បង្ហោះផ្សាយ

ខ្មែរ

Mean

· 2019-06-20

ត្រូវប្រយ័ត្ន ​! ការឧស្សាហ៍ឈឺក្នុងទ្រូង វាជាសញ្ញាបង្ហាញពីជម្ងឺទាំងនេះ

#គន្លឹះថែទាំសុខភាព# #សុខភាព# #បញ្ហារចុកទ្រូង#

0

ការឈឺក្នុងទ្រូង មិនមែនតែងតែបញ្ជាក់ថា មានជំងឺគាំងបេះដូងទាំងអស់នោះទេ។ វាអាចជាសញ្ញាមួយនៃការបង្ករោគ ឬការរលាកនៅសួត ឆ្អឹងខ្នង ឬបញ្ហាចំណីអាហារផងដែរ។ យ៉ាងណាមិញការបង្ករោគលើរចនាសម្ព័ន្ធ ឬការរលាកលើជាលិកាបេះដូងក៏អាចនាំឲ្យមានជំងឺឈឺទ្រូងធ្ងន់ធ្ងរបានដែរ។

ខាងក្រោមនេះ គឺជាជំងឺមួយចំនួនដែលអាចធ្វើឲ្យឈឺទ្រូង ប៉ុន្តែមិនមែនជាជំងឺគាំងបេះដូងឡើយ។ ដោយក្នុងនោះរួមមានដូចជា៖

ការរលាក ឬការបង្ករោគរបស់បេះដូង

អាការៈនេះស្តាប់ទៅដូចគាំងបេះដូងដែរ ប៉ុន្តែមិនមែនទេ គឺអ្នកជំងឺមានអារម្មណ៍ឈឺខ្ទកៗនៅទ្រូងខាងឆ្វេង ហើយឈឺចាក់ទៅដៃខាងឆ្វេង។ ការរលាកនៅសាច់ដុំបេះដូងអាចបណ្តាលឲ្យឈឺតិចតួចនៅចំកណ្តាលទ្រូងតែម្តង។ មានជំងឺច្រើនណាស់ដែលមានលក្ខណៈនៃការឈឺដូចគាំងបេះដូង ប៉ុន្តែមិនបញ្ជាក់ថាជាការស្ទះបេះដូងទេ ដូចជា ការរលាកសាច់ដុំបេះដូង ឬរលាកស្រោមបេះដូងជាដើម។

រចនាសម្ព័ន្ធមិនធម្មតារបស់បេះដូង

ថ្វីត្បិតតែរឿងនេះមិនកើតមានជាញឹកញាប់ក៏ដោយ តែរចនាសម្ព័ន្ធបេះដូងមិនធម្មតា អាចបណ្តាលឲ្យឈឺទ្រូងដែរ។ បើសិនជាអ្នកឈឺទ្រូង និងពិបាកដកដង្ហើមក្រោយពីហាត់ប្រាណរួច នោះវាអាចបញ្ជាក់ថាជា ជំងឺសាច់ដុំបេះដូងរីកធំ (Hypertrophic Cardiomyopathy) ទៅវិញទេ។ វាគឺជាជំងឺហ្សែន ដែលសាច់ដុំបេះដូងមានលក្ខណៈក្រាស់ខុសធម្មតា។ ចំពោះជំងឺទាក់ទងនឹងប្រើសបេះដូងក៏អាចបណ្តាលឲ្យឈឺក្នុងទ្រូងដែរ។

បញ្ហាសួត

មូលហេតុមួយដែលចំបងជាងគេនៃការឈឺក្នុងទ្រូងទាក់ទងនឹងសួតនោះគឺ ការរលាកស្រោមសួតតែម្តង។ វាអាចបណ្តាលឲ្យឈឺក្នុងទ្រូងនៅពេលដកដង្ហើម ក្អក ឬកណ្តាស។ ជំងឺសួតដូចជា រលាកសួត ដែលអាចបណ្តាលឲ្យរលាកស្រោមសួត ឬជំងឺហឺត ក៏ធ្វើឲ្យឈឺទ្រូងដែរ។ ករណីខ្លះ ទោះបីជាមានកំណកឈាមក្នុងស្រោមសួតក៏អាចនាំឲ្យឈឺក្នុងទ្រូងបានដែរ។

បញ្ហាឆ្អឹង ឬសរសៃប្រសាទ

ករណីខ្លះ ការមានរបួសនៅទ្រូងដោយសារគ្រោះថ្នាក់ចរាចរណ៍ ឬការរលាកសរសៃប្រសាទសុទ្ធតែអាចធ្វើឲ្យឈឺទ្រូងបានទាំងអស់។ ការរលាកនៅឆ្អឹងជំនី ឬឈឺចេញពីឆ្អឹងជំនីដែលបាក់អាចធ្វើឲ្យឈឺទ្រូងដែរ។ ម្យ៉ាងវិញទៀត ការរលាកសរសៃប្រសាទដោយសារតែជំងឺប៉េស ឬជំងឺរើមអាចធ្វើឲ្យឈឺក្នុងទ្រូងដែរមុនពេលចេញរោគសញ្ញាលើស្បែក។

បញ្ហាក្រពះពោះវៀន

ការច្រាលទឹកអាស៊ីតពីក្រពះច្រើនតែមានការច្រឡំនឹងជំងឺគាំងបេះដូង ព្រោះវាធ្វើឲ្យឈឺ និងមិនស្រួលក្នុងទ្រូងដូចគ្នា។ ករណីខ្លះ ការក្អែលអាហារ ឬជំងឺដំបៅក្រពះក៏ប្រហែលជាចេញអាការៈឈឺទ្រូង ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់