បង្ហោះផ្សាយ

ខ្មែរ

sopheaktra

· 2018-12-11

ដោះលែងរថយន្ដរ៉េវដឹកឈើ៤គ្រឿង សង្ស័យត្រូវរ៉ូវគ្នា?

27

ខេត្តរតនគិរីៈ បន្ទាប់ពីអាជ្ញាធរស្រុកកូនមុំបាននាំកម្លាំងស្ទាក់ចាប់រថយន្ដធុនធំចំនួន៤គ្រឿង ដែលដឹកម៉ាស៊ីនរ៉ៃចេញពីទឹកដីខេត្ដស្ទឹងត្រែងបើកចូលមកស្រុកកូនមុំ កាលពីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ នោះ ប៉ុន្តែរហូតមកដល់ថ្ងៃទី៩ ខែធ្នូ កន្លងទៅថ្មីៗ រថយន្តទាំងនោះត្រូវបានសមត្ថកិច្ចដោះលែងទៅវិញ ដែលធ្វើឲ្យមតិមហាជនគិតថា នេះប្រហែលជាមានការត្រូវរ៉ូគ្នា ទើបបានជាអាជ្ញាធរដោះលែងវត្ថុតាងបែបនេះ។

photo_2018-12-11_10-24-24.jpg

មន្រ្ដីនគរបាលស្រុកកូនមុំ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ មានក្បួនរថយន្ដរ៉េវ (ប៉ាកុង) ចំនួន៤គ្រឿង បានដឹកសម្ភារកែច្នៃឈើ បើកចេញពីទឹកដីខេត្ដស្ទឹងតែង ឆ្ពោះមកកាន់ស្រុកកូនមុំ តាមផ្លូវជាតិលេខ៧៨ ដោយឆ្លងកាត់ស្រុកលំផាត់ ខេត្តរតនគិរី ក្នុងទិសដៅឆ្ពោះទៅកាន់ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ លុះពេលក្បួនរថយន្ដប៉ាកុងបានបើកមកដល់ទឹកដី នៃភូមិតាអងកាតែ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី ក៏ត្រូវកម្លាំងសមត្ថកិច្ចស្រុក ដែលដឹកនាំដោយលោក សាយ ចំរើន អភិបាលរងស្រុកកូនមុំស្ទាក់ចាប់ ត្រួតពិនិត្យ រកឃើញដែករ៉ៃចំនួនបួនខ្សែ ក្បាលម៉ាស៊ីនចំនួនពីរគ្រឿង និងម៉ាស៊ីនត្រង់សឺន័រចំនួនពីរគ្រឿង ហើយនាំយកទៅរក្សាទុក។

photo_2018-12-11_10-24-29.jpg

មន្រ្ដីនគរបាលដដែល បានបន្ដថា រហូតមកដល់ព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ លោក សាយ ចំរើន អភិបាលរងស្រុកកូនមុំ ដែលដឹកនាំកម្លាំងស្ទាក់ឃាត់ក្បូនរថយន្ដខាងលើនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានថា រថយន្ដទាំង៤គ្រឿងនោះ គឺត្រូវតែរឹបអូសយកមករក្សាទុក នៅក្នុងបរិវេណសាលាស្រុកកូនមុំ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ពីព្រោះរថយន្ដទាំងនេះមានផ្ទុកនូវឧបករណ៍កែច្នៃឈើ។

ដោយឡែកលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ បានប្រាប់សារព័ត៌មាន តាមទូរស័ព្ទ កាលពីរសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញនេះថា ពាក់ព័ន្ធនឹងករណីឃាត់រថយន្ដចំនួន៤គ្រឿងខាងលើ រហូតមកដល់ពេលនេះ មិនទាន់ឃើញអាជ្ញាធរស្រុកកូនមុំ បញ្ជូនសំណុំរឿង និងវត្ថុតាងទាំងនោះ មកកាន់ខណ្ឌរដ្ឋបាលព្រៃឈើនៅឡើយ។

photo_2018-12-11_10-24-17.jpg

ទោះជាយ៉ាងពាក់ព័ន្ធនឹងការស្ទាក់ចាប់រថយន្ដរ៉េវខាងលើនេះ Tnaot News មិនអាចសុំការបញ្ជាក់ពីលោក សេក ហៃ អភិបាលស្រុកកូនមុំ បានទេ នៅមុននេះ។ ប៉ុន្តែបើតាមប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកកូនមុំម្នាក់ សុំលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា រថយន្ដទាំង៤គ្រឿងដែលអាជ្ញាធរស្រុកកូនមុំ បានឃាត់ កាលពីយប់ ថ្ងៃទី៨ ខែធ្នូ នោះ គឺអាជ្ញាធរស្រុកបានសម្របសម្រួលដោះលែងវិញ ហើយ ក្រោយពេលឃាត់បានមួយយប់។ រីឯការដោះលែងនេះ ធ្វើឲ្យគេសង្ស័យថា អាជ្ញាធរស្រុកទំនងជាមានការត្រូវរ៉ូវគ្នាជាមួយនឹងម្ចាស់រថយន្ដទាំងនោះ ទើបមានការដោះលែងបែបនេះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស