអាចបរិភោគភ្លាមៗក៏បាន បន្ទាប់ពីដាក់ចុះពីដើមថ្មីៗ ឬមួយអាចច្នៃធ្វើទឹកត្នោតជូរ និងយកទៅកូរធ្វើស្ករត្នោតជាដើម។ 

ផ្កាត្នោត ត្រូវបានចាស់ៗយកផ្សំធ្វើឱសថបុរាណ សម្រាប់កែរោគផ្សេងៗ។ ចំណែកឯ ផ្លែត្នោតគេអាចប្រើបានទាំងខ្ចីចាស់ ទុំ ដោយផ្លែខ្ចីគេអាចយកស្ល ផ្លែចាស់ល្មមអាចហូបគ្រាប់តាមធម្មតា និងធ្វើបង្អែម។ ចំណែកឯ ផ្លែទុំគេអាចយកធ្វើនំ និងបណ្ដុះយកកំពីង និងគមលក់ក៏បាន៕  

 រូបភាពដោយក្រុមកែច្នៃផលិតផលពីដើមទ្រាំងស្រុកឆែប

ប្រភព៖ ដើមត្នោត ជ្រែ និងទ្រាំង មានសណ្ឋានប្រហាក់ប្រហែលគ្នា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)