បង្ហោះផ្សាយ

ខ្មែរ

Novel Readers

· 2022-06-14

រឿង ជំនោរនិរតី ភាគទី ២ (៤/៧) ប្រលោមលោកខ្មែរ

#រឿងនិទាន និងប្រលោមលោក# #រឿងប្រលោមលោក# #កម្សាន្ត#

4169

មាណវីឈ្ងោកមុខមិនតបត ស្រីតែងមានការខ្មាសអៀន ពុំដឹងពាក្យពន្យល់បុរសរបៀបណាទេ គេចង់ថាម៉េចក៏ថាទៅ តែនាងយល់ថារាត្រីនិយាយត្រូវដែរ....ទ្រាំនឹងសំដីរញ៉ាំរញ៉ូវរបស់នារី វាគ្រាន់ជាងជាមួយសំដីព្រាន ថ្លោះធ្លោយម្ដងទៀតមានតែស្លាប់ទេទើបប្រសើរ ។

«អ្នកនាងសក់ខ្លីនោះឬ ជាគូដណ្តឹងអ្នកប្រុស...!

«ហ្នឹងហើយ !»

លីណារាងព្រួយក្នុងចិត្ត ព្រោះដឹងថាវរលក្ខណ៍កាចណាស់ តាមឫកពា។

រាត្រីឥឡូវគេព្រមរៀបការជាមួយវរលក្ខណ៍ហើយ គេសន្យានឹងលោកយាយថាពីរឆ្នាំទៀត ព្រោះមាណពមានជំងឺដែលលោកគ្រូពេទ្យ ពុំទាន់ឱ្យបង្ខំយកភរិយាត្រូវព្យាបាលមានសុខភាពល្អសិន លោកយាយមិនអាចបង្ខំឱ្យលើសហ្នឹងទៀតទេ តែគាត់សប្បាយចិត្តម៉្យាងដែរ ព្រោះរាត្រីឥឡូវចេះទន់ភ្លន់ដាក់វរលក្ខណ៍ ពុំដូចកាលមុន គេសុំឱ្យនាងស្លៀកពាក់ល្មមៗបានហើយ...បើចង់ដើរជាមួយគេ ឯវរលក្ខណ៍ក៏ខំសម្របឫកពាផ្នែកស៊ីវិល័យ តាមខ្លះៗដែរ ។

ឡានបត់ចូលក្នុងភូមិគ្រឹះ ។ លីណាចូលតាមអ្នកកំលោះទាំងញញើត វរលក្ខណ៍កំពុងតែលាបថ្នាំក្រចក លោកយាយអង្គុយមើលចៅស្រីញញឹមមិនដាច់ពីមាត់ ក្រឡេកឃើញលីណា វរលក្ខណ៍បើកភ្នែកក្រឡង់ រាត្រីបន្លឺ ៖

«ម៉ាក់យាយ ខ្ញុំយកនាងនេះឱ្យមកបំរើយើងណា៎ !...»

វរលក្ខណ៍ ងាកមុខចេញ៖

«យី បងសំបូរលុយណាស់ ឈ្នួលស្រីបីនាក់ហើយ បងខំយកមកធ្វើអីទៀត? នាងហ្នឹងដូចជាឃើញលក់ផ្កានោះឬ?...»

រាត្រី មកអោបស្មាវរលក្ខណ៍ពីក្រោយ៖

«លក្ខណ៍ អូនរអ៊ូធ្វើអី បានឈ្នួលច្រើនអូនកាន់តែស្រណុក បងខ្លាចអូននឿយហត់ណា៎ ដឹងទេ...»

វរលក្ខណ៍ ញញឹមស្រស់បាត់ខឹង៖

«អូនខ្លាចបងអស់លុយ !»

«ខ្លាចអី... នាងជំពាក់លុយបង ហើយមកនៅបំរើកាត់លុយទេតើ ! ហើយបើបងមិនឱ្យនៅ ពុំដឹងអង្កាលនាងមានលុយសងដែរ !»

លីណា ទទួលអារម្មណ៍ជូរចត់ណាស់ តែនាងយល់ថា រាត្រីមានគុណលើសលប់ ទោះគេប្រមាថយ៉ាងណាក៏ដោយ ក៏នាងមិនតូចចិត្តដែរ ។

លោកយាយក៏ត្រជាក់ចិត្ត៖

«នាងជំពាក់លុយស្អី រាត្រី?...»

«បាទ ដើរមិនមើលបុកឡានខ្ញុំបែកស្តុប ហើយខ្ចីលុយមើលរបួសទៀត !..»

