
Chann
· 2018-04-17
សត្វកំណាចទាំង ១០ ដែលអ្នកមិនធ្លាប់ដឹងសោះថាវាមានគ្រោះថ្នាក់កម្រិតណា
7
១ ឆ្កែចចក ហៃអ៊ីណា (Hyena)
ដោយយោងទៅតាមអ្នកជំនាញផ្នែកសត្វ លោក ហ្គ័រដឹន ហ្គ្រីស (Gordon Grice) បានឲ្យដឹងថា ការបាត់បង់ជីវិតដែលវេទនាបំផុតនោះគឺជាការដែលត្រូវបានហែកហួរស៊ីយ៉ាងព្រៃផ្សៃដោយចចក Hyena ។ ឆ្កែចចកប្រភេទនេះនឹងខាំហែកបកស្បែក និងផ្ទៃមុខរបស់អ្នក រួចចាប់ផ្តើមស៊ីអ្នកខណៈដែលអ្នកកំពុងនៅមានដង្ហើមនៅឡើយ ដូច្នេះអ្នកនឹងមានអារម្មណ៍ថាវេទនារកអ្វីមកប្រៀបផ្ទឹមពុំបាន ។
២ បក្សីកំណាច ខាសូវ៉ារី (Cassowary)
Cassowary គឺជាបក្សីដែលគ្រោះថ្នាក់បំផុតនៅលើលោកយើងនេះ ។ វាមានមាឌធំរួមនឹងក្រញាំទាំងគូដ៏ខ្លាំក្លា ល្មមនឹងអាចស្រាវពោះវៀនមនុស្សបានយ៉ាងងាយ ។ វាតែងតែដើររកចំណីនៅតាមឆ្នេរ និងពេលខ្លះចូលទៅក្នុងផ្ទះរបស់ប្រជាជនដែលនៅក្បែរតំបន់វារស់នៅ ។ ប្រសិនបើវាមិនអាចរកចំណីបាននោះទេ វានឹងវាយប្រហារទាំងកម្រោលទៅលើមនុស្សដោយគ្មានញញើតបន្តិចណាឡើយ ។ មានម្តងនោះ បក្សី Cassowary បានវាយប្រហារបុរសម្នាក់ដោយខ្វេះយកសសៃបំពង់ករបស់គាត់ដ៏គួរឲ្យញញើតបំផុត ។
៣ ត្រីមឹក បកស៍ ជេលីហ្វីស្ស (Box Jellyfish)
បើយោងទៅតាមអ្នកឯកទេសលោកវេជ្ជបណ្ឌិត ប្រាយអិន ហ្វ្រាយ (Bryan Fry) បានឲ្យដឹងថា ត្រីមឹក Box Jellyfish គឺជាប្រភេទសត្វសមុទ្រមានពឹសដែលអាចធ្វើឲ្យអ្នកឈឺចាប់បំផុត ។ នៅពេលដែលដៃរបស់វារុំជុំវិញខ្លួនរបស់អ្នក វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាដូចជាត្រូវទឹកអាស៊ីតយ៉ាងដូច្នោះដែរ ហើយដែលការឈឺចាប់នេះនឹងបន្តដល់ជាច្រើនសប្តាហ៍ទើបបាត់ទៅវិញ ។
៤ សត្វរមាស (Rhinoceros)
រមាសមិនត្រឹមតែជាសត្វដែលមានមាឌធំ និងទម្ងន់យក្សរហូតដល់ ៣តោន ប៉ុណ្ណោះទេ វាថែមទាំងជាសត្វដែលទំនងជាចូលចិត្តវាយប្រហារមនុស្សជាជាងសត្វដទៃទៀតផង ។ ប្រសិនបើសត្វរមាសទាំងនេះគិតថាកូនៗរបស់ពួកវាស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ នោះវានឹងរត់ក្នុងល្បឿន ៣៥ម៉ៃល៍ក្នុង១ម៉ោង (35 mph) ជាមួយនឹងស្នែងដ៏រឹងមាំរបស់វាតម្រង់មករកអ្នកជាមិនខានឡើយ ។
៥ សត្វដំរី (Elephant)
