
Rotha
· 2019-08-26
ភេសជ្ជៈដ៏ល្បីឈ្មោះ DAKASI Tea បោះជំហ៊ានចូលទីផ្សារក្រុងព្រះសីហនុ
#អាជីវកម្ម# #សង្គម# #ទីផ្សារក្រុងព្រះសីហនុ#
2666
ព្រះសីហនុ៖ យ៉ាងយូរនៅត្រឹមចុងខែតុលា ឆ្នាំ២០១៩ ឆាប់ៗខាងមុខនេះ វត្តមានក្រុមហ៊ុន តែទឹកដោះគោ គជ់ ដាកាស៊ី ខេមបូឌា (DAKASI Tea Cambodia) នឹងបង្ហាញខ្លួននៅក្រុងព្រះសីហនុ តាមរយៈផ្សារទំនើបដ៏ធំនិងលើកដំបូងគេបង្អស់ Furi Times Square។
ជាមួយនឹងកិច្ចបើកដំណើរការលក់ ក្នុងជំហ៊ានដំបូងរបស់ផ្សារទំនើបដ៏ធំ ដែលជាម្ចាស់ពានរង្វាន់រចនាម៉ូដដ៏ស្រស់ស្អាតប្រចាំឆ្នាំ២០១៩ Furi Times Square នៅចុងខែតុលា ឆ្នាំ២០១៩ នេះ ក្រុមហ៊ុនតែទឹកដោះគោ គជ់ ដ៏ល្បីឈ្មោះ DAKASI Tea ដែលមានប្រភពមកពីកោះតែវ៉ាន់ និងកំពុងសាយភាយកេរ្តិ៍ល្បីនៅក្នុងប្រទេសកម្ពុជា នឹងបង្ហាញខ្លួន ដើម្បីបំពេញទៅតាមសេចក្ដីត្រូវការរបស់អតិថិជន ជាពិសេសស្រទាប់យុវវ័យតែម្ដង។
នាយិកាគ្រប់គ្រងទូទៅក្រុមហ៊ុនតែទឹកដោះគោ គជ់ DAKASI Tea ប្រចាំនៅកម្ពុជា អ្នកនាង ឡេង លីណាបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នេះថា ក្រុងព្រះសីហនុ ជាទីផ្សារគោលដៅរបស់ក្រុមហ៊ុន បន្ទាប់ពីរាជធានីភ្នំពេញ។
អ្នកនាងបានរំលឹកឱ្យដឹងថា “ តែទឹកដោះគោគជ់ ដាកាស៊ី មានប្រភពដើមនៅកោះតៃវ៉ាន់ ប៉ុន្តែត្រូវបាននាំចូលមកកាន់កម្ពុជាជិត៥ឆ្នាំហើយ ដោយបានពង្រីកសាខាបានចំនួន៣ទីតាំងនៅក្នុងរាជធានីភ្នំពេញ។
អ្នកនាងបានបន្តថា “ការបើកក្នុងផ្សារទំនើប Furi Toimes Square ជាសាខាទី ៤របស់ក្រុមហ៊ុន ហើយខ្ញុំមានក្ដីរំពឹងប្រកបដោយភាពជឿជាក់ថា នឹងទទួលបានជោគជ័យខ្ពស់”។ អ្នកនាងបានបន្តទៀតថា “អ្នករស់នៅក្រុងព្រះសីហនុនៅពេលបច្ចុប្បន្ននេះ មានកម្រិតជីវភាពធូរធាជាងមុន ហើយក៏ជាទីតាំងប្រមូលផ្តុំ ទៅដោយបណ្តាអ្នកវិនិយោគចំរុះជាតិសាសន៍ ជាពិសេសជនជាតិចិន ដែលធ្លាប់បានស្គាល់ពីកេរ្តិ៍ឈ្មោះរបស់ ដាកាស៊ី តាំងពីយូរណាស់មកហើយ ផ្សារភ្ជាប់ជាមួយទីតាំងដ៏ទំនើប ស្ថិតនៅក្នុងផ្សារទំនើបមួយនេះនឹងកាន់តែជួយបង្កើនភាពទាក់ទាញខ្លាំង”។
នាយិកាផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន FURI Real Estate ដែលអភិវឌ្ឍគម្រោងផ្សារទំនើប Furi Times Square អ្នកនាងលឹម សុខាដាវីន បានប្រាប់ឱ្យដឹងនៅក្នុងឱកាសជួបជុំជាមួយអតិថិជនកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបានទទួលយោបល់ល្អ និងមានការកោតសរសើរពីអតិថិជនអ្នកជួលផ្សារទំនើបនេះ។
កញ្ញាបន្តទៀតថា ការកោតសរសើរទាំងនេះ ដោយសារផ្សារទំនើប Furi Times Square មានហេដ្ឋារចនាសម្ព័ន្ធយ៉ាងល្អឥតខ្ចោះ ទាំងផ្នែកទីធ្លានៅខាងក្នុង និងរូបរាងខាងក្រៅ ហើយផ្តោតលើការរៀបចំប្រព័ន្ធ នៃការលក់មានភាពទូលាយល្អ មានទីធ្លាសាធារណៈ ការឌីសាញមានភាពទាក់ទាញ ហើយទីតាំងនៃគម្រោងនេះស្ថិតនៅតំបន់ដែលមានសក្ដានុពលល្អ។
អ្នកនាងលឹម សុខាដាវីនបានបន្តថា ការទទួលបានការសរសើរពីអតិថិជន អ្នកជួលទីតាំងលក់រាយក្នុងគំរោងនេះ ដោយសារការវិនិយោគរបស់អ្នកវិនិយោគផ្សារទំនើបនេះ ផ្តោតលើការវិនិយោគរយៈពេលវែងជាជាងរកផលចំណេញ។ អ្នកនាងបន្ថែមថា“រហូតមកទល់ពេលនេះហាងអាហារ និងផលិតផលល្បីឈ្មោះជាង២០ក្រុមហ៊ុន បានចុះកុងត្រាលក់នៅផ្សារនេះ ហើយផលិតផលល្បីៗជាច្រើនទៀតកំពុងដំណើរការនិតិវិធី”៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់