
Thea
· 2019-03-24
បុរស២នាក់នៅស្រុកស្នួល ត្រូវរន្ទះបាញ់ស្លាប់កាលពីម្សិលមិញ
0
ខេត្តក្រចេះ ៖ កាលពីព្រលប់ ថ្ងៃទី២៣ ខែមីនា មានភ្លៀងកក់ខែមួយមេធំ លាយឡំខ្យល់ផ្គររន្ទះបានបង្កឡើងជាមហន្តរាយធ្ងន់ធ្ងរ ក្នុងនោះបង្កឲ្យមានផ្ទះ របស់ពលរដ្ឋរាប់សិបខ្នងនៅ ស្រុកសំបូរត្រូវខូចខាត ព្រមទាំងបង្កឲ្យបុរស២នាក់នៅស្រុកស្នួល បានស្លាប់ដោយសាររន្ទះបាញ់។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ផ្ទះឈើតូចធំរបស់ពលរដ្ឋនៅតាមឃុំ ចំនួន២ឃុំ គឺឃុំរលួស និងឃុំក្បាលដំរី ស្រុកសំបូរ មានចំនួន៣៣ផ្ទះ ត្រូវរងការខូចខាតដោយសារខ្យល់កន្ត្រាក់ ដែលវាយបោកបក់ខ្លាំង ក្នុងនោះមាន២៦ផ្ទះរងគ្រោះស្រាល ក្រៅពីនោះគឺត្រូវបាក់រលំប៉ើងដំបូល និងខ្លះត្រូវ ដួលបាក់ទ្រេតរាបដល់ដី។
សេចក្តីរាយការណ៍បន្តថា ក្រៅពីបានបង្កឲ្យមានការខូចខាតដល់លំនៅដ្ឋានរបស់អ្នកស្រុក បាតុភូតគ្រោះធម្មជាតិ ផ្គររន្ទះបានបាញ់សម្លាប់បុរស២នាក់ នៅស្រុក ស្នួល បណ្តាលឲ្យស្លាប់បាត់បង់ជីវិតក្នុងអំឡុងពេលបន្តបន្ទាប់គ្នានៅថ្ងៃដដែល។
បុរសរងគ្រោះម្នាក់ឈ្មោះ ទ្រី ភ័ក្ក្រ អាយុ ២៦ឆ្នាំ រស់នៅភូមិក្រញូងសែនជ័យ ស្រុកស្នួល ត្រូវរន្ទះបាញ់ឲ្យស្លាប់បាត់បង់ជីវិត នៅពេលជនរងគ្រោះ កំពុងតែស្នាក់នៅក្នុងផ្ទះចំការ ពេលមេឃកំពុងភ្លៀងខ្លាំង និងជនរងគ្រោះម្នាក់ទៀតឈ្មោះ ជ្រីន កូមីន អាយុ ១៦ឆ្នាំ រស់នៅឃុំស្នួល ស្រុកស្នួល ក៏ជួប ហេតុការណ៍រន្ទះបាញ់ បណ្តាលឲ្យស្លាប់នៅពេលដែលជនរងគ្រោះកំពុងតែឈរហូបទឹកនៅខាងក្រោមផ្ទះ ក្រោយទទួលទានបាយល្ងាចរួច។
ជារៀងរាល់ឆ្នាំ បាតុភូតគ្រោះធម្មជាតិ គឺតែងតែបង្កឲ្យមានគ្រោះមហន្តរាយធ្ងន់ធ្ងរដល់ពលរដ្ឋគួរឲ្យព្រួយបារម្ភ ដូចជាករណីខ្យល់កន្ត្រាក់ និងគ្រោះរន្ទះបាញ់។ ស្រុកចំនួន៥ និងក្រុង១ នៅក្នុងខេត្តក្រចេះ គឺត្រូវទទួលរងគ្រោះធម្មជាតិដូចៗគ្នា ជារៀលរាល់ឆ្នាំ៕ បញ្ញា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)
គ្មានយោបល់