បង្ហោះផ្សាយ

ខ្មែរ

Nisay

· 2019-08-06

ប៉ុន្មានចំណុចត្រូវដឹង! មុននឹងទៅកម្សាន្តនៅ «កន្លែងត្រាំទឹក្តៅ ឬ ONSEN» ប្រទេសជប៉ុន

#កន្លែងត្រាំទឹកក្ដៅ# #ដើរលេង# #ដើរលេងស្រុកខ្មែរ#

0

ប្រសិនបើអ្នកមានឱកាសទៅលេងប្រទេសជប៉ុន ហើយអ្នកចង់មានបទពិសោធន៍ដ៏អស្ចារ្យនៅក្នុងប្រទេសជប៉ុន ទាក់ទងនឹងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ នៃប្រទេសនេះ ឧទាហរណ៍ដូចជាការកម្សាន្តនៅក្នុង «កន្លែងត្រាំទឹកក្តៅ ឬ ONSEN»…ជាដើម។ តោះ! មកស្វែងយល់ប៉ុន្មានចំណុចសិន មុននឹងអ្នកឈានជើងចូលទៅក្នុងកន្លែងត្រាំទឹកក្តៅ នៅក្នុងប្រទេសជប៉ុន៖

1. ត្រូវដោះសម្លៀកបំពាក់ របស់អ្នកទាំងអស់ មុននឹងចូលអាងត្រាំទឹកក្តៅ (ទាំងអាងធម្មជាតិ និងអាងសិប្បនិម្មិត)

ការចូលទៅក្នុងអាងត្រាំទឹកក្តៅ អ្នកត្រូវដោះសម្លៀកបំពាក់ សូម្បីគ្រឿងអលង្ការរបស់អ្នក ចេញឱ្យអស់ នោះទើបអ្នកអាចចូលត្រាំងទឹកក្តៅបាន នេះជាប្រពៃណី ទំនៀមទម្លាប់របស់ជនជាតិជប៉ុន ដែលបានប្រកាន់ខ្ជាប់ តាំងពីបូរាណមក។ ជនជាតិមានជំនឿថា ធ្វើបែបនេះគឺអាចរក្សាទឹកក្តៅនេះ ឱ្យមានភាពបរិសុទ្ធជានិច្ច។

2. កុំគិតថាគ្មានសុវត្ថិភាព

ជាធម្មតា នៅកន្លែងត្រាំទឹកក្តៅនីមួយៗ នៅក្នុងប្រទេសជប៉ុន ត្រូវបានបែងចែកជាច្រើនផ្នែកផ្សេងៗគ្នាដូចជា៖ ផ្នែកខាងមនុស្សស្រី ផ្នែកខាងមនុស្សប្រុស និងផ្នែកខាងអ្នកមានគ្រួសារ…ជាដើម។ ដូច្នេះ អ្នកមិនចាំបាច់ព្រួយបារម្ភថា មានមនុស្សដែលមានភេទផ្ទុយពីអ្នក អាចមើលឃើញអ្នកនោះទេ។

3. ងូតទឹកផ្កាឈូក មុននឹងចូលក្នុងអាងទឹកក្តៅ

ជាទូទៅ នៅក្នុងកន្លែងត្រាំទឹកក្តៅនីមួយៗ តែងមានផ្តល់កន្លែងងូតទឹកផ្កាឈូកដល់ភ្ញៀវ។ ជាទម្លាប់ ជនជាតិជប៉ុន មុននឹងចូលទៅក្នុងអាងទឹកក្តៅ ពួកគេចាំបាច់ត្រូវលាងសម្អាតខ្លួនប្រាណ ជាមួយនឹងទឹកផ្កាឈូកជាមុនសិន ដើម្បីឱ្យប្រាកដថាខ្លួនប្រាណរបស់ពួកគេ ស្អាតល្អទាំងស្រុង។

4. នៅបរិវេណត្រាំទឹកក្តៅ មិនត្រូវរត់ លោតរំលងផ្លោះ ឬ ស្រែកឡូឡា និងបង្កភាពរញ៉េរញ៉ៃដល់អ្នកដទៃ

អ្នកប្រាកដជាមិនឱ្យជនជាតិជប៉ុនថា អ្នកគឺជាជនបរទេស ដែលគ្មានសីលធម៌ មែនទេ។ ដូច្នេះ អ្នកគួរគួប្បីកុំធ្វើរឿង ដែលបានរៀបរាប់ដូចខាងលើនេះ។ ប្រសិនបើអ្នកនៅជាមួយនឹងមិត្តភក្តិ សូមរក្សាការសន្ទនារបស់អ្នកដោយភាពស្ងៀមស្ងាត់។

5. អ្នកត្រូវត្រាំខ្លួនប្រាណរបស់អ្នកទាំងស្រុង នៅក្នុងអាងទឹកក្តៅ

កន្លែងត្រាំទឹកក្តៅ គឺជាកន្លែងដែលមានទាំងទិដ្ឋភាពស្រស់ស្អាត និងធ្វើឱ្យអ្នកមកត្រាំ អាចបន្ធូរអារម្មណ៍បានថែមទៀត។ លើសពីនេះ ដោយសារតែ ទឹកក្តៅសម្បូរទៅដោយសារធាតុរ៉ែ គឺអាចធ្វើឱ្យស្បែករបស់អ្នក ភ្លឺរលោង ស្រស់ស្អាត និងមានសុខភាពល្អ។ ម្យ៉ាងទៀត ជនជាតិជប៉ុនជឿថា ការត្រាំទឹកក្តៅ ជួយដោះស្រាយបញ្ហាសុខភាព ជួយបន្ធូរបន្ថយអារម្មណ៍តានតឹង និងអាចធ្វើឱ្យអ្នកក្មេងជាងវ័យផងដែរ។

ដូច្នេះ ប្រសិនបើអ្នកមានឱកាសចូលត្រាំទឹកក្តៅ នៅប្រទេសជប៉ុនហើយ នោះអ្នកគួរតែត្រាំខ្លួនប្រាណរបស់អ្នកទាំងស្រុង ដើម្បីធ្វើឱ្យរាងកាយរបស់អ្នកមានសុខភាពល្អប្រសើរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់