លោកវេជ្ជបណ្ឌិត ខេតថ៍ ហ៊ិនស្សរ៍ (Keith Hinshaw) បានឲ្យដឹងថា ដំរីជាសត្វដែលអាចបង្កគ្រោះថ្នាក់បំផុតនៅក្នុងសួនសត្វ ។ វានឹងចងកំហឹងគុំគួនជាមួយនឹងអ្នកមើលថែសួនសត្វទាំងអស់ ហើយនៅពេលដែលវាមិនពេញចិត្តនឹងនរណាម្នាក់ដែលនៅក្បែរវានោះ វានឹងវាយប្រហារអ្នកនោះឲ្យដួលទៅលើដី រួចយកជើងទន្ទ្រាំលើក្បាល ជាមូលហេតុធ្វើឲ្យរងគ្រោះបាត់បង់ជីវិតបានដោយងាយ ។
៦ សត្វក្របី ខេផ (Cape)
ក្របី Cape ត្រូវបានចាត់ទុកជាអ្នកប្រហារមរណៈដ៏គ្រោះថ្នាក់បំផុត ។ វាជាសត្វដែលសម្លាប់មនុស្សប្រមាណជា ២០០នាក់ ក្នុង១ឆ្នាំៗ ។ រាល់ពេលដែលសត្វកំណាចប្រភេទនេះទទួលរងការវាយប្រហារពីគេ ភ្លាមៗវានឹងវាយបកមកវិញយ៉ាងកម្រោលបំផុត ហើយពេលខ្លះទៀតក៏វាត់ ឬ គាស់ផ្តួលយានជំនិះផ្សេងៗដើម្បីការពារកូនរបស់វាទៀតផង ។
៧ ឆ្លាមសកំណាច ហ្គេ្រត វាយថ៍ ស្សាកឃ៍ (Great White Shark)
ឆ្លាមសមួយប្រភេទនេះវិញត្រូវបានគេដាក់ងារថាជា “ចង្កូមមច្ចុរាជសមុទ្រ” ។ Great White Shark ជាត្រីឆ្លាមដែលមានកម្លាំងខាំត្របាក់ខ្លាំងស្មើនឹង ១៤ដងនៃកម្លាំងមនុស្សប្រុសពេញវ័យឯណោះ ។ ចាប់តាំងពីឆ្នាំ ១៩០៧ មក វាបានវាយប្រហារជាច្រើនលើកច្រើនសារនិងបានសម្លាប់មនុស្សអស់ច្រើនជាង ២២០នាក់ទៅហើយដែរ ។
៨ ខ្លាដំបង ឆេមផាវ៉ាត់ (Champawat Tiger)
Champawat ជាខ្លាស៊ីមនុស្សនៅក្នុងប្រវត្តិសាស្ត្រមួយក្បាល ដោយនៅចុងសតវត្សរ៍ទី១៩ ខ្លាដំបងនៅតំបន់ បង់ហ្កាល់ (Bengal) មួយក្បាលនេះបានត្រាច់ចរគ្រប់ទីកន្លែង និងបានស៊ីមនុស្សអស់ ៤៣៦នាក់ មុនពេលវាត្រូវបានចាប់ខ្លួនដោយអ្នកប្រមាញ់ជនជាតិអង់គ្លេសម្នាក់គឺលោក ជីម ខប៊េតថ៍ (Jim Corbett) ។
៩ ដំរីទឹក (Hippopotamus)
រហូតមកទល់ពេលបច្ចុប្បន្ន សត្វដំរីទឹកនៅតែត្រូវបានចាត់ទុកជាពេជ្ឈឃាតដ៏សាហាវមួយប្រភេទនៅលើផែនដីយើងនេះ ។ សត្វទាំងនេះពុំសូវបញ្ចេញសកម្មភាពក្រេវក្រោធក៏ពិតមែន ប៉ុន្តែសត្វទម្ងន់យក្សទាំងនេះនៅតែសម្លាប់មនុស្សប្រមាណជា ៥០០នាក់ក្នុង១ឆ្នាំៗ ដោយការខាំទំពារក្រិបៗជាមួយនឹងធ្មេញដែលមានប្រវែង ២០អ៊ីញ របស់ពួកវា ។
១០ សុនខ (Dog)
សត្វចិញ្ចឹមដែលគ្រោះថ្នាក់បំផុតនោះគឺជាសុនខដែលគួរឲ្យស្រឡាញ់ និង ចង់ថ្នាក់ថ្នមបបោសអង្អែលជារៀងរាល់ថ្ងៃនេះឯង ។ ត្រូវចាំថា ឆ្កែឆ្កួតបានចម្លងរោគ និងសម្លាប់មនុស្សប្រហែលជា ២៥,០០០នាក់ក្នុង១ឆ្នាំៗ ដែលអ្នករងគ្រោះភាគច្រើននៅប្រទេសឥណ្ឌា ជាកន្លែងដែលមនុស្ស ២០,០០០នាក់បានស្លាប់ដោយសារជំងឺឆ្កែឆ្កួតជារៀងរាល់ឆ្នាំ ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់