
Oudom
· 2019-08-04
លោ ជា សុផារ៉ា និង គួច ចំរើន បន្តចុះពិនិត្យការដ្ឋានសំណង់ ក្នុងខេត្តព្រះសីហនុ ចំនួន១៥កន្លែងទៀត
#ពិនិត្យសំណង់# #សង្គម# #នយោបាយជាតិ#
11
ខេត្តព្រះសីហនុ៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី បានដឹកនាំមន្ត្រីបច្ចេកទេសជំនាញ ចុះត្រួតពិនិត្យនៅតាមការដ្ឋានសំណង់មួយចំនួនទៀត នាខេត្តព្រះសីហនុ ដើម្បីឲ្យប្រាកដថា សំណង់ទាំងនោះសង់មានគុណភាព ស្របតាមបច្ចេកទេក និងមានច្បាប់អនុញ្ញាតត្រឹមត្រូវ។
សកម្មភាពខាងលើនេះ បានចាប់ផ្តើមកាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩នេះ ដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។ ហើយថា មានការដ្ឋានសំណង់ចំនួន ១៥កន្លែងទៀត នាខេត្តព្រះសីហនុ ដែលមន្ត្រីជំនាញបន្តចុះត្រួតពិនិត្យ នៅពេលនេះ។
នាឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការបន្តចុះពិនិត្យការដ្ឋានសំណង់ នៅពេលនេះ ប្រយោជន៍ដើម្បីស្វែងរកភាពមិនប្រក្រតីមួយចំនួនរួមមាន៖ ដូចជាការសាងសង់គ្មានច្បាប់អនុញ្ញាត ឬសំណង់សង់ខុសបច្ចេកទេស ដោយមិនស្របទៅតាមស្តង់ដាត្រឹមត្រូវជាដើម។
ត្រង់ចំណុចនេះ លោក គួច ចំរើន បន្តថា កន្លងទៅថ្មីៗនេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យការដ្ឋានសំណង់ចំនួន៨កន្លែង ក្នុងក្រុងព្រះសីហនុ ដោយបានរកឃើញការដ្ឋានចំនួន ៦កន្លែង មានភាពមិនប្រក្រតី ហើយក៏បានសម្រេចផ្អាកការដ្ឋានសំណង់ទាំងនោះជាបណ្តោះអាសន្ន។
លោកបន្តថា ការចុះពិនិត្យសំណង់លើកនេះ លោក ជា សុផារ៉ា ក៏ដូចជាក្រុមការងារបច្ចេកទេស នឹងពិនិត្យផ្ទៀងផ្ទាត់ ទៅលើការដ្ឋានសំណង់មួយចំនួននោះ ដូចជាពេលមុនៗដែរ។ ហើយថា ក្នុងករណីមន្ត្រីជំនាញ បានរកឃើញសំណង់ទាំងនោះមានបញ្ហាមុនប្រក្រតី ទាក់ទិនបច្ចេកទេស និងសំណង់សង់គ្មានច្បាប់ជាដើម មន្ត្រីជំនាញ នឹងសម្រេចផ្អាកសកម្មភាព របស់ការដ្ឋានសាងសង់សំណង់អគារទាំងនោះភ្លាម ដើម្បីឲ្យជំនាញបន្តនីតិវិធីតាមផ្លូវច្បាប់៕ ដែន អយុធ្យា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)