វរលក្ខណ៍អស់សំណើច នាងសប្បាយណាស់ព្រោះបានរាត្រីរៀបការ ពីរឆ្នាំទៀតក៏ដោយ ឱ្យតែបានជួបបងជីដូនមួយដ៏ស្រស់សង្ហា ។ លោកយាយប្រាប់លីណា៖

« នែ៎! មកនៅក្នុងផ្ទះនេះ កុំធ្វើស្ពឹកៗមិនបានទេណា៎!ឈ្មោះអីដែរ?»

«ចា៎លោកយាយ នាងខ្ញុំធ្លាប់នឹងការងារហើយ.…ខ្ញុំឈ្មោះលីណា !..»

«មើល៍ មីងវា នាំលីណាទៅរៀបបន្ទប់ខាងក្រោយសំរាកទៅ !...»

លីណាបានរស់នៅក្នុងផ្ទះដ៏ស្តុកស្តម្ភនេះ កិច្ចការអ្វីៗហាក់ស្ថិតលើនាងសឹងតែទាំងអស់ តែនាងមិនចេះនៅស្ងៀម តែនៅពុំត្រូវចិត្តវរលក្ខណ៍ ព្រោះច្រណែននឹងរូបសម្ជស្សលីណា ។ ថ្ងៃៗនាងពាក់តែអាវបំពង់ជិតដៃដូចស្រីកូឡានៅតែឃើញស្អាត បើហ៊ានពាក់អាវម៉ូដទៀត ប្រហែលជាកាច់នាងទាំងស្រស់បាត់ទៅហើយ ។

ថ្ងៃនេះវរលក្ខណ៍យកស្បែកជើងមកឱ្យលីណាខាត់ គ្រាន់តែនៅប្រឡាក់កែងបន្តិច នាងល្អលើកស្បែកជើងតប់លីណាទាំងកំហឹង ។

«ធ្វើអីក៏រលេះរលួយដៃជើង ! បានតែខាងល្វតល្វន់ដូចដង្កូវបាក់ខ្នង....អីចឹង ! ស្រីល្អឯងនេះ !...»

រាត្រីមកទាន់ ចាប់ដៃជាប់៖

« រឿងអីទៀតហើយ វរលក្ខណ៍ ! រៀនធ្វើចិត្តឱ្យវាត្រជាក់បន្តិច....ទៅមើល៍ !»

«ស្អី ! បងកាន់ជើងវាឬ?,...»

រាត្រី ប្រែទឹកមុខ ហាក់ខំអត់ធ្មត់ណាស់៖

« បងចង់ឱ្យអូនរៀបចំឫកពាពីឥឡូវឱ្យហើយ...ទំរាំដល់ថ្ងៃយើងរៀបការអូនមានរបៀបជាគហបតី គ្រប់គ្រងទ្រព្យវាល់លាន ដឹងទេ ? មានយល់ពីការសន្យាពីរឆ្នាំរបស់បងទេ...លក្ខណ៍?...»

ស្រីឆើតសំរួលទឹកមុខ រត់ទៅអោបកគេធ្វើឫកម្ញិកម្ញក់ ។

«អូ ! អូនសុំទោសពីរឿងចិត្តឆេវឆាវរបស់អូន ! អេ៎...លីណា នៅមើលស្អីទៀត មិនឆាប់ទៅបោកខោអាវទៅ !...»

រាត្រីបន្ថែម៖

« ទៅសាកំរាលពូកខ្ញុំយកទៅបោកផង...លីណា !...»

«ចា៎ !»

មាណវីកំពុងដោះស្រោមខ្នើយនៅក្នុងបន្ទប់ផ្ទាល់របស់រាត្រី... អ្នកកំលោះចូលមករើអាវខ្លះឱ្យនាងបោក តែឃើញបោកស្អាតអស់មុនយ៉ាងមានរបៀប៖

«អា ! អ្នកណាប្រមូលអាវខ្ញុំបោក?..»

«ចា៎ ! ខ្ញុំយកពីល្ងាចមិញ !...»

កំលោះ អង្គុយលើពូកទាំងមុខមាំ៖

«ថ្ងៃក្រោយឈប់ចូលបន្ទប់ខ្ញុំ ពេលខ្ញុំមិននៅ លីណាឮទេ បន្ទប់នេះមិនត្រូវការឱ្យអ្នកណាចូលដោយគ្មានការអនុញ្ញាតិទេ!»


និពន្ធដោយ៖ អ្នកស្រី ម៉ៅសំណាង

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

បងរិត គ្មានតម្លៃ

· 2022-06-19

Hi

  • 1
ទៅកាន់