បង្ហោះផ្សាយ

ខ្មែរ

Sreyly

· 2019-05-07

គ្រូ​វៀតណាម ទៅរក​កីឡាករ​កូនកាត់​ដល់​ទឹកដី​អឺរ៉ុប យក​មក​ចូល​ក្រុម​ជម្រើសជាតិ

0

កាលពីពេលថ្មីៗកន្លងទៅនេះ លោក Park Hang-seo គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម បានធ្វើដំណើរទៅអឺរ៉ុប ដើម្បីមើលការប្រកួតរបស់កីឡាករដើមកំណើតវៀតណាម ដើម្បីនាំយកពួកគេចូលក្រុមជម្រើសជាតិ។ កីឡាករកូនកាត់វៀតណាមទាំង ៣រូបនោះ រួមមាន Filip Nguyen, Alexander Dang និង Jason Quang Vinh Pendant។ នេះបើយោងតាមសារព័ត៌មានវៀតណាម VN Express។

អ្នកចាំទីកូនកាត់វៀតណាម-ឆេក Filip Nguyen កំពុងលេងឲ្យក្លឹប Slovan Liberec, ខ្សែប្រយុទ្ធកូនកាត់វៀតណាម-ន័រវែស Alexander Dang លេងឲ្យក្លឹប Nest-Sotra Fotball ចំណែកខ្សែការពារកូនកាត់វៀតណាម-បារាំង Jason Quang Vinh Pendant លេងឲ្យក្លឹប Sochaux FC។

ប្រភពដដែលបញ្ជាក់ថា កីឡាករ ២រូបក្នុងចំណោមនោះ គឺ Dang និង Pendant សុទ្ធតែចង់លេងឲ្យក្រុមជម្រើសជាតិវៀតណាម។ ប្រសិនបើលោក Park អាចយកពួកគេទាំង ៣នាក់មកបាន នោះពួកគេនឹងអាចជួយក្រុមជម្រើសជាតិវៀតណាម ក្នុងការប្រកួតពានរង្វាន់ King's Cup នៅថៃ នាខែមិថុនាខាងមុខនេះបាន។

ពីឆ្វេងទៅស្ដាំ៖ Filip Nguyen, Alexander Dang, Jason Quang Vinh Pendant

បើតាមវិបសាយ Transfermakt បានឲ្យដឹងថា កីឡាករទាំង ៣រូបនេះ មានតម្លៃខ្លួន ស្ទើរតែស្មើតម្លៃខ្លួនកីឡាករជម្រើសជាតិវៀតណាម ទាំង ២៣នាក់នាពេលបច្ចុប្បន្ន។ ក្នុងនោះ Filip Nguyen មានតម្លៃខ្លួនលើទីផ្សារដោះដូរ ជាង ៨០ម៉ឺនដុល្លារ Jason Quang Vinh Pendant មានតម្លៃខ្លួន ជិត ៧០ម៉ឺនដុល្លារ និង Alexander Dang មានតម្លៃខ្លួនជាង ៣០ម៉ឺនដុល្លារ។

ប្រភពដដែល បញ្ជាក់ថា ក្នុងក្រុមជម្រើសជាតិវៀតណាមបច្ចុប្បន្ន កីឡាករថ្លៃជាងគេ គឺអ្នកចាំទី Dang Van Lam មានតម្លៃខ្លួនថ្លៃជាងគេ គឺជាង ៣០ម៉ឺនដុល្លារ តាមពីក្រោយដោយខ្សែប្រយុទ្ធ Nguyen Cong Phuong ខ្សែបម្រើ Nguyen Quang Hai និងខ្សែការពារស្លាបឆ្វេង Doan Van Hau ដែលមានតម្លៃខ្លួនជាង ១៦ម៉ឺនដុល្លារដូចគ្នា៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់